ឯ.ឧ. ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដឹកនាំការប្រជុំប្រចាំខែរបស់ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការកណ្តាលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯ.ឧ.ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍បានអញ្ជើញ ជា អធិបតីក្នុងកិច្ចប្រជុំប្រចាំខែមេសាថ្នាក់ដឹកនាំអាជ្ញាធរ ។
សមាសភាពដែលចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ៖ ឯកឧត្តម និងលោកជំទាវជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាននានានៃអាជ្ញាធរ ។
របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖
១. របាយការណ៍វឌ្ឍនភាពប្រចាំខែមេសារបស់អគ្គលេខាធិការដ្ឋាន
២. ការអនុវត្តកម្មវិធីមូលនិធិសាកល
៣. ការរៀបចំថវិកាអាជ្ញាធរឆ្នាំ ២០១៥-២០១៨
៤. សេចក្តីផ្សេងៗ ។
បន្ទាប់ពីបើកអង្គប្រជុំ ឯ.ឧ.ប្រធានបានអនុញ្ញាតឱ្យឯ.ឧ. តែង គន្ធី អគ្គលេខាធិការ មានប្រសាសន៍លើរបៀបវារៈទី១ ឯ.ឧ. រស់ សីលវ៉ាត់ អគ្គលេខាធិការរង មានប្រសាសន៍លើ របៀបវារៈទី២ ជំនួសឯ.ឧ. ទា ផលា ដែលអវត្តមាន និង លោក ឈឹម ឃិនដារ៉េត ប្រធាន នាយកដ្ឋានរដ្ឋបាល និង ហិរញ្ញវត្ថុ ធ្វើបទបង្ហាញលើរបៀបវារៈទី៣ ។
នៅក្នុងរបៀបវារៈទី៤ ឯ.ឧ.ប្រធានបានសង្កត់ធ្ងន់លើចំណុចមួយចំនួន ដូចខាងក្រោម ៖
- ឯ.ឧ.ប្រធានបានថ្លែងកោតសរសើរចំពោះមន្រ្តី និង ថ្នាក់ដឹកនាំដែលខិតខំប្រឹងប្រែងបំពេញ ការងារកន្លងមកនៅក្នុងខែមេសា ជាពិសេសលើរបាយការណ៍វឌ្ឍនភាពជាសកលស្តីពីការ ឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និង ជំងឺអេដស៍នៅកម្ពុជា ឆ្នាំ២០១៤ ដើម្បី ផ្ញើទៅអង្គការសហប្រជាជាតិ (GARPR) ដែលក្នុងនោះ យើងបានផ្ញើទៅអង្គការសហប្រជាជាតិទាន់ពេលវេលា និង បានទទួលការឯកភាពពីរាជរដ្ឋាភិបាលរួចរាល់ហើយដែរ ។
- ទាក់ទងនឹងការអនុវត្តគម្រោងមូលនិធិសកល ឯ.ឧ.ប្រធានបានណែនាំឱ្យថ្នាក់ដឹកនាំទាំង អស់យកចិត្តទុកដាក់ស្រូបយកថវិកាឱ្យអស់ពីលទ្ធភាព ។ ដោយហេតុថា ក្នុងឆ្នាំ២០១៤ នេះមិនមានការកែប្រែទម្រង់ថវិកាទេ ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៥-២០១៧ កិច្ចការត្រូវកែ សម្រួលតាមទម្រង់ថ្មី ។ ជាមួយគ្នានោះ ឯ.ឧ.ប្រធានក៏បានថ្លែងអំណរគុណ ឯ.ឧ. កៅ ទ្រី និង ឯ.ឧ. អ៊ឹង វុទ្ធី ចំពោះការសម្រួល Logistics ដោយយករថយន្តរបស់គម្រោងមូលនិធិ សកលមកទុកនៅទីស្នាក់ការកណ្តាលអាជ្ញាធរវិញ ដែលនាំឱ្យយើងបានចំណេញច្រើន លើការចំណាយក្នុងការជួសជុល និង អ្នកបើកបរ ។
- ចំពោះថវិការបស់អាជ្ញាធរ ឯ.ឧ.ប្រធានបានមានប្រសាសន៍ថា យើងមានគោលនយោ បាយ និង សកម្មភាពរបស់យើង ហើយក្រសួងសុខាភិបាលយកទៅដាក់កន្លែងណា ក៏មិនទាស់ខុសដែរ ឱ្យតែយើងមាន អង្គភាពថវិការបស់យើង ។ ឯ.ឧ. ប្រធានបានបន្តថា ឯ.ឧ. ម៉ម ប៊ុនហេង បានទូរស័ព្ទ មកឯ.ឧ.ប្រធាន ដោយផ្ទាល់មាត់ឯ.ឧ.រដ្ឋមន្រ្តីបានយល់ ស្របលើចំណុចបុគ្គលិក/រដ្ឋបាល (កញ្ចប់ប្រាក់បៀវត្ស និង បុគ្គលិកជាប់កិច្ចសន្យាថាឱ្យ អាជ្ញាធរជាអ្នកធ្វើ) ។ អាជ្ញាធរសុំសិទ្ធិរើសមនុស្សតាមតម្រូវការ ។ រដ្ឋមន្រ្តីក្រសួងសុខា ភិបាលអាចធ្វើប្រតិភូកម្មបុគ្គលិកមកអាជ្ញាធរ ។
- យើងចង់ដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះ សមាជអន្តរជាតិស្តីពីជំងឺអេដស៍នៅអាស៊ី និង ប៉ាស៊ីហ្វិក លើកទី១៣ (ICAAP13) នៅឆ្នាំ២០១៧ ។ ឯកសារមិនទាន់ធ្លាក់មក ។ បើឯកសារ ធ្លាក់មក យើងត្រូវទៅរៀនសូត្រពីបង់ក្លាដែស ដែលជាម្ចាស់ផ្ទះ ICAAP12 នៅឆ្នាំ២០១៥ ខាងមុខនេះ ។
- មូលនិធិសកលចង់រៀបចំការប្រជុំថ្នាក់តំបន់ នៅភ្នំពេញ នៅថ្ងៃទី១៦-១៨ ខែមិថុនា អំពី គំរូហិរញ្ញប្បទានថ្មី ។ យើងជាម្ចាស់ផ្ទះគួរជួយក្នុងការបដិសណ្ឋារកិច្ច និង ស្វាគមន៍ ដូចជារៀបចំពិធីជប់លៀងសុរាជាដើម ។ យើងត្រូវជួយរៀបចំសម្រួលដល់ភ្ញៀវនៅព្រលាន យន្តហោះ ។ ភ្ញៀវបរទេសមានប្រហែលជា ២០០នាក់ ហើយនៅក្នុងពេលពិធីបើកអាចមាន អ្នកចូលរួម ៥០០នាក់ ។ យើងត្រូវឆ្លៀតឱកាសនោះរៀបចំការប្រជុំក្រុមប្រឹក្សាគោលនយោ បាយជាមួយ Steve Kraus ផងដែរ។
- យើងក៏ត្រូវត្រៀមសម្រាប់ការចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២០ស្តីអំពីអេដស៍ នៅ ម៉ែលប៊ន ប្រទេសអូស្រ្តាលី នៅខែកក្កដា ផងដែរ ។ ដែលមកដល់ពេលនេះបែបបទ យើងនៅមិនទាន់រួចរាល់នៅឡើយ ។
- ឯ.ឧ.ប្រធានបានណែនាំឱ្យ ១) ឯ.ឧ.អគ្គលេខាធិការត្រូវខិតខំធ្វើការជាមួយក្រសួងពាក់ព័ន្ធ ពី សុវត្ថិភាពភូមិ-ឃុំ ទាក់ទងនឹងជំងឺអេដស៍ និង ២) ឱ្យឯ.ឧ. ទា ផលា បន្តការងារ យុទ្ធសាស្រ្តតទៅទៀត ។ ឯ.ឧ.ប្រធានបានបញ្ជាក់ថា ឯ.ឧ. ស៊ឹម គឹមសែន បានរៀបចំ សមាសភាព អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រួចរាល់ និង បានផ្ញើមកហើយ ។ ខាង មូលនិធិសកលគេរង់ចាំយុទ្ធសាស្រ្តជាតិរបស់យើងផងដែរ ។
- ឯ.ឧ.ប្រធានបានណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តអនុវត្តការងារដែលកំពុងធ្វើតទៅ ទៀតដូចជា ថវិកាជាតិ និង មូលនិធិសកល ។
នៅទីបញ្ចប់ឯ.ឧ.ប្រធានបានណែនាំឱ្យថ្នាក់ដឹកនាំអាជ្ញាធរខិតខំធ្វើការងារ ពង្រឹងឯកភាព ផ្ទៃក្នុង និងបង្កើនសមត្ថភាព ដោយអាជ្ញាធររៀបចំខ្លួនដើម្បីធ្វើជាអ្នកទទួលជំនួយផ្ទាល់នាពេល ខាងមុខ ។
អង្គប្រជុំបានបញ្ចប់នៅម៉ោង ៤៖០០ រសៀល ក្រោមបរិយាកាសស្និទ្ធស្នាល និងការទទួល ខុសត្រូវខ្ពស់។
រូបភាពនៃកិច្ចប្រជុំ៖
ឯកសារសម្រាប់ទាញយក