ឯ.ឧ. ស ខេង ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋនៅ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង

កាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៤ ឯ.ឧ. ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទីអមដំណើរដោយ ឯ.ឧ. ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ញឺអេដស៍និង ឯ.ឧ. ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើដំណើរចុះទៅសួរសុខទុក្ខនិងធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ៧០០នាក់នៅឃុំរកាស្រុកសង្កែខេត្តបាត់ដំបង។ក្រោយពីបានស្តាប់របាយការណ៍និងសន្ទរកថាស្វាគមន៍របស់ ឯ.ឧ. ច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្តបាត់ដំបង ឯ.ឧ. ទេសរដ្ឋមន្ត្រីប្រធានអាជា្ញធរជាតិប្រយុទ្ធនឹងជម្ញឺអេដស៍បានឡើងថ្លែងមតិជំរាបប្រជាពលរដ្ឋកុំឲ្យមានការបារម្ភខ្លាំងពេកក្នុងករណីនៃការឆ្លងមេរោគអេដស៍នៅក្នុងឃុំដោយហេតុថាប្រទេសកម្ពុជាយើងមានប្រព័ន្ធសេវាព្យាបាលជម្ងឺអេដស៍ប្រកបដោយប្រសិទ្ធភាពមានវេជ្ជបណ្ឌិតព្យាបាលមានជំនាញពិតប្រាកដនិង មានថ្នាំព្យាបាលគ្រប់គ្រាន់ទោះបីជានៅពេលបច្ចុប្បន្នមូលនិធិសកលបានបន្ថយជំនួយហិរញ្ញវត្ថុខ្លះៗយ៉ាងណាក៏ដោយ។ឯ.ឧ.ប្រធានអាជ្ញាធរអេដស៍បញ្ជាក់ថារាជរដ្ឋាភិបាលបានត្រៀមថវិកាសម្រាប់ឆ្នាំ២០១៥ចំនួន១លានដុល្លារស.រ.អាដើម្បីរួមចំណែកទិញថ្នាំព្យាបាលជម្ងឺអេដស៍ ក្នុងចំណាយប្រចាំឆ្នាំផ្នែកថ្នាំ១០លានដុល្លារស.រ.អាក្នុង១ឆ្នាំ។ សម្រាប់ឆ្នាំ ២០១៦ និង ២០១៧ រាជរដ្ឋាភិបាលនឹងត្រៀមថវិកាចំនួន ១,២ លានដុល្លារ និង ១,៥ លានដុល្លារ ដើម្បីចូលរួមចំណែកទិញថ្នាំ។ដូច្នេះប្រជាពលរដ្ឋដែលក្រោយពីបានពិនិត្យឈាមឃើញមានមេរោគអេដស៍មិនត្រូវព្រួយបារម្ភពេកទេព្រោះអត្តសញ្ញាណរបស់ពួកគាត់ត្រូវបានកត់បញ្ចូលក្នុងបញ្ជីនៃអ្នកដែលត្រូវទទួលសេវាព្យាបាលរួចទៅហើយ។
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានលើកឧទារហណ៍ស្តីអំពីការឆ្លងមេរោគអេដស៍នៅក្នុងភូមិនៅប្រទេសប៉ាគីស្ថានកាលពីឆ្នាំ ២០០៨ ដែលអ្នកស្រុកស្ទើរតែពេញភូមិបានឆ្លងមេរោគអេដស៍ដោយសារគ្រូពេទ្យប្រចាំភូមិគ្មានវិជ្ជាជីវៈពិតប្រាកដនិងប្រើស៊ីរ៉ាំងនិងម្ជុលខុសស្តង់ដារសុខាភិបាល។ ជាមួយនោះឯ.ឧ.ទេសរដ្ឋមន្រ្តីប្រធានអាជ្ញាធរអេដស៍ក៏បានអំពាវនាវឲ្យប្រព័ន្ធផ្សព្វផ្សាយអ្នកកាសែតនិងអ្នកទូរទស្សន៍សូមជួយរក្សាការសម្ងាត់របស់អ្នកផ្ទុកមេរោគអេដស៍ដើម្បីជៀសវាងការរើសអើង។ពួកគេមិនត្រូវបានបង្ហាញអត្តសញ្ញាណរបស់អ្នករងគ្រោះនោះឡើយ។ច្បាប់ស្តីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍/ ជំងឺអេដស៍បានហាមមិនឲ្យបែកធ្លាយកាសំងាត់នឹងហាមមិនឲ្យមានការរើសអើងអ្នកមានមេរោគអេដស៍។ ឯ.ឧ. ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានឡើងបញ្ចេញមតិប្រហាក់ប្រហែលឯ.ឧ.ប្រធានអាជ្ងាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ដែលដោយគូសបញ្ចាក់ចំពោះអ្នកមានជម្ងឺមិនបាច់បង់ថ្លៃព្យាបាលឡើយ។
ឯ.ឧ. ស ខេង ឧបនាយករដ្ឋមន្រ្តីក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទីបានធានាក្នុងនាមរាជរដ្ឋាភិបាលថានឹងយកចិត្តទុកដាក់ជាទីបំផុតដើម្បីព្យាបាលអ្នកជម្ងឺអេដស៍ទាំងអស់ឲ្យអាចរស់នៅបានដូចប្រជាពលរដ្ឋធម្មតា។ ឯ.ឧ.ឧបនាយករដ្ឋមន្រ្តីនិងជានាយករដ្ឋមន្ត្រីស្តីទីក៏បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយបណ្ដាអ្នកសារព័ត៏មានអ្នកទូរទស្សន៍ឲ្យជួយរក្សាការសំងាត់អំពីអត្តសញ្ញាណរបស់អ្នកផ្ទុកមេរោគអេដស៍និងការពារកុំឲ្យមានការរើសអើងអ្នកជម្ងឺទាំងនោះ។ ឯ.ឧ.ឧបនាយករដ្ឋមន្ត្រី ស ខេង ក្នុងឋានៈជានាយករដ្ឋមន្ត្រីស្តីទីបាននាំយកអំណោយមនុស្សធម៌មួយចំនួនចែកជួនប្រជាពលរដ្ឋចូលរួមបន្ទាប់មកក៏អញ្ជើញចុះទៅពិនិត្យមណ្ឌលសុខភាពឃុំរកានិងសំណេះសំណាលជាមួយបុគ្គលិកនៅនោះផងដែរ។