
នារព្រឹកថ្ងៃសុក្រ ៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង៩:០០នាទីព្រឹក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំចង្អៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានប្រចាំការ ឯកឧត្តមអនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ នាយកខុទ្ទកាល័យ និងប្រធានស្តីទីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅបន្ទប់ប្រជុំ “ខ” ។
កិច្ចប្រជុំដំណើរការតាមរបៀបវារៈដូចខាងក្រោម ៖
១. មតិបើកអង្គប្រជុំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
២. លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ និងប្រជុំកម្មវត្ថុ នៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២២ ពិនិត្យលើរបៀបវារៈ ស្តីពីការតាមដានដឹកនាំដោយសហគមន៍ (Community Led Monitoring) ដោយ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
៣. អនុសាសន៍ណែនាំ ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។
ក្រោយការបង្ហាញ និងពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដូចខាងក្រោម៖
o ថ្លែងការកោតសរសើរចំពោះលទ្ធផល នៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី៩ ដែលបានធ្វើកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ និងឯកភាពលើរបៀបវារៈ នៃកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១០ ឆ្នាំ២០២២ ដែលគ្រោងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
o ណែនាំជូន ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសយក និង ប្រើប្រាស់ទិន្នន័យកម្មវិធីជាក់ស្តែងចំពោះចំនួនអ្នកផ្ទុកមេរោគអេដស៍ ចំនួនអ្នកឆ្លងថ្មី និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍ ដោយធ្វើកិច្ចសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល។
o បន្តការងារផ្សព្វផ្សាយការបង្ការ ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងព័ត៌មាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសដល់ក្រុមប្រជាជនគន្លឹះ ដោយប្រើប្រាស់សារសមស្រប តាមរយៈបច្ចេកទេស (ប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ៖ Facebook, Telegram, Grinder,…)។
o ជំរុញការបង្ការតាមរយៈកម្មវិធីប្រើប្រាស់ស្រោមអនាម័យមួយរយភាគរយ ការប្រើប្រាស់ឱសថលេបការពារជាមុន (PrEP) និងការធ្វើតេស្តរកមេរោគអេដស៍ដោយខ្លួនឯង (HIV Self Testing) ។