អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ រៀបចំកិច្ចប្រជុំចម្រុះរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍លើការងារអេដស៍ នៅព្រឹកថ្ងៃពុធ ទី២២ មករា ។
កិច្ចប្រជុំក្រុមការងារចម្រុះលើវិស័យអេដស៍នេះ បានត្រូវប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ហើយ និង លោកស្រី ម៉ារី អូឌីល អ៊ីម៉ុន អ្នកសម្របសម្រួលប្រចាំប្រទេសកម្ពុជារបស់អង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកជម្ងឺអេដស៍ និងជាសហប្រធានក្រុមការងារចម្រុះរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍លើវិស័យអេដស៍ ។
នេះគឺជាកិច្ចប្រជុំលើកដំបូងហើយរបស់ក្រុមការងារចម្រុះរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០១៤នេះ ស្របពេល ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍បានត្រូវបោះឆ្នោតជាប់ជាប្រធាននៃគណៈកម្មការសម្របសម្រួល
ជំនួយមូលនិធិសកលនៅកម្ពុជាសម្រាប់មូលនិធិសកលដើម្បីប្រយុទ្ធនឹងជំងឺអេដស៍ ជំងឺរបេង និង ជំងឺគ្រុនចាញ់ ។
ចូលរួមនៅក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្តម កៅ ទ្រី អនុប្រធានអាជ្ញាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តម ទា ផលា អនុប្រធានអាជ្ញាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ឯកឧត្តម តែង គន្ធី អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធ លោក លោកស្រីតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលមានចំនួនសរុប៤១នាក់ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអង្គប្រជុំ មានប្រសាសន៍បើកកិច្ចប្រជុំ ដោយបានគូសបញ្ជាក់អំពីគោលបំណងនៃការជួបប្រជុំក្រុមការងារចម្រុះនេះ ថា គឺជាការចាប់ផ្តើម ថ្មីមួយ ក្នុងការឈានឆ្ពោះទៅកំណត់យកសុច្ចនាការតាមដានការវិវត្តនៃ ជម្ងឺអេដស៍រួមគ្នា នៅក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថា ចាប់ពីឆ្នាំ២០១៤នេះតទៅ អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍ គឺជាស្ថាប័នតែមួយគត់របស់រាជរដ្ឋាភិបាល ដែលទទួលខុសត្រូវលើការសម្របសម្រួលការងារអេដស៍ជាមួយបណ្តាដៃ គូអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងឱកាសនោះដែរ លោកស្រី ម៉ារី អូឌីល អ៊ីម៉ុន សហប្រធានក្រុមការងារចម្រុះ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍លើការងារអេដស៍ និងជាអ្នកសម្របសម្រួល អង្គការសហប្រជាជាតិ ក៏បានមានប្រសាសន៍សំដែងនូវសុទុដ្ឋិនិយមចំពោះក្រុមការងារចម្រុះ រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នេះថា នឹងនាំមកនូវប្រសិទ្ធភាព និងប្រសិទ្ធផល លើការងារអេដស៍នៅក្នុងប្រទេសកម្ពុជា ។
កិច្ចប្រជុំនៃក្រុមការងារចម្រុះរវាងរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍លើវិស័យអេដស៍នេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង៨.៣០នាទី ព្រឹក រហូតដល់ ម៉ោង១១.៣០ នាទី នាថ្ងៃពុធ ទី២២ ខែមករា ដោយមានការតាមដានស្តាប់នូវ:
- របាយការណ៍ពីអ្នកជំនាញរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជម្ងឺអេដស៍អំពីវឌ្ឍនភាពនៃសុច្ចនាករតាមដានការងារអេដស៍,-
- រចនាស័ម្ពន្ធថ្មីរបស់អាជ្ញាជាតិប្រយុទ្ធនឹងជម្ងឺអេដស៍
- សារាចរណ៍ណែនាំ៧ចំណុចសម្រាប់ការងារអេដស៍របស់រាជរដ្ឋាភិបាលកម្ពុជា,
- យុទ្ធសាស្រ្តសហប្រតិបត្តិការណ៍អភិវឌ្ឍន៍ និងភាពជាដៃគូ ឆ្នាំ២០១៤-២០១៨ របស់ក្រុមប្រឹក្សា
អភិវឌ្ឍន៍កម្ពុជា,
- រចនាសម្ព័នថ្មីនៃក្រុមការងារចម្រុះរវាងរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍លើការងារអេដស៍
- ព្រមទាំងការពិគ្រោះពិភាក្សា ដើម្បីបង្កើតឡើងនូវសុច្ចនាករតាមដានការងារអេដស៍រួមគ្នា រវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ៕