
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង៩ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក អ្នកស្រី និងនាងកញ្ញាជាអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ នាយករងខុទ្ទកាល័យ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ជំនួយការ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី នៅបន្ទប់ប្រជុំ ខ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បី ប្រកាសថ្នាក់ដឹកនាំអាជ្ញាធរ និងបែងចែកភារកិច្ចដែលត្រូវប្រគល់ជូនថ្នាក់ដឹកតាមគោលនយោបាយផង តាមក្រសួងស្ថាប័ន និងតាមរាជធានី ខេត្តផង។
ថ្លែងបើកកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានអបអរសាទរ និងស្វាគមន៍ចំពោះថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតាំងតាំងដោយព្រះមហាក្សត្រ និងអនុក្រឹត្យ។ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានទទួលជោគជ័យដោយបានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល។
ជាកិច្ចបន្តមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាន ព្រះរាជក្រឹត្យស្តីពីការតែងតាំងមុខតំណែង និងផ្តល់ឋានៈជាប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអនុក្រឹត្យស្តីពីការតែងតាំង និងផ្តល់ឋានៈ ជាជំនួយការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
បន្ទាប់មក ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី ឯ.ឧ.បណ្ឌិត ស៊ន ពិសិដ្ឋ អនុប្រធាន និងជានាយកខុទ្ទកាល័យ បានអានសេចក្តីសម្រេចស្តីពីរបៀបរបបការងារ និងការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
មានប្រសាសន៍សំណេះសំណាល និងដឹកនាំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំដល់ថ្នាក់ដឹកនាំ ទីប្រឹក្សា និងជំនួយការដែលទើបទទួលការតែងតាំងថ្មីឱ្យខិតខំអស់ពីសមត្ថភាពបំពេញ ការងារ ដោយប្រកាន់ខ្ជាប់នូវសាមគ្គីភាព ដើម្បីសម្រេចគោលដៅរួមរបស់ស្ថាប័ន។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នៅក្នុងនីតិកាលទី៧នេះ ការប្រគល់ភារកិច្ចគឺធ្វើឡើងតាមគោលនយោបាយ។ ក្នុងនោះ ការពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវធ្វើឡើងតាមយន្តការដែលមានក្នុងច្បាប់ កិច្ចប្រជុំពេញអង្គ កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស និងសន្និបាត។ ឯកឧត្តមបានបន្តថា យើងត្រូវគិតគូរពន្លឿនការងារទីក្រុង ពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ ចំពោះកិច្ចប្រជុំរួមរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ (GDJ) ត្រូវរៀបចំប្រជុំ៣ខែម្តង ដោយអញ្ជើញប្រទេសដែលជាសមាជិកចូលថវិកាច្រើនដល់មូលនិធិសកល មកចូលួម។ កិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ត្រូវរៀបចំឡើងដើម្បីតម្រង់ទិសក្រុមប្រឹក្សាបច្ចេកទេស។ ក្នុងន័យនេះ ទំនាក់ទំនងរបស់ថ្នាក់ដឹកនាំ ជាមួយអគ្គលេខាធិការដ្ឋានសំខាន់ណាស់ ដែលត្រូវធ្វើការងារឱ្យស៊ីសង្វាក់គ្នា។ នៅពេលក្រុមប្រឹក្សាបច្ចេកទេសប្រជុំរួចហើយ យើងត្រូវរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំខែ ដើម្បីស្តាប់លទ្ធផល។
ចំពោះគោលនយោបាយលុបបំបាត់អេដស៍ និងចីរភាពនៃកម្មវិធីអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំ និងបញ្ជាក់ជូនអនុប្រធានដែលទទួលការងារតាមការបែងចែករួមមាន ៖ ១) គោលនយោបាយទី១ ៖ ពង្រឹងប្រព័ន្ធជាតិឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ២) គោលនយោបាយទី២ ៖ ពន្លឿនអត្រាគ្របដណ្តប់កម្មវិធីបង្ការឱ្យបានលើសពី៩៥% ៣) គោលនយោបាយទី៣ ៖ ពង្រីក ពង្រឹង និងពន្លឿន កម្មវិធីបង្ការ ៤) គោលនយោបាយទី៤ ៖ ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម ៥) គោលនយោបាយទី៥ ៖ បញ្ចប់ការរើសអើង និងមាក់ងាយ ៦) គោលនយោបាយទី៦ ៖ ចលនាធនធាន និង ៧) គោលនយោបាយទី៧ ៖ ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃជាតិ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋម្រ្តីបានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ត្រូវខិតខំធ្វើការងារទាំងអស់គ្នា។ ឯកឧត្តមបានសង្កតធ្ងន់ថា ជោគជ័យរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ត្រូវមានសសរស្តម្ភ៣ ៖ ភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងភាពម្ចាស់ការ។ ភាពជាអ្នកដឹកនាំគឺមាននៅគ្រប់កម្រិត។ ក្នុងនោះ យើងម្នាក់ៗធ្វើការងារតាមការបែងចែកដោយមិនបាច់មានការណែនាំ និងធ្វើឱ្យអស់ពីបេះដូង។ ជាមួយគ្នានេះ យើងក៏ត្រូវមានកិច្ចសហការ ក្នុងភាពជាដៃគូ និងភាពម្ចាស់ការផងដែរ។