ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
ចំនួនអ្នកទស្សនាគេហទំព័រ:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី និង ដឹកនាំអង្គសន្និបាតអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំឆ្នាំ២០១៧

នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម អៀង មូលី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ចើញ ជាអធិបតី និងដឹកនាំអង្គសន្និបាតប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
សមាសភាពអញ្ជើញចូលរូមនៅក្នុងអង្គសន្និបាតមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដែលជាតំណាងរបស់ក្រសួង ស្ថាប័ន របស់ រាជរដ្ឋាភិបាលកម្ពុជា និង ផ្នែកមិនមែនរដ្ឋាភិបាលរួមមានបណ្តា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍។
អង្គសន្និបាតបានចែករំលែក ពិនិត្យ បញ្ហាប្រឈម ឧបសគ្គ វឌ្ឍនភាព ប្រសិទ្ធភាព និង សមិទ្ធផល ជាពិសេសមេរៀនជាបទពិសោធន៍ល្អៗដែលបានមកពីការ​អនុវត្តរបស់សមាជិក-សមាជិកា​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៅទូទាំងប្រទេស លើគ្រប់សមសភាគនៃបទអន្តរាគមន៍ប្រយុទ្ធនឹង ជំងឺអេដស៍ចំបងៗ ដូចជាការងារថែទាំព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ ការងារគាំពារសង្គម សំរាប់អ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ដោយសារមេរោគអេដស៍/ ជំងឺអេដស៍។
ការរួមចំណែករបស់សមាជិក សមាជិកា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាតំណាង ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល បណ្តាញអ្នកផ្ទុកមេរោគ អេដស៍ និងជំងឺអេដស៍ បណ្តាញក្រុមប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍។ល។ ដោយបាន សហការជិតស្និត សម្របសម្រួល ប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ឆ្លើយតបទៅនឹងគោលដៅតែមួយគឺ “បីសូន្យ” គឺគ្មានអ្នកឆ្លងថ្មី គ្មានអ្នកជំងឺស្លាប់ដោយសារ ជំងឺអេដស៍ និងគ្មានការរើសអើងប្រឆាំង ជាមួយអ្នករស់នៅជាមួយមេរោគអេដស៍។
        
បច្ចុប្បន្ននៅព្រះរាជាណាចក្រកម្ពុជា ការប៉ាន់ស្មានអ្នកដែលបានឆ្លងមេរោគអេដស៍ ហើយបាន មកពិនិត្យឈាម អ្នកដែលបានដឹងខ្លួនថាបានឆ្លងមេរោគហើយមកទទួលការព្យាបាល និងអ្នកដែលរស់ នៅជាមួយមេរោគអេដស៍ដែលបានទទួល​ការព្យាបាលហើយទទួល​បានលទ្ធផលល្អ គឺមានអត្រាខ្ពស់ ក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងក្នុងពិភពលោក ហើយកម្ពុជាជាប្រទេសមួយក្នុង ចំណោម០៧ ប្រទេស។     
ទាំងនេះនេះគឺទទួលបានពី ការប្តេជ្ញាចិត្តដ៏ត្រឹមត្រូវ និងមោះមុតផ្នែកនយោបាយពីថ្នាក់ដឹកនាំកំពូល​របស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ “សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា” រួមជាមួយនឹងការប្តេជ្ញាចិត្តដោយមិនចេះនឿយហត់ផ្នែកសង្គមពី “សម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន” ប្រធានកាកបាទក្រហមកម្ពុជា។
        
ដើម្បីជំរុញ និងចូលរួមចំណែក អោយកម្ពុជាឈានទៅសម្រេចឱ្យបាននូវគោលដៅបីសូន្យ នៅ ត្រឹមឆ្នាំ២០២៥ដូចដែលបានធ្វើការប្តេជ្ញាចិត្ត និង ដោយផ្អែកលើការពិភាក្សាយ៉ាងផុសផុលនៅក្នុង អង្គសន្និបាតនាពេលនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តល់អនុសាសន៍សំខាន់ៗជូន អង្គសន្និបាតដូចតទៅ៖

១. បន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការកំណត់ចំនួនក្រុមប្រឈមខ្ពស់ នឹងការចម្លងមេរោគ អេដស៍ឱ្យបានត្រឹមត្រូវបំផុត ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបឱ្យបានគ្រប់ ជ្រុងជ្រោយនូវសេវាបង្ការ សេវាថែទាំ និងព្យាបាល និងសេវាគាំទ្រសង្គមផងដែរ។
២. ធានាឱ្យបាននូវចីរភាពនៃការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ គណៈកម្មាធិការ  ប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវធ្វើការ បញ្រ្ជាប និងបញ្ចូលបញ្ហាអេដស៍ទៅក្នុងផែនការរួមរបស់ក្រសួង ស្ថាប័ន ខេត្ត រាជធានី ស្រុក ខណ្ឌ និងឃុំ សង្កាត់។
៣. បន្តការលើកកម្ពស់សមត្ថភាព ក្នុងភាពជាអ្នកដឹកនាំ គ្រប់គ្រង សម្របសម្រួល និងភាពជាម្ចាស់ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅគ្រប់លំដាប់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលជាប្រចាំ ការចូល រួមក្នុងសន្និសីទជាតិ និងអន្តរជាតិ។ល។
៤. ត្រូវបន្តផ្សព្វផ្សាយឱ្យបានជា ចំណេះដឹង និងព័ត៌មានថ្មីៗ ស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំ និងកាន់តែទូលំទូលាយ ដោយធានាដល់ការគ្របដណ្តប់ឱ្យបានទូទាំងប្រទេស ជាពិសេស នៅតាមទីប្រជុំជន និងតំបន់ជនបទដាច់ស្រយាល។
៥. ត្រូវធ្វើយ៉ាងណាឱ្យស្រោមអនាម័យមានវត្តមាននៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលាដែលត្រូវ ការប្រើប្រាស់ ប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យបំផុត ជាពិសេសត្រូវយកចិត្តទុកដាក់ឱ្យគ្រប់គ្រឹះស្ថានកម្សាន្តសប្បាយទាំងអស់មានសុវត្ថិភាព ពីការចម្លងមេរោគអេដស៍ ១០០% តាមរយៈការពង្រឹងការប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% ព្រោះថាស្រោម អនាម័យ គឺនៅតែជាអាវុធដ៏មានប្រសិទ្ធភាព ក្នុងការបង្ការការចម្លងមេរោគអេដស៍នៅកម្ពុជា។
៦. បន្តលើកកម្ពស់យន្តការសមភាពយេនឌ័រ និងជំងឺអេដស៍ តាមរយៈការលើកកម្ពស់ សិទ្ធិអំណាច និងការផ្តល់ឱកាសដល់ស្រ្តី និងកុមារី ក្នុងការចូលរួមទប់ស្កាត់ការរាលដាល មេរោគអេដស៍ និងជំងឺអេដស៍ ពិសេសនៅក្នុងរង្វង់គ្រួសារ និងសង្គមទាំងមូល។
៧. កាត់បន្ថយបន្ថែមទៀត ដើម្បីឈានទៅរកការលុបបំបាត់ឱ្យបានទាំងស្រុងមុនគេនូវការរើសអើង និងមាក់ងាយទៅលើអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍តាមគ្រប់រូបភាពទាំងអស់។
៨. ផ្តល់ឱកាស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការស្វែង  រកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរក មេរោគអេដស៍បានត្រឹមត្រូវ នៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ជូនដល់អ្នកដែលប្រឈមនឹងការឆ្លងមេរោគអេដស៍។
៩. ការធ្វើតេស្តឈាមដោយបង្ខំ ឬដោយតម្រូវ ឬដោយគ្មានការផ្តល់ប្រឹក្សាគឺជាអំពើផ្ទុយនឹងច្បាប់ ស្តីពីការបង្កា ការចម្លងមេរោគអេដស៍នៃព្រះរាជាណាចក្រកម្ពុជា។
១០. ត្រូវឆ្លើយតបឱ្យបានទូលំទូលាយជាពហុវិស័យ ដោយឈរលើគោលការណ៍គោរពសិទ្ធិមនុស្ស សមភាពយេនឌ័រ និងគ្មានការរើសអើងដាច់ខាតចំពោះ ការងារ និង សេវាប្រយុទ្ធនឹងជំងឺអេដស៍ ទាំងអស់។
១១. អំពាវនាវឱ្យអង្គការជាតិ អន្តរជាតិ សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ វិស័យឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍បន្តចូលរួមជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន ខ្លាំងក្លាទ្វេដងថែមទៀត តាមគ្រប់រូបភាព ជាកម្លាំងកាយ ប្រាជ្ញាស្មារតី សម្ភារ និងថវិកា ដើម្បី ពង្រីកអន្តរាគមន៍ប្រយុទ្ធនឹងជំងឺអេដស៍ឱ្យបានទ្វេដង ឈានទៅសម្រេចបាននូវអត្រាគ្របដណ្តប់ លើភូមិសាស្រ្ត លើក្រុមគោលដៅ លើតម្រូវការសេវាឱ្យបាន១០០%។
១២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រោមជាតិ ក្នុងនាមជាស្ថាប័នដែលរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច និងការទទួលខុសត្រូវឱ្យតាមដានការរាលដាលមេរោគអេដស៍ និងការឆ្លើយតប ទូលំទូលាយ និងពហុវិស័យទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបន្តការដឹកនាំ គ្រប់គ្រង និងសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈគោលការណ៍ភាពជាម្ចាស់សមស្រប ទៅតាមគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងប្រកបដោយ សុខដុមនីយកម្ម។