អំពីការឆ្លងមេរោគអេដស៍ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

សំណួរៈ នៅពេលថ្មីៗនេះ មានមតិមួយលើកឡើងថា ការឆ្លងមេរោគអេដស៍នៅឃុំរកាស្រុកសង្កែ បានកើតឡើងជាច្រើនឆ្នាំគឺ៣ឬ៤ឆ្នាំមកហើយ ហេតុដូចម្តេចទើបអាជ្ញាធរមានការភ្ញាក់ផ្អើល ចាត់វិធានការក្នុងពេលនេះ ហេតុដូចម្តេចមិនចាត់ការទប់ស្កាត់កាលពី៣ឬ៤ឆ្នាំមុនមកនេះ?
ចម្លើយៈ ទោះជាយើងឆ្លងមេរោគ៣ឬ៤ឆ្នាំមកហើយយ៉ាងណាក៏ដោយ បើយើងមិនទៅធ្វើតេស្តឈាមទេ ទាំងខ្លួនយើងទាំងអ្នកឯទៀត គ្មាននរណាដឹងថា យើងបានឆ្លងមេរោគអេដស៍នោះឡើយ តាមរយៈការធ្វើតេស្តឈាមនោះ ទើបគេដឹងថា យើងមានផ្ទុកមេរោគអេដស៍ដែរឬទេ? ប្រសិនបើយើងមានផ្ទុកមេរោគអេដស៍ គេអាចពិនិត្យមើលគ្រាប់ឈាម CD4 ថាតើមេរោគនោះចូលមកក្នុងខ្លួនយើង ប៉ុន្មានឆ្នាំហើយ ឬក៏ទើបតែឆ្លងក្នុងពេលថ្មីៗតែប៉ុណ្ណោះ។ ចំពោះករណីអ្នកភូមិរកា អ្នកស្រុកទើបតែសម្រុកមកធ្វើតេស្តឈាមយ៉ាងគំហុកនៅខែធ្នូឆ្នាំ ២០១៤ តែប៉ុណ្ណោះ។