ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង លោកជំទាវ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ១០៤ ទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ២០១៥

នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៥ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង លោកជំទាវ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ១០៤ ទិវាសិទ្ធនារីអន្តរជាតិ ៨ មីនា ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងពិធីនេះមានវត្តមាន ឯកឧត្តម លោកជំទាវ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លោកជំទាវរដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងអង្គការ UN Women ឯកឧត្តម ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងអស់។
បន្ទាប់ពីមតិស្វាគមន៏ និង បានស្តាប់ពីរបាយការណ៍ស្តីពី សមិទ្ធផល និងការងារបញ្ជ្របយេនឌ័រនៅក្នុងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ និង មតិចំណាប់ អារម្មណ៍របស់តំណាងអង្គការ UN Women មតិចំណាប់អារម្មណ៍របស់តំណាងក្រសួងកិច្ចការនារី និងជាពិសេសខ្លឹមសារដ៍មានអត្ថន័យនៃព្រះរាសាររបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ រួមមក ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍សំណេះសំណាលរំលឹកពីអត្ថន័យ និងខ្លឹមសារ ជាអន្តរជាតិ ស្តីពីការតស៊ូដើម្បីលុបបំបាត់ ការរើសអើង ប្រឆាំងនឹងស្ត្រី និងទទួលបានសិទ្ធ និងសេរីភាព សង្គម សេដ្ឋកិច្ច នយោបាយទទួលបាន ការអប់រំជាមូលដ្ឋាន ដូចជាបុរស និងដូចជាពលរដ្ឋទូទៅ។ ចំពោះព្រះរាជាណាចក្រ កម្ពុជាយើងវិញ យើងបានផ្តល់សច្ចាប័ន និងចូលរួមនៅក្នុងសន្ធិសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់ ការរើសអើងប្រឆាំងនឹងស្រ្តី និងការលើកតំកើងសិទ្ធសេរីភាពជាមូលដ្ឋាន របស់នារីនិងចងក្រង និងចូលរួមអនុវត្តគោលនយោបាយគាំទ្រដល់ការអភិវឌ្ឍន៏ស្រ្តី និងយេឌ័រ ដូចមានទិសដៅប្រធានបទឆ្នាំនេះ សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម និងដូចដែលប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍន៍។ ចំណែកឯ បញ្ហាដែលកើតមាន និងប្រឈម ចំពោះស្រ្តី និងកុមារ ដែលបានឆ្លងមេរោគអេដស៍ អាជ្ញាធរជាតិបានយកចិត្តទុកដាក់ជាពិសេស អភិវឌ្ឍគោលនយោបាយ គំរោងកម្មវិធីសំដៅ សំរួលអោយស្រ្តី ទទួលបានការថែទាំ ព្យាបាលទាំងផ្នែក វេជ្ជសាស្រ្ត ចិត្តសាស្រ្ត សង្គម និងសេដ្ឋកិច្ច ជាពិសេសចំពោះយុទ្ធនាការចំបងក្នុងការបង្ការការចម្លង មេរោគអេដស៍វិញការបង្ការការចម្លងពីប្តីទៅស្រ្តីជាប្រពន្ធ និងកូនៗ ការពារស្រ្តីក្នុងការចម្លងក្នុង ចំណោមស្រ្តីបំរើសេវាកំសាន្ត គឺជាអាទិភាពដែលអាជ្ញាធរជាតិបាននិងបន្តគិតគូជាចំបង។
បើទោះជា យើងបានខិតខំប្រឹងប្រែងយកចិត្ត ទុកដាក់ លើកតំកើងសិទ្ធស្រ្តី ជាមូលដ្ឋានទាំងគោលនយោបាយនិងគំរោងកម្មវិធីនានា ហើយក៏ដោយ ក៏នៅក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ការបំពេញការងារប្រចាំថ្ងៃ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរអោយយើងទាំងអស់គ្នា គាំទ្រ និងផ្តល់ឱកាស តួនាទីភារកិច្ចអោយបានសមស្របដើម្បីចូលរួម បន្តអនុវត្តការលើកតំកើងសិទ្ធសេរីភាពស្រ្តីនៅក្នុងការិយាល័យ កន្លែងធ្វើការងារ សង្គម គ្រួសារ និងសង្គមជាតិទាំងមូល។
ជាទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ជូនដល់ លោកជំទាវអនុប្រធានអាជ្ញាធរជាតិ លោកជំទាវ លោកស្រី តំណាងគណៈអធបតី និង សមាជិកានៃអង្គពិធីទាំងអស់ ហើយឧត្តមទេសរដ្ឋមន្រ្តី ក៏បានអញ្ជើញលោក ជំទាវ លោកស្រី ឯកត្តម អស់លោកទាំងអស់ទទួលទានអាហារថ្ងៃត្រង់ជាមិត្តភាពផងដែរ។
ឯកសារសម្រាប់ទាញយក