
កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩ ព្រឹកទៅ នៅទីស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានដឹកនាំអង្គប្រជុំថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលមានអនុប្រធាន ទីប្រឹក្សា និងអគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ចូលរួមផង។
មុនចាប់ផ្តើមនៃកិច្ចប្រជុំ ឯកឧត្តម ទា ផលា បានរាយការណ៍គោរពជូនឯកឧត្តមទេសរដ្ឋមន្រ្តី ស្តីពីការត្រៀមអញ្ជើញចូលរួមប្រជុំនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស នាខែឆ្នូ ឆ្នាំ២០២៣ សេចក្តីប្រកាសរបស់ប្រទេសអាស៊ានស្តីពីជំងឺអេដស៍ និងណែនាំអន្តរជាតិឲ្យស្គាល់ពីតួនាទីរបស់ប្រទេសកម្ពុជា ដែលជាសមាជិកនៃក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ (UNAIDS PCB) ។
កិច្ចប្រជុំនេះ បានផ្ដោតលើការពិនិត្យឡើងវិញពីយុទ្ធសាស្ត្រ វឌ្ឍនភាពនៃការរៀបចំគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ ដើម្បីពង្រឹងសមត្ថភាព និងពង្រឹងលទ្ធភាពជាម្ចាស់ឆ្ពោះទៅសម្រេចគោលដៅលុបបំបាត់ជំងឺអេដស៍។ ក្រោយពីបានទទួលធាតុចូលថ្មីៗពីវេទិកាពិភាក្សាទូលាយលើការរៀបចំគោលនយោបាយ ដោយមានការចូលរួមពីក្រសួង មន្ទីរ និងអង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។
ការផ្លាស់ប្ដូរមតិយោបល់គ្នា ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារបច្ចេកទេស ធ្វើការផ្ទៀងផ្ទាត់សេចក្ដីព្រាងគោលនយោបាយឡើងវិញ ដោយឱ្យញែកចេញរវាងគោលនយោបាយ និងចំណុចទាំងឡាយណាដែលមានលក្ខណៈជាផែនការយុទ្ធសាស្រ្ដ ឬ ផែនការសកម្មភាព។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យបែងចែកការងារតាមគោលនយោបាយនីមួយៗ ដែលក្នុងនោះមានការទទួលខុសត្រូវក្នុងការរៀបចំឡើងវិញដោយថ្នាក់ដឹកនាំម្នាក់ៗ។