
ព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប ។
ក្នុងនាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងក្រសួង ស្ថាប័នរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានអញ្ជើញចូលរួមក្នុង ”សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង បន្ទាយមានជ័យ និងសៀមរាប” និងបានថ្លែងអំណរគុណដល់ USAID ដែលបានគាំទ្រហិរញ្ញវត្ថុក្នុងការរៀបចំសិក្ខាសាលានាថ្ងៃនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលបំណងសិក្ខាសាលាថ្ងៃនេះ ផ្តោតលើការគាំទ្រដល់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពិសេសលើការពង្រឹងប្រព័ន្ធប្រទេស នៅខេត្តដែលកំពុងអនុវត្តគម្រោងទីក្រុងពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ និងនៅខេត្តផ្សេងៗទៀត។ យើងនឹងរៀនពីគ្នាទៅវិញទៅមក អំពីរបៀបកែលម្អយន្តការសម្របសម្រួលនៅថ្នាក់ក្រោមជាតិដើម្បីទ្រទ្រង់ការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ យើងនឹងស្វែងយល់ពីវឌ្ឍនភាពលើទិដ្ឋភាពសំខាន់បីគឺ ភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ ដែលខេត្ត/ក្រុងទាំង៤បានធ្វើឡើងក្នុងរយៈពេល៧ខែកន្លងមក ដោយគិតចាប់តាំងពីកិច្ចប្រជុំកម្មវិធីពន្លឿនការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ (FTCI) លើកទី៣ ដែលបានធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ យើងនឹងពិនិត្យមើលថា៖
ក. តើរដ្ឋបាលសាលាខេត្ត/ក្រុងបានដឹកនាំ និងគាំទ្រមន្ទីរសុខាភិបាល ដើម្បីធានាថា គ្រប់គ្នា ជាពិសេសប្រជាជនគន្លឹះ និងអ្នកផ្ទុកមេរោគអេដស៍ ទទួលបានការព្យាបាលជំងឺអេដស៍ បានត្រឹមត្រូវ ស្មើភាព និងប្រកបដោយភាពរួសរាយរាក់ទាក់ និងសេវាពាក់ព័ន្ធសុខភាពផ្សេងទៀតបានក្នុងកម្រឹតណា?
ខ. តើការពង្រីកភាពជាដៃគូជាមួយ អង្គការសហគមន៍ ដែលធ្វើការងារបង្ការ និងការថែទាំត្រូវបានធ្វើឱ្យប្រសើរឡើងក្នុងការគាំទ្រប្រព័ន្ធប្រទេស ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍បានដល់កម្រឹតណា?
គ. ចំពោះការវិនិយោគនៅថ្នាក់ក្រោមជាតិ ៖ តើធនធានក្នុងស្រុកត្រូវបានកៀរគរ និងប្រើប្រាស់បានដល់កម្រិតណា?
រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តសម្រេចបាននូវគោលដៅ ៩៥-៩៥-៩៥ និងធានាថា ការឆ្លងថ្មីនៃមេរោគអេដស៍ មានចំនួនតិចជាង៣០០ករណីក្នុងមួយឆ្នាំៗ នៅឆ្នាំ២០២៥។ ការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះការរាលដាលនៃមេរោគអេដស៍ ត្រូវបានចាត់ទុកថា ជារឿងជោគជ័យមួយនៅក្នុងតំបន់ និងក្នុងពិភពលោក។ នៅប្រទេសកម្ពុជា៨៥% នៃអ្នកផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពរបស់ខ្លួន។ ក្នុងចំណោមអ្នកដែលដឹងថា ខ្លួនមានផ្ទុកមេរោគអេដស៍៩៩% បានធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាល និង ៩៧% ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានទទួលការព្យាបាលមានអត្រាមេរោគដែលត្រូវបានបង្ក្រាប។នេះមានន័យថា ការរាលដាលមេរោគអេដស៍បាននឹងកំពុងបន្តពីចំណោមប្រជាជនចំនួន១១,000នាក់ (ក្នុងនោះមានប្រជាជនគន្លឹះ និងដៃគូរបស់គាត់) ដែលមិនទាន់បានធ្វើតេស្ត និងព្យាបាលនៅក្នុងប្រព័ន្ធថែទាំសុខភាព។
ក្នុងឱកាសពិសេសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកអ្នកចូលរួមទាំងអស់ថា កិច្ចប្រជុំពេញអង្គរបស់ អ.ជ.ប.ជ.អ បានអនុម័តសេចក្តីសម្រេចមួយនៅក្នុងកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមាន អនុសាសន៍ចំនួនប្រាំបួនចំណុច ដោយបានស្នើឱ្យភាគីពាក់ព័ន្ធសំខាន់ៗ ជាពិសេសក្រសួង ស្ថាប័នរដ្ឋាភិបាល ចូលរួមយ៉ាងសកម្មក្នុងការឆ្លើយតបនឹងមេរោគអេដស៍ តាមទស្សនៈពហុវិស័យ ដើម្បីសម្រេចបាននូវចក្ខុវិស័យដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលលោកបានអំពាវនាវគ្រប់ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីចូលរួមចំណែកក្នុងការការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍របស់កម្ពុជាក៏រងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ ក្នុងអំឡុងពេលរាតត្បាតផងដែរ ជាមួយនឹងការអនុវត្តវិធានការបិទខ្ទប់ និងវិធានការកាត់បន្ថយផលវិបាកផ្សេងៗទៀត ដែលកម្រិតយ៉ាងខ្លាំងដល់សមត្ថភាពក្នុងការធ្វើសកម្មភាពបង្ការ និងធ្វើតេស្តមេរោគអេដស៍ដែលមានរយៈពេលយូរ ដូចជាការចុះអប់រំផ្ទាល់ និងការងារសហគមន៍ជាដើម។ ជាមួយនឹងការបន្ធូរបន្ថយវិធានបិទខ្ទប់ក្នុងសម័យកាលដែលការរាលដាលជំងឺ COVID-19 បានថមថយនិងធូរស្រាលមានអន្តរាគមន៍អាទិភាពមួយត្រូវបានធ្វើឡើងនៅថ្នាក់ជាតិក្នុងរយៈពេល ៧ខែកន្លងមកនេះ៕