
នៅរសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង១:៤៥ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរសេដ្ឋបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនក្រុមគ្រួសារកងទ័ពនៅសមរភូមិមុខ ចំនួន១៦០នាក់ នៅវត្តបរសេដ្ឋចាស់ ក្នុងឃុំបរសេដ្ឋ។
អញ្ជើញចូលរួមក្នុងពិធីនោះរួមមាន ឯកឧត្តម ជាវ វិជ្ជាក់ អភិបាលរងតំណាងឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកក់ និងទួលអំពិល លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជុំវិញស្រុកបរសេដ្ឋ លោកអធិការស្រុក លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការនៃរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ។
មានប្រសាសន៍សំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនពីជោគជ័យដែលកម្ពុជាសម្រេចបានក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ និងជាពិសេសអំពីការដឹកនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានការរីកចម្រើនខាងសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពប្រជាជននៅក្នុងខេត្តផងដែរ។ ជាក់ស្តែងនៅខេត្តកំពង់ស្ពឺ ជាពិសេសស្រុកបរសេដ្ឋមានរោងចក្រជាច្រើន ដែលមានកម្លាំងកម្មកររាប់ម៉ឺននាក់។
ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចំណុចសំខាន់នៅថ្ងៃនេះ គឺការជួបជុំគ្នាដើម្បីបញ្ជាក់ពីការដឹងគុណវីរយុទ្ធជន យុទ្ធជននៅសមរភូមិមុខនិងក្រុមគ្រួសារ។ ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលក៏បាននិងកំពុងយកចិត្តទុកដាក់លើការពង្រឹង និងអភិវឌ្ឍន៍វិស័យការពារជាតិ ទប់កុំឱ្យសង្គ្រាមអូសបន្លាយ ព្រមទាំងទាមទារទឹកដីតាមយន្តការច្បាប់អន្តរជាតិ។