ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ចំណុចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០២០ តាមវីដេអូខនហ្វឺរេន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

កិច្ចប្រជុំនេះ​ធ្វើឡើង​ដើម្បីពិនិត្យមើល​រួមគ្នា​នូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព​ក្នុងការប្រយុទ្ធនឹង​ជំងឺអេដស៍​សម្រាប់រយៈពេល​៦ខែ​ដើមឆ្នាំ២០២០​នេះ។ ក្រោយពី​កិច្ចប្រជុំ​ពេញអង្គ លើកទី២ ឆ្នាំ២០១៩ មានព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើនដែលបាន​កើតមាន​ជាអាទិ៍ ៖
១)     វឌ្ឍនភាពក្នុងការ​សម្រេចបាន​គោលដៅ៩៥-៩៥-៩៥ ៖ នៅក្នុងរបាយការណ៍​ខែកក្កដា​ ឆ្នាំ២០២០ ​របស់​អង្គការUNAIDS បានប្រកាសថា កម្ពុជា​សម្រេច​គោលដៅ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ក្នុងកម្រិត៨៤-១០០-៩៦។ តួលេខនេះ​បញ្ជាក់ថា យើងបាន​ធ្វើឱ្យ​សម្រេច​គោលដៅ​ប្រយុទ្ធនឹង​ជំងឺអេដស៍៩៥-ទី២ និង៩៥​ទី៣រួចទៅហើយ។ លទ្ធផលនេះ​កើតចេញពី កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុស​ត្រូវខ្ពស់​របស់យើង​ទាំងអស់គ្នា និងភាគី​ពាក់ព័ន្ធ​ក្នុងចលនាជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ តាម​ប្រសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់  សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន។
២)    ការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ អង្គការUNAIDS និងអង្គការ​សុខភាព​ពិភពលោក (WHO) បានធ្វើ​និទស្សន៍ថា ប្រសិន​បើមានការ​ខកខាន​ក្នុងការ​ផ្តល់ឱសថ​ប្រឆាំង        មេរោគអេដស៍​៦ខែនោះ អនុតំបន់​សាហារ៉ា​នឹងមានករណី​ស្លាប់បន្ថែមដល់ ៥៣៤.០០០នាក់ នៅចន្លោះ​ឆ្នាំ២០២០ ដល់២០២១។  នៅប្រទេសយើង ការផ្គត់ផ្គង់​ឱសថ​និងបរិក្ខារ​មិនសូវជា​មានភាព​យ៉ាប់យឺន​ដូចជា​ប្រទេស​មួយចំនួន​នៅសាហារ៉ាឡើយ។ ប៉ុន្តែ ការចុះអប់រំ​ផ្ទាល់​ត្រូវបានផ្អាក​ជាច្រើនខែ​ដោយ មណ្ឌល​កម្សាន្ត​សប្បាយ​ខារ៉ាអូខេ​ត្រូវបានបិទ និងការធ្លាក់ទៅ​ក្នុងភាពក្រីក្រ​របស់​អ្នកផ្ទុក​មេរោគអេដស៍ និងក្រុមប្រជាជន     គន្លឹះ។ ក្នុងសភាពការណ៍នេះ យើងបាន​បង្វែរ​ថវិកា ៣១៦.០០០ដុល្លារ ក្នុងគម្រោង​មូលនិធិ​សកល​មកទិញ​សម្ភារបង្ការ​ការចម្លង​មេរោគកូវីដ-១៩ និងបានពង្រីក​កម្មវិធីផ្តល់​ឱសថប្រឆាំង​មេរោគអេដស៍​ឱ្យបាន​ច្រើនខែ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃការឆ្លង​ជំងឺកូវីដ-១៩ ក្នុងចំនួនប្រាក់ ៥២០.៦០៤ ដុល្លារ​របស់​មូលនិធិសកល​សម្រាប់​ប្រទេស​កម្ពុជា។ ជាមួយគ្នានោះ គ្រួសារ​អ្នកផ្ទុក​មេរោគអេដស៍​ដែលមាន​ប័ណ្ណក្រីក្រ​បានទទួល​សាច់ប្រាក់​ពីរាជរដ្ឋាភិបាល​ក្នុងគម្រោង​កាត់បន្ថយ​ផលប៉ះពាល់​នៃជំងឺកូវីដ-១៩​ផងដែរ។
៣)    សន្និសីទអន្តរជាតិ​ស្តីពីជំងឺ​អេដស៍ លើក​ទី២៣ ដែលធ្វើឡើង​តាម​បណ្តាញ​អ៊ីនធឺណេត (Virtual Conference) បានប្រព្រឹត្តទៅ​នៅទីក្រុងសាន់​ហ្វ្រាន់ស៊ីស្កូ ពីថ្ងៃទី៦​ដល់
ថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២០នេះ។ មានចំណុច​ល្អមួយ​ចំនួន​ដែលយើង​គួរចាប់​អារម្មណ៍​ដូចជា ៖ ១) ការប្តេជ្ញាចិត្ត​ទូទាំង​ពិភពលោក​មិនឱ្យ​ផលវិបាក​នៃជំងឺ​កូវីដ-១៩ មកយាយី ឬបន្ថយ​ឆន្ទៈបញ្ចប់​ការរាលដាល​ជំងឺអេដស៍​នៅឆ្នាំ​២០៣០​បានឡើយ ២)ការបង្កើន​អន្តរាគមន៍ក្នុង​ការដោះស្រាយ​វិសមភាព​ការរើសអើង​នានា ដែលជា​ហានីភ័យ​ដល់ការ​បង្ការ​និងថែទាំ​ជំងឺអេដស៍  ៣) របកគំហើញ​វិទ្យាសាស្ត្រ​សំខាន់ៗ​មួយចំនួន​អាចយក​មកប្រើប្រាស់​បង្កើន​ប្រសិទ្ធភាព​នៃការឆ្លើយតប​នឹងជំងឺអេដស៍ ដែលមាន​ជាអាទិ៍ ការចាក់ថ្នាំ cabotegravir អាចបង្ការ​ការចម្លង​មេរោគអេដស៍​បាន២ខែ។ ប្រការនេះ​អាចជួយ​សម្រួល​វិសាល​ភាព​គ្របដណ្តប់​កម្មវិធី PrEP លើក្រុម​ប្រជាជន​គន្លឹះ ជាពិសេស MSM/TG ដែលតំណាង ១ភាគ៣​នៃការចម្លងថ្មី​ក្នុងប្រទេស​កម្ពុជាយើង។
៤)    ចំពោះការលើក​គម្រោងប្រយុទ្ធនឹង​ជំងឺអេដស៍ទៅមូលនិធិសកល សម្តេចតេជោ បានសម្រេចដាក់​ថវិកាជាតិ​ចំនួន១១លានដុល្លារ​អាម៉េរិក ដើម្បីឱ្យ​ប្រទេស​កម្ពុជា​អាចទាក់ទាញ​បានគម្រោង​ដែលមាន​ទឹកប្រាក់ ៤១.៦លានដុល្លារ​អាម៉េរិក សម្រាប់​ឆ្នាំ២០២១-២០២៣។
៥)    ការប្រគល់​មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាល​ទៅឱ្យរដ្ឋបាល​រាជធានីខេត្ត ជា កំណែទម្រង់​តាមបែប​វិមជ្ឈការ និងវិសហមជ្ឈការ​ដ៏សំខាន់ ដែលជា​ឱកាស​ដ៏ល្អមួយ​ដែលពង្រឹងភាព​ជាម្ចាស់​ក្នុងការ​ឆ្លើយតប​នឹងមេរោគអេដស៍ នៅថ្នាក់​ក្រោមជាតិ​ពិសេស​លើការអនុវត្ត​សេចក្តី​ជូនដំណឹង​លេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្តីពីវិធានការ​៦ចំណុច​ឆ្ពោះទៅកាន់​ចីរភាព​ក្នុងការឆ្លើយតប​នឹងមេរោគអេដស៍ និងជំងឺអេដស៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមទាញ​អារម្មណ៍​កិច្ចប្រជុំពេញអង្គថា យើងបាននិង​កំពុងបញ្ចូល​សកម្មភាព​ឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍​ទៅក្នុង​គោលនយោបាយ​ភូមិឃុំ​មានសុវត្ថិភាព និងទម្រង់​វិធីសាស្រ្តថ្មី​នៃការឆ្លើយតប​តាមវិធីសាស្រ្ត​ការងារ​សហគមន៍។ 

ទាក់ទងនឹងការអនុវត្ត សជណ ២១៣ ខ្ញុំសូម​ជម្រាប​អង្គប្រជុំ​ដូចខាងក្រោម ៖
ទី១.    យើងបានចាប់ផ្តើម​ជំរុញការ​អនុវត្ត​វិធានការទី១ គឺការរៀបចំ​ឱ្យមាន​កញ្ចប់ផែនការ​ឆ្លើយតបនឹង​ជំងឺអេដស៍​នៅក្នុងផែនការ​សកម្មភាព​ប្រចាំឆ្នាំ កម្មវិធី​វិនិយោគ​បីឆ្នាំ​រំកិល និងផែនការ​អភិវឌ្ឍ​ឃុំសង្កាត់ ជ្រកក្រោម​ថវិកា​ឃុំសង្កាត់​ដែលមានស្រាប់ ចាប់ផ្តើម​ពី​ខេត្តកំពង់ស្ពឺ ហើយឈានទៅ​អនុវត្ត​នៅទូទាំង​ប្រទេស។ ឧបករណ៍​ហ្វឹកហ្វឺន​ត្រូវបាន​បង្កើត​រួចរាល់ ហើយកិច្ចការ​ជាច្រើន​ត្រូវបានធ្វើ ដើម្បី​ទទួលបានការ​យល់គ្នា​ពីក្រសួង​មហាផ្ទៃ និងក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ។
ទី២.     ការអនុវត្ត​វិធាន​ការទី២ ទាក់ទង​នឹងការ​ផ្តល់បណ្ណ​សមធម៌​ដល់អ្នក​ផ្ទុកមេរោគអេដស៍​ទាំងអស់ ក៏កំពុង​តែដំណើរការ​ដោយមាន​កិច្ចសហការ​លើកសំណើ​ពីបណ្តាញ​អ្នកផ្ទុក  មេរោគអេដស៍​ជូនទៅ​ក្រុមការងារ​ចុះបញ្ជី​វាយតម្លៃ​ផ្តល់បណ្ណ​សមធម៌។ លើសនេះ​ទៅទៀត ក្រសួង​ផែនការ​កំពុង​ពិនិត្យ​លទ្ធភាព​បង្កើត​យន្តការ​ផ្តល់​បណ្ណ​សមធម៌​ជាលក្ខណៈ​បុគ្គល​ដល់អ្នក​ផ្ទុកមេរោគ​អេដស៍​នៅនឹង​កន្លែង​ព្យាបាល​តែម្តង ដែល អ.ជ.ប.ជ.អ. សូមធ្វើការ​កោតសសើរ​ជាខ្លាំង​ចំពោះ​កិច្ចសហការ​និងការ​ប្រឹងប្រែង​របស់​ក្រសួងផែនការ។
ទី៣.    ចំពោះវិធានការទី៣ ទាក់ទងនឹងការរៀបចំ​ឱ្យមានកញ្ចប់​ថវិកា​ដើម្បីឱ្យ​ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌល​សុខភាព មានថវិកា​ផ្ទាល់​សម្រាប់​ការឆ្លើយតប​នឹង​មេរោគអេដស៍​និងជំងឺអេដស៍ ក្រសួង​សុខាភិបាល​បានទទួលយក​ជាគោលការណ៍​អនុញ្ញាតឱ្យ​អាចប្រើប្រាស់​កញ្ចប់​ថវិកាព​ង្រឹងសេវា​សុខភាព​នៅមណ្ឌល​សុខភាព និងមន្ទីរពេទ្យ​បង្អែក​ក្នុង​តម្រូវការ​ការងារ​ទាក់ទងនឹង​ជំងឺអេដស៍ ដោយរង់ចាំ​តែការណែនាំ​លម្អិតផ្លូវការ ដែលក្រសួង​សុខាភិបាល​ត្រូវបន្ត ហើយ​អាជ្ញាធរ​សូមលើក​ទឹកចិត្​តក្រសួង​សុខាភិបាល    ពន្លឿន​ការរៀបចំ​នេះ។ ជាមួយ​គ្នានេះ អាជ្ញាធរ​សូមលើក​ទឹកចិត្ត​ថ្នាក់ដឹកនាំ​ថ្នាក់ក្រោមជាតិ​ជំរុញ​ឱ្យមាន​ថវិកា​នៅតាម​ស្រុក​ប្រតិបត្តិ​សម្រាប់​សម្រប​សម្រួល និងតាមដានការ ងារឆ្លើយតប​អេដស៍ក្នុងមូលដ្ឋាន​របស់ខ្លួន ជាពិសេស​ក្នុងការ​ជួយគាំទ្រ​លើការ​អនុវត្តការងារ​អេដស៍​របស់​ឃុំសង្កាត់។
ទី៤.     ចំពោះវិធានការទី៤ ទាក់ទងនឹងលទ្ធភាព​ផ្តល់ហិរញ្ញប្បទាន​សាធារណៈ​ដល់អង្គការ​សង្គមស៊ីវិល​ចូលរួម​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍ ក្នុងអន្តរាគមន៍​ចាំបាច់​មួយ​ចំនួន​ដែលស្ថាប័ន​សុខភាព​សាធារណៈ​មិនអាច​ធ្វើបាននោះ អាជ្ញាធរ​សូមលើក​ទឹកចិត្ត​ក្រសួង​សុខាភិបាល និងក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​ជំរុញការ​គិតគូរ​យុទ្ធសាស្រ្ត​ត្រៀម​ដកថយ​ពេលហិរញ្ញប្បទាន​អន្តរជាតិ​លែងមាន។ អាជ្ញាធរ​ជឿជាក់ថា ការរៀបចំ​ផែនការ​ច្បាស់លាស់​របស់យើង នឹងកាន់​តែមាន​លក្ខណៈ​ស្រូបទាញ​សមានចិត្ត​របស់ដៃគូ​អភិវឌ្ឍន៍ ក្នុងការ​បន្តការគាំទ្រ​របស់គេ​លើផ្នែកខ្លះ​នៃអន្តរាគមន៍​ពិសេសការ​កសាង​សមត្ថភាព​ស្ថាប័ន និងការគាំទ្រ​បច្ចេកទេស។
ទី៥.     ចំពោះវិធានការទី៥ ទាក់ទងនឹងការសិក្សា​លំហរថវិកា​ឆ្ពោះទៅការ​បញ្ចប់​ការរាលដាល​មេរោគអេដស៍​នៅឆ្នាំ២០២៥ ក្រសួង​សេដ្ឋកិច្ច​និងហិរញ្ញវត្ថុ​បានគូស​បញ្ជាក់ថា​នឹងមានការ​គិតគូរ​នៅក្នុង​យុទ្ធសាស្រ្ត​ត្រៀមដកថយ​ពេល​ហិរញ្ញប្បទាន​អន្តរជាតិ​លែងមាន។
ទី៦.    ចំពោះ​វិធានការទី៦ ទាក់ទង​នឹងការ​បញ្ជ្រាបការ​ឆ្លើយតប​ការរាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​ក្នុងប្រព័ន្ធ​សុខាភិបាល យើងកំពុង​ធ្វើការ​អភិវឌ្ឍ​នូវក្របខណ្ឌ​នៃដំណើរ​ការ​បញ្ជ្រាប​ដែលចង្អុល​បង្ហាញ​នូវដំណាក់កាល និងវិធីបញ្ជ្រាប​អន្តរាគមន៍​បន្តបន្ទាប់​យោងតាម​អាទិភាព​កម្មនៃការងារ​នីមួយៗ។

សរុបមក ចំណុចសំខាន់នោះគឺត្រូវយកចិត្តទុកដាក់​រៀបចំ​យន្តការ​ឆ្លើយតប​នឹងជំងឺអេដស៍​ពីអន្តរកាល​ឆ្ពោះទៅកាន់​ចីរភាព (From Transition to Sustainability) ដែល​តម្រូវយើង​ពង្រឹងការ​គ្រប់គ្រងផង និងត្រៀមខ្លួន​ធ្វើម្ចាស់ការ (From Management to Leadership) នៅក្នុងស្ថាប័ន​នៅមូលដ្ឋាន​ដែលជា​សមត្ថកិច្ច​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី។ ខ្ញុំមានសង្ឃឹម​យ៉ាងមុតមាំថា លទ្ធផល​ដែលទទួល​បានពីកិច្ចប្រជុំនេះ ពិតជា​មានសារៈ​សំខាន់ ដែលនឹងផ្តល់​ទៅដល់​ក្រុមការងារ​បច្ចេកទេស អាចយកទៅ​ប្រើប្រាស់​ក្នុងការ​បន្តអនុវត្ត​ការងារ​ឆ្លើយតបទៅនឹង​ការរាលដាល​មេរោគអេដស៍ និងជំងឺអេដស៍ នៅក្នុង​រយៈពេល៦ខែ​ចុងឆ្នាំ២០២០ ទៅតាម​អនុសាសន៍​ដែលនឹង​ផ្តល់ជូន​ក្នុងសម័យ​ប្រជុំពេញអង្គ​នាពេលនេះ។