កិច្ចប្រជុំប្រចាំខែធ្នូរបស់ថ្នាក់ដឹកនាំអាជ្ញាធរអេដស៍

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានបើកកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែធ្នូ កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូឆ្នាំ២០១៤ ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនៃរាជរដ្ឋាភិបាលកម្ពុជានិង ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅទីស្នាក់ការនៃអាជ្ញាធរក្នុងរាជធានីភ្នំពេញ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម លោកជំទាវ ជាអនុប្រធានឯកឧត្តម ទីប្រឹក្សា ឯកឧត្តម អស់លោក ជា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាន និង អនុប្រធាននាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗចំនួន៣ គឺ៖
- របាយការណ៍វឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន
- របាយការណ៍ស្តីពីការអនុវត្តកម្មវិធីមូលនិធិសកល
- បញ្ហាផ្សេងៗ ។
បន្ទាប់ពីប្រកាសបើកកិច្ចប្រជុំឯកឧត្តមប្រធានបានអនុញ្ញាតឱ្យ ឯ.ឧ. វេជ្ជ. ហោ ប៊ុនឡេង ឡើងធ្វើរបាយការណ៍វឌ្ឍនភាពរបស់អគ្គលេខាធិការដ្ឋាន ជំនួស ឯ.ឧ. វេជ្ជ. តែង គន្ធី ដែលអវត្តមាន ។ ឯ.ឧ. វេជ្ជ. ហោ ប៊ុនឡេង បានលើកឡើងពីកិច្ចការងារដែលត្រូវធ្វើបន្ត នៅក្នុងរយៈពេល២-៣ខែដើមឆ្នាំខាងដូចជា ៖ ផែនការយុទ្ធសាស្រ្តជាតិដំណាក់កាលទី៤ របាយការណ៍ទៅអង្គការសហប្រជាជាតិ និង ការចុះធ្វើអង្កេតនៅប៉ោយប៉ែត ក្រោមជំនួយ ឧបត្ថម្ភរបស់អង្គការ UNWOMEN ។
ឯ.ឧ. ទេសរដ្ឋមន្រ្តីបានជម្រាបអង្គប្រជុំអំពីហេតុការណ៍ដែលបានកើតឡើងនៅឃុំរកា ខេត្ត បាត់ដំបងនាពេលថ្មីៗនេះ ដែលតម្រូវឱ្យមានការរៀបចំកិច្ចប្រជុំក្រុមបច្ចេកទេសក្រៅសុខា ភិបាលពាក់ព័ន្ធនឹងការប្រឹក្សាយោបល់ និង ការថែទាំតាមផ្ទះ ។ ឯ.ឧ.បានបញ្ជាក់ថា ប្រជាជននៅឃុំរកាមានអារម្មណ៍ខ្មាសគេ និង បាក់ទឹកចិត្ត ។ ដូចដែលយើងបានដឹង ថវិការបស់អង្គការក្រៅរដ្ឋាភិបាលនឹងអស់នៅថ្ងៃនេះ ។ ដូច្នេះក្រុមបច្ចេកទេសនឹងរួមមាន អ្នកតំណាងមកពី ក្រសួងពាក់ព័ន្ធដូចជា ក្រសួងសង្គមកិច្ច ក្រសួងអប់រំ យុវជន និង កីឡា ក្រសួងការងារ ។ល។ ឯ.ឧ.ទេសរដ្ឋមន្រ្តីបានបន្តថា យើងនឹងណែនាំឱ្យពួកគាត់រៀបចំ គម្រោងថវិកាបន្ថែម ព្រោះថាប្រជាជនក្រោយពីដឹងថាមានជំងឺលែងចង់ធ្វើការ ។ យើងនឹង ទាក់ទងជាមួយអង្គការមួយចំនួនដូចជា Caritas និង កម្មវិធីស្បៀងអាហារពិភពលោក (WFP) ឱ្យជួយអង្ករឡើងវិញ ។
ឯ.ឧ. ទេសរដ្ឋមន្រ្តីបានបន្តថា រលកទី២អាចនឹងផ្ទុះឡើង ត្រូវបានបង្ហាញឱ្យឃើញច្បាស់ ដូចជាករណីនៅឃុំរកា ។ ឯករណីអ្នកជំងឺធ្ងន់ ៣នាក់ នៅខេត្តព្រះសីហនុ ដែលនៅក្រៅ ប្រព័ន្ធសុខាភិបាល និង ដូចដែល ឯ.ឧ. ស៊ឹម គឹមសាន បានលើកឡើងថា មានករណីឆ្លងថ្មី ៥០ នៅខេត្តព្រៃវែងនោះ ជាអ្វីដែលយើងត្រូវសិក្សាស្រាវជ្រាវ ។
លោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត់ បានធ្វើរបាយការណ៍អំពីការអនុវត្តកម្មវិធីមូលនិធិសកល ជំនួស ឯ.ឧ. វេជ្ជ. ទា ផលា ដែលជាប់បំពេញបេសកកម្មនៅខេត្តព្រះវិហារ ដោយបាន លើកឡើងពីការកាត់បន្ថយថវិកានៅឆ្នាំ២០១៥ ។ ក្នុងនោះ ថវិកាសម្រាប់អ្នកជំនួយការ ព័ត៌មានវិទ្យាម្នាក់ និង អ្នកបើកបររថយន្ត ២នាក់ក្នុងចំណោម ៤នាក់ នឹងមិនមានសម្រាប់ ការចំណាយទៀតឡើយ ។ បន្ទាប់មក ឯ.ឧ. ទេសរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ឱ្យ ឯ.ឧ. វេជ្ជ. ទា ផលា និង លី ពេញស៊ុន ធ្វើការសិក្សាពីបញ្ហានេះ ព្រោះថាយើងពិតជាត្រូវ ការអ្នកជំនួយការព័ត៌មានវិទ្យា ។
បន្ថែមលើនោះ ឯ.ឧ. ទេសរដ្ឋមន្រ្តីបានផ្តល់ជាអនុសាសន៍ឱ្យ ឯ.ឧ. វេជ្ជ. ហោ ប៊ុនឡេង លើកជាសំណើសុំជំនួយទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ ឯ.ឧ. បានបញ្ជាក់បន្ថែមថា មាន កិច្ចការងារជាច្រើនដែលយើងត្រូវធ្វើក្នុងឆ្នាំ២០១៥ ដូចជា ការរៀបចំស្តង់ដារក្នុងការប្រើ ប្រាស់ម្ជុលជាដើម ។ ករណីអ្នកផ្តល់សេវាសុខាភិបាលដែលគ្មានអាជ្ញាប័ណ្ណដូចជា លោក យ៉ែម ជ្រិន តម្រូវឱ្យយើងធ្វើការពិនិត្យឡើងវិញ ។ ចាប់ពីដើមឆ្នាំក្រោយ អនុប្រធានអាជ្ញាធរ ទាំងអស់អាចចុះទៅធ្វើបេសកកម្មតាមខេត្តនានាដើម្បីស្វែងរកការពិតពីជំងឺអេដស៍ ។
មុននឹងបញ្ចប់កិច្ចប្រជុំ ឯ.ឧ. ទេសរដ្ឋមន្រ្តីបានប្រកាសអបអរសាទរចំពោះការតែងតាំង
- លោកវេជ្ជ. វ៉ឹង យ៉ាណាត ជាប្រធាននាយកដ្ឋានបង្ការ ថែទាំ និង គាំទ្រ ជំនួស លោក យង់ សុវឌ្ឍនា ដែលទទួលភារកិច្ចថ្មី
- លោក ស៊ន ពិសិដ្ឋ ជាប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុជំនួស
- ឯ.ឧ. ឈឹម ឃិនដារ៉េត ដែលត្រូវបានតែងតាំងជាអគ្គលេខាធិការរង អាជ្ញាធរ និង
- ឯ.ឧ. ជួន វុឌ្ឍី ជា ទីប្រឹក្សា ជំនួសឯ.ឧ. ឡឹម ពេជ្ញពិសី ។
នៅទីបញ្ចប់ ឯ.ឧ. ទេសរដ្ឋមន្រ្តីបានជូនពរសមាជិក-សមាជិកាអង្គប្រជុំទាំងអស់ក្នុងឆ្នាំថ្មី និង បានប្រកាសបិទអង្គប្រជុំ ក្រោមបរិយាកាសស្និទ្ធស្នាល ។