ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេសរបស់មូលនិធិសកល

នាវេលាម៉ោង ២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៥ នៅទីស្នាក់ការកណ្តាលអាជ្ញាធរ ជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មាធិការសម្របសម្រួលប្រចាំ ប្រទេសកម្ពុជា (CCC) របស់មូលនិធិសកល ក្រោមអធិបតីភាពរបស់ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំ កម្ពុជា ។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ អ្នកតំណាងមូលនិធិសកល សមាជិកគណៈ កម្មាធិការប្រតិបត្តិរបស់គណៈកម្មាធិការសម្របសម្រួលប្រចាំប្រទេស (CCC) អ្នកតំណាងមកពី ក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិមកពី WHO, UNAIDS, ដៃគូអភិវឌ្ឍន៍ដែលមាន តំណាងស្ថានទូតបារាំង អាល្លឺម៉ង់ និង សហរដ្ឋអាម៉េរិក សង្គមស៊ីវិលដែលមាន អង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ គ្រឹះស្ថានឧត្តមសិក្សា និង វិស័យឯកជន។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖
- សេចក្តីព្រាងកំណត់បង្ហាញទស្សនៈអំពីការពង្រឹងប្រព័ន្ធសុខាភិបាល
- បច្ចុប្បន្នភាពអំពីកម្មវិធីជំងឺគ្រុនចាញ់
- គោលការណ៍ណែនាំរបស់មូលនិធិសកលស្តីពីប្រាក់លើកទឹកចិត្តតាមគំរូហិរញ្ញប្បទានថ្មី
- ផ្សេងៗ។
ជាកិច្ចចាប់ផ្តើម ឯ.ឧ. ទេសរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍ចំពោះអ្នកចូលរួមទាំងអស់ និង បានឱ្យអង្គប្រជុំមានយោបល់អំពីរបៀបវារៈ ព្រមទាំងប្រកាសអំពីទំនាស់ផលប្រយោជន៍ ប្រសិនបើមាន ។ អង្គប្រជុំបានស្តាប់បទបង្ហាញអំពីកំណត់បង្ហាញទស្សនៈ ដោយក្រុមអ្នកសរសេរ ។ បន្ទាប់ មកគណៈម្មាធិការ ៖ ១) ធ្វើការបោះឆ្នោតគាំទ្រកំណត់បង្ហាញទស្សនៈសម្រាប់ការពង្រឹងប្រព័ន្ធ សុខាភិបាល និង ២)បោះឆ្នោតគាំទ្រអ្នកទទួលជំនួយផ្ទាល់សម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ អង្គប្រជុំក៏បានស្តាប់នូវការផ្តល់សក្ខីកម្មដោយសង្ខេបពី ការចូលរួមស្វែងយល់ក្នុងកិច្ចសន្ទនាថ្នាក់ ជាតិពីប្រជាជនដែលរងផលប៉ះពាល់ ។
អង្គប្រជុំបានធ្វើការពិនិត្យមើលលើបច្ចុប្បន្នភាពអំពីកម្មវិធីជំងឺគ្រុនចាញ់ដូចជា ៖ ១) លទ្ធផលនៃការជ្រើសរើសអ្នកទទួលជំនួយបន្តពីថវិកាជំនួយតាមគំរូហិរញ្ញប្បទានថ្មី ២) កំណត់ បង្ហាញទស្សនៈជំងឺគ្រុនចាញ់ ៖ ការឆ្លើយតបមកវិញពីគណៈកម្មការវាយតម្លៃបច្ចេកទេស និង ៣) ការរៀបចំឡើងវិញគម្រោងផ្តួចផ្តើម Artemisinin ប្រចាំតំបន់សម្រាប់ជំងឺគ្រុនចាញ់ ។
បន្ទាប់មកអង្គប្រជុំក៏ធ្វើការពិភាក្សាលើ គោលការណ៍ណែនាំរបស់មូលនិធិសកលស្តីពីប្រាក់ លើកទឹកចិត្តតាមគំរូហិរញ្ញប្បទានថ្មី ដោយពិនិត្យមើល ១) លក្ខខណ្ឌពីមុននៅក្នុងថវិកាជំនួយជំងឺ របេង និង ២) អំពីស្ថានភាពនៃថវិកាលើកទឹកចិត្តដែលបានរៀបចំជាផែនការនៅក្នុងរាល់ថវិកា ជំនួយតាមគំរូហិរញ្ញប្បទានថ្មី ។
ចំពោះកិច្ចការផ្សេងៗ អង្គប្រជុំបានពិភាក្សាលើ ១) សេចក្តីព្រាងកាលវិភាគប្រជុំរបស់គណៈ កម្មាធិការសម្របសម្រួលប្រចាំប្រទេសឆ្នាំ២០១៥ និង ២) ផែនការទស្សនកិច្ចរបស់មូលនិធិសកល នាពេលខាងមុខ ។
នៅទីបញ្ចប់ឯ.ឧ. ទេសរដ្ឋមន្រ្តីប្រធានអង្គប្រជុំបានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំង អស់ មកពីក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា តំណាងអង្គការសហប្រជាជាតិដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និង អ្នកតំណាងប្រជាជនដែលរងផលប៉ះពាល់ ដែលបានរួមចំណែកយ៉ាងសំខាន់ និង ធ្វើការពិភាក្សាយ៉ាងសកម្ម ។