ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំរួមប្រចាំខែឧសភា ឆ្នាំ២០២០ តាមវីដេអូខនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០             ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំរួមប្រចាំខែឧសភា តាមកម្មវិធីវីដេអូខនហ្វឺរេន BlueJeans។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទល័យ នាយករងខុទ្ទល័យ ទីប្រឹក្សាបច្ចេកទេស អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ សរុបចំនួន៤៨រូប ដើម្បីពិនិត្យលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ស្វាគមន៍ និងបានថ្លែងកោតសរសើរមន្រ្តីរាជការទាំងអស់ដែលបានធ្វើការយ៉ាងសកម្ម និងបានទទួលនូវលទ្ធផលល្អ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យបន្តកិច្ចប្រឹងប្រែងទាំងអស់គ្នា ដើម្បីការរីកចម្រើនរបស់ស្ថាប័ន លើសពីនេះទៅទៀតឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ការប្រជុំលើកនេះ គឺជាការប្រជុំលើកចុងក្រោយតាមវីដេអូខនហ្វឺរេន លើកក្រោយយើងអាចរៀបចំប្រជុំរួមបាន។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន  ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើបទបង្ហាញរបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែបន្ទាប់។

ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការបានធ្វើបទបង្ហាញនូវចំណុចសំខាន់ៗដូចខាងក្រោម ៖
សមិទ្ធផលការងារឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍
•    ឯកឧត្តម ទា ផលា បានសម្រេចថា រាល់សកម្មភាពកិច្ចប្រជុំនៅ អ.ជ.ប.ជ.អ អនុញ្ញាតឱ្យសមាជិកចូលរួម តិចជាង២០នាក់ ក្នុងការពិភាក្សាដើម្បីសម្រេចគោលដៅ។
•    សម្រាប់ FRA តាមរយៈឯកឧត្តម ទា ផលា អ.ជ.ប.ជ.អ ទទួលបានថវិការយៈពេល៣ឆ្នាំ ពីឆ្នាំ២០២១-២០២៣ មានកំណើនទឹកប្រាក់ចំនួន ៣៣៤.០០០ ដុល្លារ សម្រាប់អនុវត្តការងារ។
•    ចំពោះ Co-Financing សំរាប់ARV ផែនការថវិការបស់មូលនិធិសកល រយះពេល៣ឆ្នាំ មានចំនួន១១លានដុល្លារអាមេរិក ដោយនៅឆ្នាំទីមួយ (២០២១) ស្មើនឹង២.៥ លានដុល្លារ ឆ្នាំទីពីរ(២០២២)  ៣.៥ លានដុល្លារ និងឆ្នាំទីបី(២០២៣) ៥ លានដុល្លារ និងថវិការដ្ឋាភិបាលរយះពេល៣ឆ្នាំ តាមសំណើររបស់ឯកឧត្តមទេសរដ្ឋមន្រ្តី មានចំនួន ៣.២ លានដុល្លារ សរុបទាំងអស់ស្មើ១៤.២ លានរដុល្លាអាមេរិក។
•    បានបញ្ចប់ឯកសារពាក់ព័ន្ធ និងវគ្គបណ្តុះបណ្តាលតម្រង់ទិស សម្រាប់សកម្មភាពសមាហរណកម្មកម្មវិធី   អេដស៍ ទៅក្នុងផែនការអភិវឌ្ឍ និងរៀបចំគម្រោងថវិកាសម្រប់ឃុំក្នុងស្រុកបរសេដ្ឋ។
•    បានបញ្ចប់សេចក្តីព្រាងពាក្យបំព្រួញទាក់ទងទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
•    បានបញ្ចប់សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការបង្ការការចម្លងមេរោគអេដស៍ជាសកល។
•    បានបកប្រែជាភាសាជាតិនៃឯកសារជាយុទ្ធសាស្រ្តជាតិជាពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺ   អេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៥។
•    បានឯកភាពលើការផ្តួចផ្តើមនៃការបន្តសិក្សាពីស្ថានភាព និងទស្សនទាននៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ មានឯកសារដូចជា ៖ Smart ២០១៩, NCHADS 2021-2025, C0-Financing, GF 2021-2023, AEM 2019, APS 2019 ព្រមទាំងឯកសារ NASA សិក្សាលើ            ហិរញ្ញប្បទាន ឯកសារទាំងនេះតម្រូវឱ្យអគ្គលេខាធិការដ្ឋានព្យាយាមអានស្វែងយល់ទាំងអស់គ្នាដើម្បីដាក់ធាតុបញ្ចូលគ្នា។

លើសពីនេះទៅទៀត ឯកឧត្តម បានរៀបរាប់នូវបញ្ហា និងភាពប្រឈម ស្តីអំពីស្ថានភាពជំងឺកូវីដ១៩ ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ការអនុវត្តសកម្មភាពការងារដូចខាងក្រោម ៖
•    ស្ថានភាពជំងឺកូវីដ១៩ គឺធ្វើឱ្យមានផលប៉ះពាល់ដោយផ្ទាល់ ដូច្នេះ កម្មវិធីមួយចំនួនមិនអាចអនុវត្តបានទេ។
•    ការទូទាត់បង្វិលថវិកាទៅក្នុងបេឡាមានភាពយឺតយ៉ាវ។
•    មិនទាន់មានសារាចរណែនាំពីការរៀបចំថវិកាប្រចាំឆ្នាំ។
•    មិនទាន់អាចកំណត់កាលបរិច្ឆេទឱ្យបានច្បាស់លាស់នៃកិច្ចប្រជុំពេញអង្គលើកទី១ ឆ្នាំ២០២០។
•    ថវិកាឆ្នាំ២០២០ ត្រូវបានកាត់បន្ថយ៥០% ដែលតម្រូវឱ្យកែសម្រួលនូវសកម្មភាព និងមុខចំណាយមួយ     ចំនួន។
•    សកម្មភាពនៃគម្រោងមូលនិធិសកលមួយចំនួន ជាពិសេសសកម្មភាពជួបជុំ ប្រមូលផ្តុំនៅតែមិនទាន់អាច អនុវត្តបាន។
•    ការផ្តល់អត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ (ID Poor) មកដល់ពេលនេះទើបទទួលបានប្រមាណតែ២០% ដោយធៀបទៅនឹងការកំណត់សូចនាកររួម (JMI) ៨០% របស់រាជរដ្ឋាភិបាល និងដៃគូ។
•    បានផ្តល់របាយការណ៍ជូនថ្នាក់ដឹកនាំរួចហើយ តាមរយះ ឯកឧត្តម ទា ផលា អំពីកិច្ចប្រជុំជាមួយក្រសួងផែនការ NCHADS, UNAIDS, HP+ ដោយមានការឯកភាពគ្នា ចង់អោយមានការផ្តល់បណ្ណសមធម៌ដល់អ្នកផ្ទុកមេរោគអេដស៍ នៅមូលដ្ឋានសុខាភិបាល ដែលទាមទារឱ្យធ្វើការកែប្រព័ន្ធសូហ្វវែ (Software) សម្រាប់ចុះបញ្ជីការផ្តល់បណ្ណសមធម៌។ តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយតបណាមួយពីក្រសួងផែនការទេ។ តាមចំណុចនេះផងដែរ ចំពោះក្រុមប្រជាជនប្រឈមមុខខ្ពស់ ដោយផ្អែកតាមតួរលេខថ្មីៗមានការកើនឡើងខ្ពស់។ កន្លងមកនេះ គឺមានការស្នើសុំចង់ឱ្យក្រុមប្រជាជនប្រឈមមុខខ្ពស់បានទទួលនូវបណ្ណសមធម៌ (ID Poor) ដូចក្រុមអ្នកផ្ទុកមេរោគអេដស៍ដែរ។ ស.ជ.ណ.២១៣ មិនបានកំណត់អំពីក្រុមប្រជាជនប្រឈមមុខខ្ពស់ទេ ប៉ុន្តែក្នុងកិច្ចប្រជុំកន្លងមក សង្គមស៊ីវិលបានលើកឡើងពីបញ្ហានេះ។
•    ការប៉ាន់ប្រមាណតម្រូវការថវិកាឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើវិស័យសុខាភិបាល (HSSP-HIV ២០២១-២០២៥) មានភាពខុសគ្នាច្រើន ជាងតម្រូវការថវិកាឆ្លើយតបជាពហុវិស័យនឹង      មេរោគអេដស៍ និងជំងឺអេដស៍ (NSP V ២០១៩-២០២៣) ទោះអ.ជ.ប.ជ.អ ធ្វើការងារដល់ទៅពីរមុខ គឺផ្នែកសុខាភិបាលផង និងមិនមែនសុខាភិបាលផង។
•    គម្លាតធនធានថវិកាសម្រាប់យុទ្ធសាស្រ្តឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅតែជាកង្វល់។

បន្ទាប់ពីស្តាប់របាយការណ៍ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អគ្គលេខាធិការដែលបានធ្វើរបាយការណ៍ និងបានរៀបរាប់យ៉ាងក្បោះក្បាយ។ ទោះបីយើងស្ថិតនៅក្រោមសម្ពាធហានិភ័យនៃជំងឺកូវីដ១៩ យ៉ាងណាក្តី ក៏ អ.ជ.ប.ជ.អ ជាពិសេសអគ្គលេខាធិការ នៅតែមានលទ្ធភាពដំណើរការងារបានល្អ។

ជាបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ ធ្វើបទបង្ហាញ ពីការងារបច្ចេកទេសបន្តទៅទៀត។ ដោយទទួលបានការអនុញ្ញាតឯកឧត្តម ទា ផលា បានរាយការណ៍ជូនអង្គប្រជុំដូចតទៅ៖
•    ទាក់ទងនឹងបទបង្ហាញរបស់អគ្គលេខាធិការ ដំបូងឯកឧត្តម ទា ផលា បានស្នើសុំការផ្តល់អនុសាសន៍ពីឯកឧត្តមទេសរដ្ឋមន្រ្តី ដើម្បីរៀបចំដំណើរការបង្វឹករបៀបធ្វើកាបញ្ជ្រៀបបញ្ហាអេដស៍ក្នុងផែនការអភិវឌ្ឍន៍ឃុំ សង្កាត់ និងផែនការវិនិយោគឃុំ សង្កាត់ (CDP/CIP) ថា តើត្រូវអនុវត្តយ៉ាងដូចម្តេច?
•    ឆ្នាំនេះយើងមានការសប្បាយចិត្តដោយសារ Proposal for Global Fund គឺមានការ reflection តាមអ្វីដែលយើងចង់បាន ក៏ប៉ុន្តែ ការយល់ដឹងរបស់មន្ត្រីមួយចំនួននៅមានកម្រិតក្នុងការពង្រឹងស្ថាប័នរបស់យើង ដូចជា CDP, ID Poor និងដំណើរការនៃការអនុវត្តត្រូវធ្វើយ៉ាងដូចម្តេច។
•    ខាងដៃគូនានា (Stakeholders) ទាំងអស់មានការសប្បាយចិត្តណាស់ គឺអ.ជ.ប.ជ.អ ធ្វើការងារសំខាន់ៗ។
•    ឯកឧត្តមអគ្គលេខាធិការ បានធ្វើបទបង្ហាញពីសកម្មភាពជាច្រើន ប៉ុន្តែត្រូវដឹងថា សកម្មភាពទាំងនោះអ្វីដែលសំខាន់។ ចំណុចចដែលសំខាន់ជាងគេនោះគឺត្រូវស្គាល់ពីសមរភូមិដែលក្រុម outreach workers បានចុះទៅក្នុង សមរភូមិផ្ទាល់ ជួបអ្នកជំងឺ១៥០.០០០ ឬ១៧០.០០០នាក់ ដែលឯកឧត្តមអគ្គលេខាធិការបានមានប្រសាសន៍។ តើយើងបានចុះហើយឬនៅ? ហើយឃើញពួកគាត់ប្រើរូបមន្តអ្វី? មានឧបករណ៍អ្វីខ្លះ? (Tools) ធ្វើអ្វីខ្លះ? ជួបឧបសគ្គអ្វីខ្លះ?
•    ចំពោះសមរភូមិ ART sites តើយើងបានទៅពិនិត្យមើលឃើញច្បាស់លាស់ហើយឬនៅ?
•    ត្រូវស្គាល់ពីអាវុធយុទ្ធភណ្ឌថ្មីៗ កាលពីលើកមុនមានស្រោមអនាម័យ ការឆ្លងកាមរោគ (STI) មានស្ពត់ ប៉ុន្តែឥឡូវឃើញបទបង្ហាញនៅក្នុង CCC, USAID មានអាវុធយុទ្ធភណ្ឌថ្មីៗច្រើនណាស់ មានប្រហែលជាង១០មុខ    ឯណោះ។ តើយើងស្គាល់ឧបករណ៍ទាំងអស់នោះអស់ហើយឬនៅ? ឧទាហរណ៍ PrEP, PEP, Recency test, PNTT, EACMI….. ដូច្នេះត្រូវចាត់តាំងមន្រ្តីឱ្យទទួលខុសត្រូវតាមនាយកដ្ឋាននីមួយៗ ឬអគ្គលេខាធិការរងចុះទៅពិនិត្យមើលដើម្បីឱ្យតាមទាន់ពីយន្តការវេជ្ជសាស្ត្រ។ បើពិនិត្យមើលទៅយើងមានការយឺតយ៉ាវជាងគេរហូតដល់១០ឆ្នាំឯណោះ យើងមិនបានដឹងថា គេបានធ្វើអ្វីទេ ដូច្នេះយើងត្រូវរៀនសូត្រឱ្យបានយល់ និងអនុវត្តទាំងអស់គ្នា។
•    មន្រ្តីនៃ អ.ជ.ប.ជ.អ ត្រូវស្គាល់ពីបណ្តាញទាំងអស់ដែលកំពុងប្រតិបត្តិតាមខេត្ត រួមទាំងក្រុមការងារ (outreach workers) ដូច្នេះ យើងត្រូវស្គាល់ទាំងអស់ពីថ្នាក់ជាតិ និងថ្នាក់ខេត្ត។ ពេលយើងចុះទៅដល់កន្លែងណាមួយ ត្រូវក្តាប់បញ្ហាឱ្យបាន ឥឡូវនេះប្រហែលយើងមិនសូវស្គាល់ទេ ដោយសារតែយើងចូលរួមមិនទាន់បានពេញលេញ។
•    សម្រប់យុទ្ធសាស្រ្តទៅអនាគត យើងត្រូវស្គាល់សមរភូមិអាវុធយុទ្ធភណ្ឌ ស្គាល់ពីបណ្តាញក្រុមការងារ(Network)    តើវិធីសាស្រ្តដែលយើងយកទៅធ្វើការជាមួយពួកគាត់មានប្រសិទ្ធភាពឬទេ? តើយើងអាចលើកទឹកចិត្ត ឃុំ សង្កាត់ ឱ្យធ្វើការងារនេះបានដែរឬទេ? ក្នុងនោះមាន៣ចំនុច ទី១) គឺ Crossing M &E ទី២) មានបទពិសោធន៍ (Experience) ទី៣) គឺជ្រមុជទឹក (Emersion) បានន័យថា ពីដើមគាត់មិនខ្វល់  មិនចេះអាណិតអ្នកផ្ទុកមេរោគអេដស៍ ឥឡូវឱ្យគាត់ចេះផ្លាស់ប្តូរការប្រព្រឹត្ត។
•    ក្នុងវគ្គសិក្ខាសាលាខ្លះ យើងមិនអាចធ្វីជា Trainers រហូតទេ គឺយើងអាចទៅស្តាប់ដោយសារកន្លែងខ្លះយើងនៅមិនទាន់បានសិក្សាស្វែងយល់។
•    សម្រាប់អនាគត សូមបញ្ជាក់ថា ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ថ្នាក់ខេត្ត ហើយចូលទៅដល់សហគមន៍ (Committees) ទៅតាមដល់អ្នកជំងឺ គឺពីមួយទៅមួយ មានលក្ខណៈជាចង្វាក់ (Chain) តៗគ្នា។ ចង្វាក់តៗគ្នានេះ គឺដោយក្តីអាណិត ក្តីស្រឡាញ់ និងមានជំនឿជឿជាក់ (Trustful)។

បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រីបានទទួលរបាយការណ៍របស់ ឯកឧត្តម ទា ផលា យ៉ាងលម្អិតពីយុទ្ធសាស្រ្តប្រយុទ្ធយើងត្រូវដឹង ត្រូវស្គាល់ ការងារដែលត្រូវធ្វើខាងមុខ ជាពិសេសត្រូវស្គាល់សមរភូមិប្រយុទ្ធ ត្រូវស្គាល់អាវុធយុទ្ធភណ្ឌ ហើយមុននឹងឆ្លើយតបទៅនឹងរបាយការណ៍របស់ ឯកឧត្តម ទា ផលា និងឯកឧត្តមអគ្គលេខាធិការ ដែលបានលើកឡើង ឯកឧត្តមទេសរដ្ឋមន្ត្រី បានទាញអារម្មណ៍មកពិនិត្យលើស្ថានភាពជំងឺកូវីដ១៩។ ជំងឺនេះកើតឡើងដោយគ្មានអ្នកវិទ្យាសាស្ត្រណាមួយបានមើលឃើញ។ វាជារឿងមួយដែលកើតឡើងពីការធ្វេសប្រហែសរបស់ពិភពលោក ទោះបី ជាមានអ្នកណែនាំគិតគូ ដូចជារឿងអេដស៍ជាដើម៖
•    លោក បៀល ហ្គេត (Bill Gates) បាននិយាយថា គ្រោះមហន្តរាយរបស់ពិភពលោកមិនមែននុយក្លេអ៊ែទេ គឺរឿងជំងឺរាតត្បាត (Pandemic) រឿងជំងឺឆ្លង។ លោក បៀល ហ្គេត បានចំណាយថវិការច្រើនណាស់ ដើម្បីជួយធ្វើការសិក្សាស្រាវជ្រាវអំពីជំងឺឆ្លងជុំវិញពិភពលោក។
•    មេដឹកនាំមួយចំនួនក៏បានគិតពីជំងឺកូវីដ-១៩ផងដែរ ដូចជាលោក បារ៉ាក់ អូបាម៉ា មុនពេលដែលគាត់ផ្ទេរតំណែង គាត់បានផ្តល់ព័ត៌មានថា នឹងមានបញ្ហានៃការរាតត្បាតជំងឺ (Pandemic) ដោយមានបទពិសោធន៍ពីការរាតត្បាតជំងឺអេបូឡាជាដើម ឱ្យត្រៀម អាចនឹងមានជំងឺរាតត្បាត គ្រាន់តែគាត់មិនបានបញ្ជាក់នៅឆ្នាំណានោះទេ។ នៅសម័យ លោក បារ៉ាក់ អូបាម៉ា គាត់បានបង្កើតអង្គភាពមួយនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិដែលគិតគូតែពីរឿងជំងឺរាតត្បាត (Pandemic) ដល់ពេលលោក ដូណាល់ ត្រាំ គាត់ឡើងមក គាត់លុបចោលទាំងអស់ ជាហេតុធ្វើឱ្យមានផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខភាពសាធារណៈ រហូតដល់សព្វថ្ងៃនេះ។
•    បញ្ហាជំងឺកូវីដ១៩នេះ យើងឃើញថា សភាពការណ៍មានភាពធូរស្រាលច្រើន ពិភពលោកបើកឱ្យមានចរាចរ ឱ្យមនុស្សចេញចូលជាច្រើនហើយ ក៏ប៉ុន្តែវាមិនទាន់វិលត្រឡប់ទៅសភាពដើមវិញទេ។ គេនៅតែព្រួយបារម្ភដោយ សារតែការធ្វើវ៉ាក់សាំងនៅមិនទាន់បានជោគជ័យ និងរកថ្នាំព្យាបាលឱ្យបានពិតប្រាកដមិនទាន់មាន។ ជំងឺកូវីដ ១៩ នេះធ្វើឱ្យមានបញ្ហាច្រើនណាស់ ប្រទេសនីមួយៗបានជួបនូវឱនភាពថវិកា និងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើននៅមិនទាន់ស្តារឡើងវិញបាននៅឡើយទេ។ មានតែប្រទេសចិនទេ ដែលងើបឡើងវិញ ពីព្រោះគេទប់ស្កាត់បាន អាចដំណើរការឡើងវិញបាន។ ប៉ុន្តែពិភពលោកពឹងផ្អែកទៅលើចិន នៅពេលចប់ជំងឺកូវីដ១៩ គេអាចត្រូវរើរោងចក្រ បណ្តាញភស្តុភារដែលចិនជាអ្នកផ្តល់ទៅកាន់ប្រទេសផ្សេងៗ      ទៀត។ ដូច្នេះ គេអាចនឹងធ្វើវិនិយោគនោះ ទៅប្រទេសនៅអាស៊ាន (វៀតណាម)។ ក៏ប៉ុន្តែតាមបទពិសោធន៍ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាមេរិកប្រកាសថា នឹងដករោងចក្រពីប្រទេសចិន ទៅបង្កើតរោងចក្រនៅអាមេរិកវិញ ប៉ុន្តែនៅមិនទាន់មានរោងចក្រណារើនៅឡើយទេ។ រោងចក្រដែលមាននៅប្រទេសចិនភាគច្រើនជារោងចក្ររបស់អាមេរិក បើសិនជារើរោងចក្រពីប្រទេសចិនទៅអាមេរិកវិញ គឺតម្លៃផលិត វាកាន់តែខ្ពស់ ហើយវាអាចបាត់បងទីផ្សារចិន។ កម្ពុជាក៏ដូចជាប្រទេសដទៃទៀតដែរ ទទួលរងផលប៉ះពាល់សេដ្ឋកិច្ច ដល់សុខមាលភាព សាធារណៈ ថែមទាំងបានគំរាមកំហែងដល់ការអភិវឌ្ឍសង្គម។ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវកញ្ចប់វិធានការ ដើម្បីរក្សាលំនឹងសកម្មភាពអាជីវកម្ម ដែលរងផលប៉ះពាល់ ជួយសម្រាលដល់ជីវភាពកម្មករ និយោជិត និងប្រជាពលរដ្ឋកម្ពុជាផងដែរ។ សព្វថ្ងៃរោងចក្រយើងនៅដំណើរការ សង្ឃឹមថា ប្រទេសកម្ពុជាយើងនឹងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ ដោយសារយើងអាចប្តូរពីការងាររោងចក្រកាត់ដេទៅធ្វើអ្វីក៏បាន។ បើគ្មានការងារធ្វើក៏រាជរដ្ឋាភិបាលជួយថវិកាយ៉ាងហោចណាស់ក៏៧០ដុល្លារសម្រាប់ម្នាក់ៗ។ លើសពីនោះទៅទៀតពួកគាត់អាចជួយការងារ ឪពុក ម្តាយនៅឯស្រុក។ ម្យ៉ាងវិញទៀត វាក៏ធ្វើនាំឱ្យមានការផ្លាស់ប្តូរទម្លាប់នៃការរស់នៅរបស់ប្រជាជនផងដែរ ដូចជាចេះអនាម័យ ដោយលាងដៃនឹងសាប៊ូ អាល់កុល ចេះរស់នៅដោយមានគម្លាតពីគ្នា។ វាបានធ្វើឱ្យរាំងស្ទះការងាររបស់យើងមួយចំនួន ក៏ប៉ុន្តែរហូតមកដល់ពេលនេះយើងអាចដំណើរការបានស្ទើតែធម្មតា។ យើងរងចាំក្នុងខែមិថុនានេះទៀត បើសភាពការណ៍នៅ  តែល្អ ដល់ខែកក្កដា យើងអាចដំណើរការឡើងវិញបាន។
•    ចំពោះបេសកកម្ម សកម្មភាពមូលនិធិសកលដែលអគ្គលេខាធិការបានលើកឡើងថា យើងមិនបានចុះ អនុវត្តបានតែ៤៦%។ ក៏ប៉ុន្តែបើសភាពការណ៍នៅតែបន្ត យើងត្រូវរកវិធីផ្សេងៗទៀត ដូចជាបង្កើនការចុះឱ្យបានច្រើនដង ប៉ុន្តែកាត់បន្ថយចំនួនមន្រ្តី។
•    ការប្រជុំពេញអង្គ យើងរងចាំក្នុងខែមិថុនានេះទៀត បើសភាពការណ៍កាន់តែធូរស្រាល យើងអាចចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ធ្វើការប្រជុំនៅកន្លែងណាមួយ។ បើសភាពការណ៍មិនអនុគ្រោះទេ ដើមខែកក្កដា យើងប្រជុំតាមវីដេអូខនហ្វឺរេនជាធម្មតា។
•    ការវាយតម្លៃខុសគ្នាក្នុងការចំណាយ រវាងការងារអេដស៍ និងមិនមែនអេដស៍ គឺមិនអាចកែប្រែបាន។
•    យើងយកខេត្តកំពង់ស្ពឺជាខេត្តគោលដៅ សម្រាប់បញ្រ្ជាបកម្មវិធីការងារអេដស៍នៅថ្នាក់ក្រោមជាតិ តែយើងចាប់ផ្តើមពីស្រុកបរសេដ្ឋសិន បន្ទាប់មកចាប់ផ្តើមនៅខេត្តទាំងមូល។
•    ផែនការសកម្មភាពដែលឯកឧត្តម ទា ផលា បានណែនាំ គឺត្រូវអនុវត្តទៅតាមដំណាក់កាលនីមួយៗ មិនត្រូវរំលងចំណុចណាមួយទេ ពិសេសត្រូវស្គាល់សមរភូមិ។ យើងមិនបានចុះទៅផ្ទាល់ទេ យើងជាអ្នកសម្របសម្រួលការងារអេដស៍ អ្នកដែលចុះទៅផ្ទាល់ គឺអ្នកព្យាបាល ART site យើងត្រូវតែដឹង។
•    ត្រូវមានដំណោះស្រាយ តាមរយៈការរៀនសូត្រ បង្រៀនគ្នា ពន្យល់គ្នា ឯកឧត្តម ទា ផលា ណែនាំ ឯកឧត្តមអគ្គលេខាធិការឱ្យមន្រ្តីរបស់គាត់ទៅរៀនសូត្រ យល់ដឹងពីសមរភូមិ និងអាវុធយុទ្ធភណ្ឌ។
•    ឯកឧត្តមអគ្គលេខាធិការ ត្រូវត្រៀមលិខិតជូនអភិបាលខេត្ត ណែនាំថា អ.ជ.ប.ជ.អ នឹងយកខេត្តកំពង់ស្ពឺជាតំបន់អនុវត្តគោលនយោបាយជាតិ កម្មវិធីអេដស៍នៅថ្នាក់ក្រោមជាតិ។
•    មន្រ្តីនៃអ.ជ.ប.ជ.អ ចាប់ពីអនុប្រធាននាយកដ្ឋានត្រូវបង្កើតសមត្ថភាពរបស់ខ្លួនតាមរយះការបណ្តុះបណ្តាល ដើម្បីទៅចូលរួមប្រជុំ និងធ្វើការណែនាំពីគោលនយោបាយរបស់យើង។
•    ឯកឧត្តម ទា ផលា ដែលមានជំនាញច្រើនជាងគេ ត្រូវជួយបង្រៀន ដើម្បីបង្កើនចំណេះដឹង និងចែករំលែក      បទពិសោធន៍ទៅដល់មន្ត្រីនៃអ.ជ.ប.ជ.អ ទាំងអស់គ្នា។
•    ពីមុនការអនុវត្តកម្មវិធី វាមិនមានការប្រទាក់ក្រឡាគ្នារវាង អ.ជ.ប.ជ.អ និងអង្គការក្រៅរដ្ឋាភិបាល។ ដូច្នេះដើម្បីរក្សាចីរភាពយូរអង្វែង ក្នុងនាមយើងជាអ្នកសម្របសម្រួលការងារ ជាអ្នកអនុវត្តគោលនយោបាយរបស់ជាតិ យើងត្រូវដឹងថា អង្គការក្រៅរដ្ឋាភិបាលគេធ្វើអ្វី ហើយយើងត្រូវដឹងអ្វីពីគេ។ ជួនកាលថ្នាក់ឃុំ សង្កាត់មានការយល់ដឹងច្រើន។ នៅពេលដែលយើងទៅធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាល ជាមួយមន្រ្តីថ្នាក់ក្រោមជាតិ ថ្នាក់ឃុំ សង្កាត់ យើងត្រូវគិតថា យើងទៅស្វែងយល់ទេ ត្រូវប្រើវិធីសាស្រ្តបែបណាឱ្យគាត់ផ្តល់ព័ត៌មានឱ្យមកយើងឱ្យបានច្រើន និងណែនាំឱ្យគាត់អនុវត្តតាមគោលនយោបាយរបស់ថ្នាក់ជាតិ។

ជាថ្មីម្តងទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានអនុញ្ញាតជូន ឯកឧត្តម ទា ផលា និងឯកឧត្តម ឈឹម ឃិនដារ៉េត   មានមតិបន្ថែម។
ឯកឧត្តម ទា ផលា សូមជម្រាបប្រសាសន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីថា អង្គការពុទ្ធសាសនាដើម្បីសុខភាព គាត់បានធ្វើ១៥០ឃុំ សង្កាត់ ទូទាំងប្រទេសរួចហើយ ទោះបីជាថវិកាអេដស៍តិចក៏ដោយ ក៏មាននៅក្នុង១៥០ ឃុំ សង្កាត់ដែរ  ដូច្នេះអគ្គលេខាធិការត្រូវរៀបចំនូវចំណុចទី១, ២, ៣ ដើម្បីអនុវត្តជាបន្តបន្ទាប់។
ឯកឧត្តម ឈឹម     ឃិនដារ៉េត សូមជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋាននៅពេលនេះមានការអភិវឌ្ឍថ្មី បានរៀបចំបែបបទថ្មី គឺធ្វើអ្វីៗសម្លេងតែមួយ (One Voice) នៅក្នុងកិច្ចប្រជុំត្រូវយល់គ្នា និងមានសាមគ្គីគ្នា រាល់បញ្ហាទាំងអស់ គឺលើកឡើងក្នុងកិច្ចប្រជុំ រួចដាក់ស្នើសុំសម្រេចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី។
អគ្គលេខាធិការដ្ឋាន ជាទូទៅបានបញ្ជូនមន្រ្តីជាប្រធាន ឬអនុប្រធាននាយកដ្ឋានចំនួន២នាក់ជាប្រចាំ ដើម្បីចុះទៅសិក្សាជាមួយឯកឧត្តម ទា ផលា ពេលត្រឡប់មកវិញ គឺត្រូវរាយការណ៍ក្នុងកិច្ចប្រជុំបច្ចេកទេសដើម្បីឱ្យមន្រ្តីទាំងអស់បានដឹង។ រាល់កិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេស តាមអង្គការនីមួយៗត្រូវធ្វើបទបង្ហាញពីការចុះអង្កេត (Survey) របស់ខ្លួនដែលបានអនុវត្ត។ ចំពោះមន្រ្តីដែលចុះតាមថ្នាក់ដឹកនាំនេះ សំខាន់បំផុត គឺទៅរៀនសូត្រផង ធ្វើការងារផង និងយកមកផ្សព្វផ្សាយនៅអគ្គលេខាធិការដ្ឋានផង។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំថា ឯកឧត្តម ទា ផលា នៅពេលដែលចុះបេសកម្ម ត្រូវតែមានខាងអគ្គលេខាធិការដ្ឋានអមទៅជាមួយ ហើយនៅពេលត្រឡប់មកវិញ ត្រូវចែករំលែកចំណេះដឹង បទពិសោធន៍។      បើឃើញមានចំនុចខ្វះខាត ត្រូវរកវិធីដោះស្រាយ ដើម្បីបំពេញបន្ថែម។ ថ្នាក់ដឹកនាំរបស់យើងចាប់ពីអនុប្រធាននាយកដ្ឋានឡើង ត្រូវតែយល់ដឹងពីគោលនយោបាយ ពីការងារបច្ចេកទេសរបស់យើងគ្រប់ៗគ្នា ហើយយើងអាចជំនួសគ្នាបាន។
អង្គប្រជុំបានបញ្ចប់នៅវេលាម៉ោង១១:១៤នាទី ប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង។



ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   កិច្ចប្រជុំរួមប្រចាំខែឧសភា ឆ្នាំ២០២០ តាមវីដេអូខនហ្វឺរេន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី0.96 MB