ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុង ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ជំហានទៅមុខក្នុងការគាំពារសង្គមដោយការយកចិត្តទុកដាក់ខ្ពស់ លើមេរោគអេដស៍នៅកម្ពុជា

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា មានរៀបចំ សិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ជំហានទៅមុខក្នុងការគាំពារសង្គមដោយការយកចិត្តទុកដាក់ខ្ពស់ លើមេរោគអេដស៍នៅកម្ពុជា ក្រោមអធិបតីភាពរបស់ ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និង ជាប្រធានគណៈកម្មាធិការសម្របសម្រួលប្រចាំកម្ពុជា (CCC) ។
សិក្ខាសាលានេះធ្វើឡើងដើម្បី ធ្វើការពិគ្រោះផ្លាស់ប្តូរយោបល់អំពី ជំហានទៅមុខក្នុងការ គាំពារសង្គមដោយយកចិត្តទុកដាក់ខ្ពស់លើមេរោគអេដស៍នៅកម្ពុជា ដែលមានអ្នកចូលរួម ប្រមាណជាជិត ១០០នាក់ មកពីប្រទេសក្នុងតំបន់ ដៃគូបច្ចេកទេសមកពីអង្គការ UNAIDS, UNDP និង អ្នកតំណាងមកពីក្រសួងពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ ។មានប្រសាសន៍នៅក្នុងពិធីបើក ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងពីជោគ ជ័យដែលគួរឱ្យមានមោទនៈក្នុងការប្រយុទ្ធនឹងមេរោគអេដស៍នៅកម្ពុជា ដែលអត្រាឆ្លងមេរោគ អេដស៍បានបន្តថយចុះជាប្រចាំ ។ អត្រាឆ្លងកំពុងស្ថិតនៅក្នុងរង្វង់ ០,៧ និង ០,៦ សម្រាប់ឆ្នាំ ២០១៣ ក៏ប៉ុន្តែអត្រានេះអាចនឹងថយចុះមក ០,៤ ក្នុងពេលឆាប់ៗនេះ ។
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍ចំពោះគំនិតរាប់បញ្ចូលអ្នកផ្ទុកមេរោគអេដស៍ និង អ្នក រងផលប៉ះពាល់ខ្លាំង ដោយមេរោគអេដស៍ ក្នុងចំណោមអ្នកដែលត្រូវធ្វើអត្តសញ្ញាណកម្មជនក្រីក្រ (ID Poor)ដើម្បីឱ្យជនទាំងនោះ អាចទទួលផលតាមរយៈមូលនិធិសមធម៌ ។ ឯ.ឧ. គូសបញ្ជាក់ថា តាមធម្មតា អ្នកជំងឺអេដស៍នឹងស្លាប់ បើគេគ្មានមធ្យោបាយទៅទទួលសេវាព្យាបាល ។ យ៉ាងណា មិញ បើមានតែថ្នាំតែអត់មធ្យោបាយទៅយកថ្នាំនោះ ពួកគេក៏នៅតែ រងគ្រោះដដែល ។
នៅទីបញ្ចប់ ឯ.ឧ.ទេសរដ្ឋមន្រ្តីបានប្រសិទ្ធពរឱ្យសមាជិក-សមាជិកាអង្គសិក្ខាសាលា ទាំងមូល មានសុខភាពល្អ កម្លាំងមាំមួន និង ប្រាជ្ញាឈ្លៀសវៃ ។
ឯកសារសម្រាប់ទាញយក