សកម្មភាពរបស់ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ចូលរួមក្នុង សន្និសីទអន្តរជាតិលើកទី២០ ស្តីពីជំងឺអេដស៍ នៅម៉ែលប៊ន ប្រទេសអូស្រ្តាលី

យប់ថ្ងៃទី១៩ កក្កដា នៅ រ៉ាហ៊ីន ៖
ឯ.ឧ. ទេសរដ្ឋមន្រ្តី និងលោកជំទាវ បានចូលរួមពិធីលាងសាយភោជន៍ស្វគមន៍ពេលល្ងាច ដែលរៀបចំដោយឧបនាយករដ្ឋមន្រ្តីអូស្រ្តាលី វ៉ារេន ត្រូស (Warenn Truss) ។ នៅក្នុងពិធីនោះ ឯ.ឧ.ទេសរដ្ឋមន្រ្តី បានជួបជាមួយមន្ត្រីជាន់ខ្ពស់សំខាន់ៗដែលធ្វើការក្នុងការប្រយុទ្ធនឹងមេរោគ អេដស៍/ជំងឺអេដស៍ ដូចជា ៖ មីសែល ស៊ីឌីបេ (Michel Sidibé) អគ្គលេខាធិការរងអង្គការសហ ប្រជាជាតិ និងជា នាយកប្រតិបត្តិ UNAIDS ឯកអគ្គរដ្ឋទូត ហ្វីលីព មឺនីញ៉េ (Phillippe Meunier) របស់បារាំង គ្រីស បីរឺ (Chris Beyrer) អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអេដស៍ ប្រធានជាប់ឆ្នោត នៃសមាគមអេដស៍អន្តរជាតិ និង មន្រ្តីជាច្រើនទៀត ។
ថ្ងៃទី២០កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានចូលរួមនៅក្នុងពិធីបើកសន្និសីទអេដស៍ ឆ្នាំ២០១៤ ដែលនៅទីនោះ ឯ.ឧ. ទេសរដ្ឋមន្រ្តីបានជួបជាមួយឧបនាយករដ្ឋមន្រ្តី វ៉ារេន ត្រូស ជាថ្មីម្តងទៀត និង ជួបជាមួយអតីត ប្រធានតុលាការ ម៉ៃឃើល គឺប៊ី (Michael Kirby)។
ថ្ងៃទី២១ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អមដំណើរដោយ ឯ.ឧ. តែង គន្ធី អគ្គលេខាធិការអាជ្ញាធរ និង វេជ្ជបណ្ឌិត រស់ សីលាវ៉ាត់ អគ្គលេខាធិការរងអាជ្ញាធរ បានជួបប្រជុំជាមួយ ប្ល៊ែរ អ៊ិចសែល (Blair Excell) អនុរដ្ឋមន្រ្តីទី១ នៃក្រសួងការបរទេស និង ពាណិជ្ជកម្ម ។ ប្រធានបទនៃកិច្ចពិភាក្សាគឺ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីក្នុងការប្រយុទ្ធ នឹងមេរោគអេដស៍/ជំងឺអេដស៍ ការលើកកម្ពស់ប្រព័ន្ធដំណើរការក្នុងប្រទេសកម្ពុជា និង ការត្រៀម របស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសមាជអន្តរជាតិស្តីពីជំងឺអេដស៍នៅអាស៊ី និង ប៉ាស៊ីហ្វិក (ICAAP) នៅឆ្នាំ២០១៧ ។
រសៀលថ្ងៃទី២១ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានចូលរួមក្នុងពិធីជប់លៀងដែលរៀបចំដោយ សាស្រ្តាចារ្យ បេត ជីល (Bates Gill) ប្រធានអគ្គនាយកមជ្ឈមណ្ឌលអាម៉េរិកវិទ្យា វេជ្ជបណ្ឌិត ស្តេហ្វិន ម៉ូរីសុន (Stephen Morisson) អនុប្រធាន និងនាយកមជ្ឈមណ្ឌលយុទ្ធសាស្រ្ត និង អន្តរជាតិវិទ្យា និង អគ្គកុងស៊ុលសហរដ្ឋ អាមេរិក ។ នៅក្នុងពិធីនោះ ឯ.ឧ.ទេសរដ្ឋមន្រ្តីបានជួបជាឯកអគ្គរដ្ឋ ទូតអាម៉េរិកប្រចាំអូស្រ្តាលី ចន ប៊ែរី (John Berry) និង ម៉ាក ឌីប៊ុល (Mark Dybul) អគ្គនាយកមូលនិធិសកលសម្រាប់ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់ ។
ព្រឹកថ្ងៃទី២២ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គដើម្បីស្តាប់បទបង្ហាញរបស់ ម៉ាក ឌីប៊ុល អគ្គនាយកមូលនិធិសកល ។
រសៀលថ្ងៃទី ២២ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានចូលរួមក្នុងពិធីជប់ លៀងពេលល្ងាចដែលរៀបចំដោយរដ្ឋមន្រ្តីសុខាភិបាលនៃរដ្ឋវ៉ិចតូរីយ៉ា ឯ.ឧ. ដាវីដ ដាវី (David Davis) និង រដ្ឋមន្រ្តីសុខាភិបាលរដ្ឋញូវសាវវ៉េល ឯ.ឧ. ជីលៀន ស្គីន័រ (Jillian Skinner)។ ឯ.ឧ.ទេសរដ្ឋមន្រ្តី បានជួបសំណេះសំណាលជាមួយរដ្ឋមន្រ្តីទាំងពីររូប ក៏ដូចជាមន្រ្តីជាន់ខ្ពស់ដទៃ ទៀតដែលមកពី ប្រទេសស្រីលង្កា និង នេប៉ាល់ផងដែរ។
ព្រឹកថ្ងៃទី២៣ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គ ។
រសៀលថ្ងៃទី២៣ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តីបានជួបជាមួយគណៈប្រតិភូបារាំង ដើម្បីផ្លាស់ប្តូរយោបល់អំពីវិធីក្នុងការពង្រឹង កិច្ចសហប្រតិបតិ្តការទ្វេភាគីក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ។
ល្ងាចថ្ងៃទី២៣ កក្កដា ៖
ឯ.ឧ.ទេសរដ្ឋមន្រ្តី និង លោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងពេលល្ងាចដែលរៀបចំ ដោយអភិបាលរដ្ឋវ៉ិចតូរីយ៉ា ឯ.ឧ. អាឡិច ឆេនូវ និង លោកជំទាវ អេលីហ្សាបេត ឆេនូវ (H. E. Alex Chernov & Mrs. Elizabeth Chernov) ។ ឯ.ឧ.ទេសរដ្ឋមន្រ្តីបានជួបសំណេះសំណាលជាមួយ ឯកឧត្តមអភិបាលរដ្ឋ ។ នៅពេលនោះ ឯ.ឧ.ទេសរដ្ឋមន្រ្តីក៏មានឱកាសផ្លាស់ប្តូរយោបល់ជាមួយ សាស្រ្តាចារ្យ សារ៉ូន ឡឺវីន (Sharon Lewin) សហប្រធានសន្នីសីទអន្តរជាតិលើកទី២០ស្តីពីជំងឺ អេដស៍ផងដែរ ។ សាស្រ្តាចារ្យ ឡឺវីន ក៏បានកោតសរសើរកម្ពុជាចំពោះជោគជ័យក្នុងការអនុវត្ត កម្មវិធីប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ ។
ថ្ងៃទី២៤ កក្កដា ៖
នៅវេលាម៉ោង ១០ព្រឹក ឯ.ឧ.ទេសរដ្ឋមន្រ្តី ដែលអមដំណើរដោយ ឯ.ឧ.វេជ្ជ. ស៊ឹម គឹមសែន អនុប្រធានអាជ្ញាធរ ឯ.ឧ.វេជ្ជ. តែង គន្ធី អគ្គលេខាធិការអាជ្ញាធរ ឯ.ឧ.វេជ្ជ. ហោ ប៊ុនឡេង និង វេជ្ជ. រស់ សីលាវ៉ាត់ អគ្គលេខាធិការរងអាជ្ញាធរ និងលោកស្រីវេជ្ជ. ងិន លីណា បានជួបពិភាក្សាការងារ ជាមួយ ប៉ូល រ៉ាតបូន (Paul Rathbone) នាយកប្រតិបត្តិនៃវិទ្យាស្ថាន ប៊ឺណេត (BurnetInstitute) ។ កិច្ចពិភាក្សាផ្តោតទៅលើកិច្ចសហប្រតិបត្តិការក្នុងវិស័យស្រាវជ្រាវ និង កិច្ចការផ្សេងៗទៀត ។
ថ្ងៃទី២៥ កក្កដា៖
ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានផ្តល់កិច្ចសម្ភាសន៍ មួយជាមួយនឹងកម្មវិធីភាសាខ្មែររបស់វិទ្យុអេប៊ីស៊ី (ABC Radio Khmer program) ។ ឯកឧត្តម ទេសរដ្ឋមន្រ្តីបានឆ្លើយនឹងសំណួររបស់លោក យុទ្ធ ឈាង អំពីលទ្ធផលនៃសន្និសីទលើកទី២០ស្តីពី ជំងឺអេដស៍ ក៏ដូចជាដំណើរវិវឌ្ឍន៍នយោបាយចុងក្រោយនៅកម្ពុជា ។ សំណួរ និង ចម្លើយនៅក្នុង កិច្ចសម្ភាសន៍នោះមានរយៈពេលមួយម៉ោង ។