កិច្ចប្រជុំថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

កាលពីរសៀលថ្ងៃច័ន្ទទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលជំនួយមូលនិធិសកលប្រចាំកម្ពុជា ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តមលោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ឯកឧត្តម អស់លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និង អនុប្រធាននាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ គឺ៖
- របាយការណ៍វឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន
- របាយការណ៍ស្តីពីការអនុវត្តកម្មវិធីមូលនិធិសកល
- បញ្ហាផ្សេងៗ ។
ជាកិច្ចចាប់ផ្តើម ឯ.ឧ. ទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ ជាអនុប្រធាន ទីប្រឹក្សា ឯកឧត្តម លោក លោកស្រី ជាអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និង អនុប្រធាននាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាពិសេសបានអបអរសាទរជូនចំពោះ ឯកឧត្តម លី ពេញស៊ុន ដែលទើបនិងទទួលបាន ការតែងតាំងជាប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និង ជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលជាអនុប្រធានទី១នៃ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ ។ ជាកិច្ចបន្ទាប់ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតិអោយថ្នាក់ដឹក នាំអគ្គលេខាធិការដ្ឋាន ជំរាបរាយការណ៍ជូនអង្គប្រជុំអំពីវឌ្ឍភាពនៃការងារដែលបានអនុវត្ត នាពេលកន្លងមក និង គំរោងទិសដៅ សកម្មភាពការងារសំខាន់ៗក្នុងខែបន្តបន្ទាប់សំរាប់ឆ្នាំថ្មី ២០១៥នេះ ។ អង្គប្រជុំបានស្តាប់នូវ សមិទ្ធផលការងារដែលអគ្គលេខាធិការដ្ឋានសំរេចបាន និងចំណុចនៅសេសសល់ ដែលត្រូវលើកយកមកពិភាក្សា សុំអនុសាសន៍ពីថ្នាក់ដឹកនាំដើម្បី ឈានទៅសំរេច ឬរកដំណោះស្រាយសមស្របតាមស្ថានភាពជាក់ស្តែង និង ទាន់ពេល វេលា។
អង្គប្រជុំក៏បានស្តាប់របាយការណ៍បច្ចុប្បន្នភាពនៃការអនុវត្តគំរោងមូលនិធិសកល របស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍និងបច្ចុប្បន្នភាពនៃការរៀបចំឯកសារបង្ហាញទស្សនៈ សំណើគំរោងទៅមូលនិធិសកល តាមទំរង់បែបបទថ្មីនៃការផ្តល់មូលនិធិសកល និង ជា ពិសេសការត្រៀមលក្ខណៈដើម្បីឆ្លើយតបនិងអនុវត្តសម្មភាពគំរោងថ្មីបន្ទាប់ពីសំណើគំរោងត្រូវបានអនុម័តដោយមូលនិធិសកល ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានផ្តល់អនុសាសន៍ ដូចតទៅ៖
- អបអរសាទចំពោះសមិទ្ធផលដែលអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ទទួលកន្លងមក ទាំងតាមរយៈអគ្គលេខាធិការដ្ឋាន រួមទាំងនាយកដ្ឋានទាំងអស់ ។
- សំដែងការកោតសរសើរចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុក ដាក់បំពេញភារកិច្ចដោយយកចិត្តទុកដាក់ក្នុងវិន័យឯកភាពនិងសាមគ្គីភាព ។
- ណែនាំមន្ត្រីរាជការទាំងថ្នាក់ដឹកនាំ ទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អោយបន្តយក ចិត្តទុកដាក់បំពេញភារកិច្ចរៀងខ្លួនអោយមានប្រសិទ្ធភាព វិន័យ និង សាមគ្គីភាព ត ទៅទៀត ។
- ណែនាំអោយអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ និង ក្រសួងសុខាភិបាលអោយបន្ត សហការគ្នាល្អតទៅទៀត ដូចជាចែករំលែកព័ត៌មាន ឬទិន្នន័យដែលមាន ឬដែល ទទួលបានពីមូលដ្ឋាន ឧទាហរណ៍ករណីឆ្លងមេរោគអេដស៍នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ។
- ណែនាំអោយមានការចុះទៅមូលដ្ឋាន ដើម្បីស្វែងយល់អំពីសភាពការណ៍នៃការ ប្រយុទ្ធនឹងជំងឺអែដស៍ និងអំពីកិច្ចសហការរវាងអង្គភាពឬស្ថាប័នពាក់ព័ន្ធ ។
- ណែនាំអោយត្រៀមរៀបចំប្រជុំក្រុមប្រឹក្សាគោលនយោបាយលើកទី១ អោយបាន នៅត្រឹមត្រីមាសទី១ ឆ្នាំ២០១៥ ។ (ត្រៀមឯកសារពាក់ព័ន្ធ)
- ណែនាំអោយ វេជ្ជបណ្ឌិត ទា ផលា ធ្វើបច្ចុប្បន្នភាពឯកសារទាំងឡាយដែលបាន កំណត់កាលពីសន្និបាតប្រចាំឆ្នាំ ២០១៤ ។
- ណែនាំនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ ពិនិត្យខ្ទង់ចំណាយថវិកាជាតិ ដែលត្រូវសុំកែ សម្រួលធ្វើនិយ័តភាព ដើម្បីអោយអាចប្រើប្រាស់បានត្រឹមត្រូវតាមច្បាប់។
- ណែនាំអោយអគ្គលេខាធិការដ្ឋានពិនិត្យឡើងវិញ នូវឯកសារបទដ្ឋានទាក់ទងនិងការ អនុវត្តច្បាប់ ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគ អេដស៍/ ជំងឺអេដស៍។
- ណែនាំអោយនាយកដ្ឋាននីមួយៗ ធ្វើបច្ចុប្បន្នភាពឯកសារដែលត្រូវ ផ្សព្វផ្សាយតាម Website។
មុននិងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំបង្ហាញ ឯកឧត្តម ជួន វុឌ្ឍី ដែលមានតួនាទីជាទីប្រឹក្សាថ្មីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ជូនចំពោះសមាជិកនៃអង្គប្រជុំ ។ នាចុងបញ្ចប់ឯកឧត្តមប្រធានអង្គប្រជុំ បានជូនពរដល់សមាជិកនៃអង្គប្រជុំទទួល បាននូវជោគជ័យក្នុងពេលបំពេញភារកិច្ច ។ អង្គប្រជុំបានបញ្ចប់នាថ្ងៃដដែលវេលាម៉ោង ៤:៣០ រសៀល។