ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំវីដេអូខនហ្វឺរេន តាមកម្មវិធី BlueJeans ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី

នាព្រឹកថ្ងៃអង្គារ  ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។             ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំកិច្ចប្រជុំវីដេអូខនហ្វឺរេន តាមកម្មវិធី BlueJeans ដែលមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន អគ្គលេខាធិការ នាយកខុទ្ទល័យ នាយករងខុទ្ទល័យ ទីប្រឹក្សាបច្ចេកទេស អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ សរុបចំនួន៥៤រូប ដើម្បីពិនិត្យលទ្ធផលសកម្មភាពរបស់ថ្នាក់ដឹកនាំ និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ស្វាគមន៍ និងបានថ្លែងកោតសរសើរមន្រ្តីរាជការទាំងអស់ដែលបានធ្វើការយ៉ាងសកម្ម និងបានទទួលនូវលទ្ធផលល្អ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំថា    ត្រូវបន្តកិច្ចប្រឹងប្រែងទាំងអស់គ្នា ដើម្បីការរីកចម្រើនរបស់ស្ថាប័ន និងទទួលបានជំនឿទុកចិត្តពីថ្នាក់ដឹកនាំ។ បន្ទាប់មក ឯកឧត្តមទេសរដ្ឋមន្រ្តី បានអនុញ្ញាតជូន     ឯកឧត្តម ឈឹម ឃិនដារ៉េត អគ្គលេខាធិការ ធ្វើបទបង្ហាញស្តីអំពី របាយការណ៍វឌ្ឍនភាពនៃលទ្ធផលសកម្មភាពការងាររបស់ថ្នាក់ដឹកនាំនិងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ដែលជាការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយបង្ហាញពីភាពប្រសើរ បញ្ហាឧបសគ្គ និងបញ្ហាប្រឈម ប្រចាំខែមេសា ឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ខែបន្ទាប់។

ឯកឧត្តម ឈឹម ឃិនដារ៉េត បានរៀបរាប់ពីឧបសគ្គ និងបញ្ហាប្រឈមជម្រាបជូនអង្គប្រជុំដូចខាងក្រោម ៖
•    ដោយសារស្ថានភាពជំងឺកូវីដ១៩ នៅមិនទាន់មានសញ្ញានៃការថមថយ ធ្វើឱ្យការអនុវត្តការងារមួយចំនួនត្រូវពន្យារពេល។ ដោយឡែកការអនុវត្តគម្រោងមូលនិធិសកលដែលទាក់ទងនឹងការជួបជុំគ្នា ការបណ្តុះ            បណ្តាលក៏នៅមិនទាន់អាចអនុវត្តបាននៅឡើយ ដែលជាហេតុធ្វើឱ្យការចំណាយថវិកានៅមានកម្រិត។
•    ដោយសារស្ថានភាពជំងឺកូវីដ១៩ នៅមិនទាន់មានសញ្ញានៃការថមថយ ធ្វើឱ្យការអនុវត្តការងារមួយចំនួនត្រូវពន្យាពេល។ ដោយឡែកការអនុវត្តគម្រោងមូលនិធិសកលដែលទាក់ទងនឹងការជួបជុំគ្នា ការបណ្តុះបណ្តាល ក៏នៅមិនទាន់អាចអនុវត្តបាននៅឡើយ ជាហេតុធ្វើឱ្យការចំណាយថវិកានៅមានកម្រិត។
•    ចំពោះសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា២០២១- ២០២៣ នៅមិនទាន់ទទួលបាននៅឡើយ។ ដែលនាំឱ្យអគ្គលេខាធិការដ្ឋានមិនទាន់មានមូលដ្ឋានក្នុងការរៀបចំថវិកា។
•    សម្រាប់ការអនុវត្តនូវផែនការ២០២០នេះ ដោយសាបញ្ហាជំងឺកូវីដ១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញសារាចរណែនាំចំនួនពីរលើក។ លើកទី១ តាមលិខិតលេខ០០១ ស្តីពីការធ្វើនិយ័តកម្ម និងការពង្រឹងច្បាប់ហិរញ្ញវត្ថុ និងលើកទី២ តាមលិខិតលេខ០០៣ ដោយការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈពីថវិកាវិត្ថារកម្ម ទៅជាថវិកាតបៈកម្មក្នុងកម្រិតខ្ពស់មួយ ក្នុងនោះគឺមានការកាត់បន្ថយចំនួន៥០% នៅឆ្នាំ២០២០នេះ។ គោលដៅនៃការកាត់បន្ថយមានអាទិភាពចំនួន៤ ទី១) គឺប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩  ទី២) រក្សាលំនឹងជីវភាពប្រជាជនក្នុងកម្រិតអប្បបរមាណាមួយមិនឱ្យប្រជាជនអត់បាយ ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងអ្នកបាត់បង់ការងារ ទី៣) ខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីឱ្យធុរកិច្ច និងធ្វើអាជីវកម្មអាចរស់បាន និងរក្សាការងារពិសេសជំនួយសេដ្ឋកិច្ច និងទី៤) រក្សាបាននូវសន្តិភាពសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម ក្នុងនោះការកាត់បន្ថយ៥០% មានទាំងសម្ភារការិយាល័យ សង្ហារឹម សម្ភារបច្ចេកទេសព័ត៌មាន មិនមែនព័ត៌មាន សោហ៊ុយបណ្តុះបណ្តាលក្នុងប្រទេសនិងក្រៅប្រទេស ប្រជុំ និងសិក្ខាសាលា សន្និសីទ ឃោសនា និងផ្សព្វផ្សាយព័ត៌មាន។
•    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅមានឱកាសមួយដែរ ការកាត់បន្ថយបេសកកម្មក្នុងប្រទេសចំនួន៥០%នេះ លើកលែងតែក្រសួងចំនួន៣ គឺក្រសួងសុខាភិបាល (អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍) ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃផ្នែកសន្តិសុខសាធារណៈ។
•    ការអនុវត្ត ស.ជ.ណ ២១៣ យើងបានអនុវត្តការងារមួយចំនួនហើយ ប៉ុន្តែនៅការងារមួយចំនួនទៀតនៅមិនទាន់បានបង្កើតយន្តការសមស្របនៅឡើយ ដូចជាវិធានការទី១ វិធានការទី២ និងវិធានការទី៣។
+  វិធានការទី១៖
-   អគ្គលេខាធិការដ្ឋានបានរៀបចំសេចក្តីព្រាងទស្សនទានស្តីពីការរៀបចំធ្វើសមាហរណកម្ម កម្មវិធី អេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ឃុំ ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
-   បន្តរៀបចំកម្មវិធីបណ្តុះបណ្តាលដែលមានលក្ខណៈសាមញ្ញ ងាយស្រួលយល់ និងអាចយកទៅអនុវត្តបាន សម្រាប់ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ គណៈកម្មាធិការទទួលកិច្ចការនារី និងកុមារ (គកនក) និងប៉ូលីសបុស្តិ៍។
-  តាមបទពិសោធន៍ជាក់ស្តែងមានឃុំខ្លះនៅខេត្តបាត់ដំបង កំពង់ចាម ខេត្តកណ្តាលបានអនុវត្តផ្តល់មូលនិធិថវិកាឃុំ សង្កាត់ឱ្យដល់អ្នកផ្ទុកមេរោគធ្វើដំណើរទៅយកថ្នាំARV និងផ្តល់សាច់ប្រាក់ឧបត្ថមដល់អ្នកកំដរអ្នកជំងឺផងដែរ (ឃុំនៅខេត្តកំពង់ចាម ៥០០០រៀល/ថ្ងៃ)។
+  វិធានការទី២៖
-  ការផ្តល់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដល់អ្នកផ្ទុកមេរោគអេដស៍ មកដល់ពេលនេះទើបទទួលបានប្រមាណ២០% ធៀបទៅនឹងការកំណត់សូចនាកររួម (JMI) ៨០% របស់រាជរដ្ឋាភិបាល និងដៃគូ ដោយសារបញ្ហា១) ការរក្សាការសម្ងាត់តាមមាត្រា៣៣នៃច្បាប់អេដស៍ និង២) ដោយសារប្រព័ន្ធដែលមានស្រាប់អនុវត្តសម្រាប់តែអ្នកក្រីក្រ តាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់។
-  កិច្ចពិភាក្សារវាង NAA, MOP, NCHADS, UNAIDS, HP+ បានឯកភាពថា ដើម្បីជំរុញឱ្យសម្រេចបានតាមសូចនាករកំណត់ ការផ្តល់ប័ណ្ណក្រីក្រនេះ គួរតែ៖
១. ចំពោះអ្នកផ្ទុកគួរមកធ្វើនៅ ART sites ដែលមន្ត្រីសុខាភិបាលជាអ្នកទទួលខុសត្រូវ។ ក្នុងករណីនេះ ក្រសួងផែនការនឹងធ្វើការចរចារជាមួយ GIZ ក្នុងការកែសម្រួលប្រព័ន្ធចុះបញ្ជីដែលកំពុងប្រើប្រាស់ ឱ្យដំណើរការបាន។ ដើម្បីដំណើរការនេះត្រូវការថវិកាសម្រាប់រៀបចំកែសម្រួលប្រព័ន្ធចុះបញ្ជី និងការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលដែលទទួលខុសត្រូវការងារ។
២. សម្រាប់គ្រួសារអ្នកផ្ទុកដែលក្រីក្រ ត្រូវចុះស្នើសុំប័ណ្ណក្រីក្រ តាមនីតិវិធីដែលបាន និងកំពុងបានអនុវត្តដោយក្រសួងផែនការដែលធ្វើរៀងរាល់៣ឆ្នាំ។ ក្នុងករណីនេះ អ្នកផ្ទុកអាចស្នើសុំឱ្យគ្រួសារគាត់ដែលក្រីក្រ សុំប័ណ្ណក្រីក្រ តាមនីតិវិធីក្រសួងផែនការ។
+   វិធានការទី៣៖
ថវិកាដែលមូលដ្ឋានសុខាភិបាលទទួលបានមាន៖
១. ថវិការដ្ឋដែលវិភាជន៍ប្រចាំឆ្នាំ
២.ថវិកាក្នុងគម្រោងសមធម៌និងកែលម្អគុណភាពសេវាសុខាភិបាលកម្ពុជាH-EQUIP
(Health Equity and Quality Improvement Project) រួមមាន៖
-  មូលនិធិសមធម៌ Health Equity Funds (HEFs): សម្រាប់ប្រជាជនក្រីក្រ
-  មូលនិធិដើម្បីការផ្តល់សេវា Service Delivery Funds (SDGs): 1. performance-based payments; 2. Lump-sum grants ប្រកាសអន្តរក្រសួងរវាង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល។
៣. ហិរញ្ញប្បទាន (user fees)
៤. បេឡាជាតិរបបសន្តិសុខសង្គម National Social Security Fund (NSSF)
•    ផ្អែកតាមការកំណត់របស់ស.ជ.ណ២១៣ ឯកឧត្តមសាស្រ្តាចារ្យ  អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល មានការយល់ព្រមតាមការសន្ទនាផ្ទាល់មាត់ជាមួយ ឯ.ឧ ទា ផលា ក្នុងការប្រើប្រាស់មូលនិធិមូលដ្ឋានសុខាភិបាលខាងលើ សម្រាប់អនុវត្តសកម្មភាពឆ្លើយតប មេរោគអេដស៍ និងជំងឺអេដស៍ នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព។
•    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គួរតែរៀបចំលិខិតផ្លូវការមួយទៅក្រសួងសុខាភិបាលអំពីការរៀបចំវិធាន នីតិវិធីក្នុងផ្តល់ថវិកា និងការប្រើប្រាស់ថវិកាដល់ស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសម្រាប់ការងារឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ ដោយធ្វើការចម្លងជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ។
•    បច្ចុប្បន្ននេះមន្ទីរសុខាភិបាលរាជធានី ខេត្តបានដាក់ឱ្យស្ថិតនៅក្រោមរដ្ឋបាល រាជធានី ខេត្ត ទាំងសេវា បុគ្គលិក និងថវិកា ហើយអភិបាលរាជធានី ខេត្ត ជាអាណាប័កតាមការប្រទានសិទ្ធិ និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺអេដស៍ផងដែរ មានលទ្ធភាពច្រើនក្នុងការចាត់ចែងថវិកានិងសកម្មភាពរបស់មន្ទីរសុខាភិបាល  និងអាចតម្រង់ទិសមូលនិធិឃុំ សង្កាត់ផងដែរ ដើម្បី ការងារឆ្លើយតបមេរោគអេដស៍និងជំងឺអេដស៍ប្រកបដោយចីរភាពសម្រាប់ថ្នាក់ក្រោមជាតិ ។

បន្ទាប់ពីស្តាប់របាយការណ៍ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងការកោតសរសើដល់អគ្គលេខាធិការដ្ឋានដែលបានធ្វើបទបង្ហាញរបាយការណ៍ និងបានរៀបរាប់យ៉ាងក្បោះក្បាយ។ ដូច្នះ យើងត្រូវធ្វើការងារតាមកម្មវិធីរបស់យើងបន្តទៅទៀត ជាការពិតដោយសារជំងឺកូវីដ១៩នេះ យើងមិនអាចចុះបេសកកម្មបាន នៅពេលដែលយើងមិនទាន់ចុះបាន យើងត្រូវលើកគម្រោងការ  ការបណ្តុះបណ្តាល ការរៀនសូត្រ ដែលយើងទាំងអស់គ្នាត្រូវតែដឹង។ ការបញ្រ្ជាបការងារអេដស៍ទៅក្នុងសកម្មភាពរបស់ក្រសួង ស្ថាប័នផ្សេងៗ។ យើងជាអ្នកបច្ចេកទេស ត្រូវតែមានការយល់ដឹងដើម្បីឱ្យក្រសួង ស្ថាប័ននិមួយៗធ្វើអ្វីខ្លះ? យើងលើកយកក្រសួង ឬស្ថាប័នណាមួយមកពិភាក្សាគ្នា ពិនិត្យមើលថា គាត់ត្រូវធ្វើការងារអ្វីខ្លះ? ដូចជាកាកបាទក្រហមត្រូវធ្វើអ្វីខ្លះ? យើងអាចស្នើឱ្យគាត់ជួយធ្វើស្ពតវីដេអូផ្សព្វផ្សាយ ការឃោសនា ការការពារការឆ្លង។ នេះជាការងារផ្ទៃក្នុងរបស់យើងដែលត្រូវជួបជុំទាំងអស់គ្នា។ ការងារដែលត្រូវអនុវត្តមានជាអាទិ៍ទី១) ដោយយោងទៅលើយុទ្ធសាស្រ្តជាតិ ទី២) គឺស.ជ.ណ ដែលមានវិធានការទាំង៦។ ការងារមួយចំនួន គឺយើងធ្វើតែជាមួយចៅហ្វាយខេត្ត ថ្នាក់ខេត្ត ពីព្រោះគាត់ជាអាណាប័កខេត្តរបស់គាត់ហើយ យើងឃើញថា   ស.ជ.ណ ជាការបើកផ្លូវមួយដល់ថ្នាក់ក្រោមជាតិ ឱ្យធ្វើតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះ កន្លែងខ្លះមិនចាំបាច់មានការណែនាំអ្វីបន្ថែមទៀតទេ ការណែនាំតែ ស.ជ.ណ នេះវាគ្រប់គ្រាន់ហើយដើម្បីយកទៅអនុវត្ត។ យើងមានលទ្ធផលជាក់ស្តែងដែល ឯ.ឧ ទា ផលា នឹងពន្យល់ ពីថវិកាដែលមាន ប៉ុន្តែមិនដឹងថា ត្រូវចាយដោយវិធីណា ពីខ្ទង់ណា ឥឡូវយើងត្រូវត្រៀមខ្លួនបង្រៀនដល់ថ្នាក់ឃុំ សង្កាត់ មណ្ឌលសុខភាព ឬថ្នាក់មន្ទីរសុខាភិបាលខេត្ត ឱ្យយល់ថា ថវិកាដែលមានហើយ អាចយកមកប្រើ ដើម្បីការងារអេដស៍។  យើងត្រូវឆ្លៀតយកឱកាសនៅពេលដែលយើងមិនទាន់បានចុះបេសកកម្ម ទៅធ្វើការងារទាំងអស់នោះ យើងមើលតាមក្រសួងនីមួយៗ និងតាមខេត្តនីមួយៗ ពីការងារប្រយុទ្ធនឹងជំងឺអេដស៍ជាក់ស្តែង តាមភូមិសាស្រ្ត សំដៅទៅរកកន្លែងដែលយើងហៅថា ហត់ស្ពត់ (Hot Spot) កន្លែងដែលមានជំងឺអេដស៍មានបញ្ហាធ្ងន់ធ្ងរជាងគេ។

ជាបន្ត ឯកឧត្តមទេសរដ្ឋមន្រ្តីបានអនុញ្ញាតជូនឯកឧត្តម ទា ផលា អនុប្រធាន អ.ជ.ប.ជ.អ ពន្យល់ពីការងារមួយចំនួនដែលបានឃើញជាក់ស្តែងនៅមូលដ្ឋាន។  ដោយទទួលបានការអនុញ្ញាត ឯកឧត្តម ទា ផលា បានរាយការណ៍ជូនអង្គប្រជុំដូចតទៅ ៖
•    ក្នុងខែកន្លងទៅនេះ យើងបានដាក់គម្រោងស្នើសុំថវិកាទៅមូលនិធិសកល និងបានសម្របសម្រួលលើកការងារ ស.ជ.ណ ២១៣ ដើម្បីយកទៅអនុវត្ត ដែលមានការទាក់ទងទៅនឹងមូលដ្ឋានសុខាភិបាល (health facility)។
•    ត្រូវធ្វើលិខិតស្នើសុំទៅក្រសួងសុខាភិបាល ឱ្យគាត់ចេញជាលិខិតផ្លូវការ ដើម្បីយើងអនុវត្ត ស.ជ.ណ.ទី៣ ឱ្យបានគ្រប់ទីកន្លែងទាំងអស់។
•    ចំពោះស.ជ.ណ ចំណុចទី២ គឺការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រដែលផ្ទុកមេរោគអេដស៍ ជូនឯកឧត្តម កែវ អ៊ូលី ដើម្បីឱ្យគាត់រៀបចំពិនិត្យលទ្ធភាពកែសម្រួលប្រព័ន្ធសូហ្វវែ (software) ក្នុងការកំណត់អត្តសញ្ញាណប័ណ្ណគ្រួសារក្រីក្រ។   ឯកឧត្តម កែវ អ៊ូលី បានជួយលើកិច្ចការនេះយ៉ាងច្រើន។ ហើយគាត់នឹងធ្វើការងារនេះបន្តដោយពិភាក្សាជាមួយអង្គការ GIZ ដើម្បីបញ្ចប់ប្រព័ន្ធសូហ្វវែ។
•    ចំពោះផែនការឃុំ សង្កាត់ ដែលយើងបានជជែកគ្នាជាមួយឯកឧត្តមអគ្គលេខាធិការ យើងបានសរសេរជាគម្រោងសិក្សា (Concept note) និងបានធ្វើការតម្រង់ទិស (orientation)។ យើងនឹងចាប់ផ្តើមដំណើរការ (process) ពីការ      បណ្តុះបណ្តាលផ្ទៃក្នុង (internal training )។ បន្ទាប់មកទៀត យើងចុះទៅមូលដ្ឋាន ហើយចែកគ្នាទៅតាមទីតាំងដែលទទួលខុសត្រូវ ដោយធ្វើការពិនិត្យលើលេខកូដគណនី (Account code) ទៅតាមរតនាគារខេត្ត តាមផែនការរបស់ខេត្ត បន្ទាប់មកទៀត យើងនឹងអញ្ជើញអភិបាលខេត្ត អភិបាលរងខេត្ត រតនាគារខេត្ត ដើម្បីដាក់បញ្ចូលទៅក្នុងផែនការឃុំ សង្កាត់ ដោយមានការយល់ព្រមជាមួយគ្នា។ នេះជារឿងដែលយើងធ្វើស.ជ.ណ។
•    យើងនឹងពិនិត្យមើលជាមួយអង្គការ HP Plus ការងារណាខ្លះដែលនៅសល់ ដើម្បីឱ្យ HP Plus ជួយយើងរហូតដល់ខែធ្នូ។ បន្ទាប់មកទៀត យើងនឹងពិនិត្យមើលមានសេសសល់អ្វីខ្លះបន្ថែមទៀត ដើម្បីឱ្យអង្គការ LINKAGE ៣៦០ បន្តពី HP Plus ដើម្បីយើងធ្វើការងារជាមួយគាត់បន្តទៅទៀតដូចជាបញ្ហាឃុំ សង្កាត់ជាដើម។
•    អង្គការសុខភាពពិភពលោកបានផ្តល់ព័ត៌មានត្រឡប់ដោយអត្ថាធិប្បាយ (comment) កោតសរសើរយើង បានគិតគូរពីនិរន្តរភាព (sustainability)  ហើយគេក៏បានលើកឡើង (mentioned) អំពី ស.ជ.ណ ២១៣ ផងដែរ នេះជាមោទនភាពរបស់យើង។
•    ការរក្សានិរន្តរភាព (sustainability) ដែលខ្ញុំបានចុះទៅទាំង៣ខេត្តនោះ ឃើញថា ខេត្តបាត់ដំបង មានការលើកទឹកចិត្តយ៉ាងខ្លាំង ដែលមាន៣ឃុំ បានដាក់ការងារអេដស៍បញ្ចូលទៅក្នុងផែនការឃុំ សង្កាត់។ ដោយឡែកកន្លែងដែលសំខាន់ជាង គឺឃុំទួលតាឯក ដែលមានថវិកាឃុំចំនួន២.០០០ ដុល្លាអាមេរិកឯណោះ។ គាត់បានធ្វើពិធីជួបជុំមួយ ដែលមានមេឃុំ ចៅសង្កាត់ គណៈកម្មាធិការអេដស៍ខេត្តចូលរួម ក្នុងនោះក៏បានផ្តល់ជាអង្ករម្នាក់១៥គីឡូក្រាម     ផ្តល់ថវិកាចំនួន៦០.០០០ រៀល  ផ្តល់ទឹកស៊ីអ៊ីវ ជូនដល់អ្នកជំងឺបាន៣០នាក់ក្នុងបណ្តា៥៤នាក់។ ឯនៅឃុំរកា ឃុំបន្សាយក្រែក ឃើញថាមានថវិកាធ្វើការងារអេដស៍ផងដែរ។ ប៉ុន្តែមានអង្គការពុទ្ធសាសនាដើម្បីសុខភាព(Buddhism for Health) គាត់ជួយពីក្រោយ ហើយគាត់ជាអ្នកផ្តួចផ្តើម (initiate) ពីរឿងអ្នកក្រីក្រ ចាស់ជរា អ្នកពិការ ដោយភ្ជាប់គ្នារវាងជំងឺរបេង និងជំងឺអេដស៍។
•    យើងបានចុះទៅឃុំរការ ឃុំបន្សាយក្រែក ក៏មានថវិកាធ្វើដែរ ប៉ុន្តែមានអង្គការ Buddhis for Health គាត់ជួយពីក្រោយ ហើយគាត់ជាអ្នកផ្តួចផ្តើម (initiate) ពីរឿងអ្នកក្រីក្រ ចាស់ជរា អ្នកពិការ បានភ្ជាប់ទៅនឹងជំងឺរបេង និងជំងឺអេដស៍ផងដែរ។
o    ការជួយរបបក្នុងសហគមន៍គឺជាការចាំបាច់ ឧទាហរណ៍ដូចជា ការអង្កេត គឺមានអ្នកទៅតាមអ្នកជំងឺរហូតដល់១២០គម ក៏ប៉ុន្តែគាត់ទៅរកអ្នកជំងឺទាំងនោះ គាត់មិនប្រើប្រាស់មណ្ឌលសុខភាពទេ មណ្ឌលសុខភាពគាត់មិនជូន គាត់មិនដឹង ដូច្នេះអង្គការសង្គមស៊ីវិលគាត់ចុះ គឺចុះដល់១២០គម ៧០គម ៤០គម តាមព្រៃភ្នំ។
o    នៅខេត្តបន្ទាយមានជ័យ គឺមានការបោះបង់ក្នុងការមកទទួលសេវារបស់អ្នកជំងឺ (lost to follow up) យើងបានពិនិត្យឃើញថា ពួកគាត់បានវិលត្រឡប់មកទទួលសេវានៅមូលដ្ឋានសុខាភិបាលវិញមានចំនួនតិចតួច។

បន្ទាប់ពីឯកឧត្តមទេសរដ្ឋមន្ត្រីបានទទួលរបាយការណ៍របស់ ឯកឧត្តម ទា ផលា បានចុះទៅមូលដ្ឋាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ បានកត់សម្គាល់ឃើញថា ៖
•    ការបញ្រ្ជាបកម្មវិធីអេដស៍នៅថ្នាក់ក្រោមជាតិ ជាពិសេសថ្នាក់ខេត្ត បានអនុវត្តបណ្តើរៗហើយ។ ការងារនេះវាអាស្រ័យទៅលើគណៈកម្មាធិការអេដស៍ខេត្ត បើសិនជាគាត់សកម្ម គាត់ចុះទៅធ្វើការ អាចមានលទ្ធផលខ្លះៗ។
•    ចំពោះសៀវភៅក្រហម (សៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់) យើងត្រូវថតចម្លងចែកគ្នាដើម្បីយកមករៀនសូត្រឱ្យចេះដឹងទាំងអស់គ្នា មុនពេលយើងចុះទៅអនុវត្តការងារ ត្រូវសម្រេចតែម្តង ការងាអេដស៍ត្រូវប្រើថវិកាក្នុងខ្ទង់ណាដែលចាយបាន។
•    មូលនិធិសកលបានកំណត់នូវសូចនាករឱ្យយើងធ្វើ ឱ្យបានសម្រេច យើងត្រូវបន្តអនុវត្តនូវអ្វីដែលយើងកំពុងធ្វើ ក្នុងន័យពង្រឹងចីរភាពកម្មវិធីជាតិប្រយុទ្ធនឹងជំងឺអេដស៍។
•    ត្រូវគិតពីរឿងផ្ទៃក្នុងរបស់យើងក្នុងអំឡុងពេលជំងឺកូវីដ១៩កំពុងរាតត្បាត ដែលយើងចេញទៅណាមិនទាន់រួច ចុះបេសកកម្មមិនបាន។ ត្រូវរៀបចំពង្រាងសកម្មភាព ទី១) តើយើងចង់ធ្វើអ្វី ទី២) ការងារអ្វីខ្លះ ទី៣) ត្រូវសហការជាមួយអ្នកណាខ្លះ។
•    ការបញ្រា្ជបជំងឺអេដស៍ កម្មវិធីអេដស៍ ទៅក្នុងការងាររបស់ស្ថាប័ន មន្ទីរ ក្រសួង ដោយយោងតាមស.ជ.ណ។
•    សៀវភៅក្រហម គឺជាគោលការណែនាំពីក្រសួងមហាផ្ទៃ ត្រូវដឹងថវិកាចំណាយនៅខ្ទង់ណាមួយ ដែលខេត្តអាចដកអនុញ្ញាតឱ្យឃុំប្រើក្នុងការឆ្លើយតបនឹងជំងឺអេដស៍ គឺយើងចាប់ផ្តើមធ្វើជាមួយអភិបានខេត្ត មន្ទីរហិរញ្ញវត្ថុខេត្ត ដូច្នេះអ្វីៗយើងត្រូវដឹងឱ្យបានច្បាស់លាស់ គឺទី១) បញ្រា្ជបកម្មវិធីអេដស៍ ទៅក្នុងសកម្មភាពការងាររបស់ក្រសួង មន្ទីរ ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ទី២) ជួយផ្តល់មតិណែនាំ (អ.ជ.ប.ជ.អ ផ្តល់មតិណែនាំ) ដល់ក្រសួង មន្ទីរ ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អំពីការងារអេដស៍ទៅតាមតួនាទីរបស់ក្រសួង មន្ទីរ ស្ថាប័នរៀងៗខ្លួន      ទី៣) លើកទឹកចិត្តឱ្យក្រសួង មន្ទីរ ស្ថាប័ន  ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លើកគម្រោងស្នើថវិកាជាតិ ទី៤) ការចុះទៅជួយត្រួតពិនិត្យការអនុវត្តផែនការសកម្មភាព។
•    ក្នុងអំឡុងជំងឺកូវីដ១៩កំពុងតែរាតត្បាត យើងនាំគ្នាធ្វើផែនការ រៀបចំបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់យើងទាំងអស់គ្នា។ រឿងកូវីដ១៩នេះវាមិនទាន់មានភាពធូរស្រាលទេ ក្រសួងសុខាភិបាលបាននិយាយថា យើងនៅ  ភ្លើងលឿងនៅឡើយទេ បើសិនជានៅតែមិនមានអ្នកឆ្លងថ្មីក្នុងអំឡុង១៤ថ្ងៃ  យើងអាចដំណើរឡើងវិញបាន។
ទោះជាយ៉ាងណាក៏ដោយផលប៉ះពាល់នៅកម្ពុជាយើងមិនធ្ងន់ធ្ងរដូចនៅប្រទេសគេទេ សេដ្ឋកិច្ចយើងមិនទាន់បានបិទទាំងស្រុងទេ ឥឡូវអ្នកខ្លះលែងពាក់ម៉ាស់ហើយ ប៉ុន្តែយើងកុំធ្វេសប្រហែស ត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀត យើងធូរស្រាលច្រើនណាស់។ ដូច្នេះបើកូវីដ១៩ នៅតែមិនទាន់មានសញ្ញាថមថយទេ ការងារចុះបេសកកម្មរបស់យើងនៅតែមានការរឹតត្បិត។
•    ក្នុងសៀវភៅក្រហម មានគំរូ គេហៅ កិច្ចសន្យាសង្គម (Social Contract) ដូច្នេះក្នុងឃុំអាចជួល មន្រ្តី ឬអង្គការសង្គមស៊ីវិល ឬឯកជនណាមួយ ដើម្បីឱ្យគេជួយបម្រើការងារសង្គមនៅក្នុងឃុំ។
•    យើងចង់ឱ្យមានបណ្តាញអ្នកជំងឺអេដស៍ឱ្យចូលរួមក្នុងការងាររបស់យើង បើគេចូលរួម យើងត្រូវរកបណ្តាញនៅក្នុងសហគមន៍នោះ ដោយរើសតំណាងសហគមន៍របសគាត់ឱ្យមកធ្វើការនៅក្នុងឃុំ សង្កាត់ ដើម្បីជួយរកអ្នកផ្ទុកមេរោគអេដស៍ តើគាត់បានទទួលថ្នាំហើយឬនៅ គាត់លេបថ្នាំទៀងទាត់ឬទេ គាត់អាចទៅបើកថ្នាំបានឬនៅ ថ្នាំទទួលបានប៉ុន្មានខែ មានមធ្យោបាយទៅមូលដ្ឋានសុខាភិបាលឬអត់ (ភូមិខ្លះគេមានថវិកាជូនអ្នកជំងឺទៅយកថ្នាំ) ទាំងអស់នេះដែលអគ្គលេខាធិការត្រូវសិក្សា ពិភាក្សាគ្នាជាមួយ ឯកឧត្តម ទា ផលា និងឯកឧត្តមរស់ សីលវ៉ាត់ តាមជំនាញបច្ចេកទេស។
•    ចំពោះសេវាសង្គមនៅក្នុងឃុំ សង្កាត់  សេវាសង្គមអាចធ្វើអ្វីខ្លះបាន មានប្រជុំពីបញ្ហានៅក្នុងភូមិ ពីសង្គមកិច្ច អ្នកស្លាប់ ចាស់ជរា ស្រ្តីមេម៉ាយ។ ឥឡូវយើងមានវេទិការបច្ចេកទេស ត្រូវលើកយកប្រធានបទនីមួយៗមកសិក្សា។
•    ការងារដែលសំខាន់ គឺការបញ្រ្ជាបសកម្មភាពទៅថ្នាក់ក្រោមជាតិ ជាការងារដែលយើងត្រូវធ្វើ ហើយធ្វើឱ្យបាន នេះហើយការងាររក្សាចីរភាពនៃកម្មវិធីអេដស៍។
•    ថវិកានៅថ្នាក់ក្រោមជាតិអាចប្រើបានសម្រាប់ជំងឺអេដស៍ របេង ជំងឺគ្រុនចាញ់ សម្រាប់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស ការប្រើគ្រឿងញៀន ទាំងអស់នេះយកមកបង្រៀនមេឃុំ ចៅសង្កាត់ឱ្យគាត់បានដឹង។

មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំថា ការងាររបស់យើង គឺសិក្សាយុទ្ធសាស្រ្ត ធ្វើយ៉ាងណាការពារប្រជាជនកុំឱ្យមានការឆ្លងរីករាលដាលថ្មីដោយសារជំងឺអេដស៍។
•    កម្មវិធីការការពាររបស់យើងគឺលាតសន្ធឹង គ្របដណ្តប់តាំងពីសិទ្ធមនុស្ស សហគមន៍ យែនឌ័រ យកមកសិក្សាឱ្យបានលម្អិត ហើយចងក្រងជាទស្សនទាន បង្ហាត់បង្រៀនគ្នា ចុះធ្វើការផ្ទាល់ជាមួយថ្នាក់ក្រោមជាតិ ហើយត្រូវធ្វើខ្លួនឱ្យសាមញ្ញបំផុត ធ្វើយ៉ាងណា ដើម្បីធ្វើការងារជាមួយប្រជាជន ជាមួយមេឃុំ មេភូមិឱ្យបាន ។
•    បង្រៀនមេឃុំ ចៅសង្កាត់ ឱ្យគាត់ចេះរៀបចំប្រមូលអ្នកដែលមានផ្ទុកមេរោគអេដស៍ ឱ្យគាត់រើសបណ្តាញ ឬតំណាងពិតប្រាកដនៅសហគមន៍ ឱ្យមកធ្វើការជាមួយថ្នាក់ឃុំ សង្កាត់។
•    យើងនាំគ្នាសិក្សាឱ្យបានលម្អិត ពិសេសអគ្គលេខាធិការដ្ឋាន ដោយសុំមតិណែនាំពីឯកឧត្តម លោកជំទាវ ជាសមាជិក ដែលមានបទពិសោធន៍ យកធាតុចូល រៀបចំជាគម្រោងសិក្សា (Concept note)។
•    យើងត្រូវអនុវត្តទៅតាមគម្ពីរគោលទាំង៣គឺ ទី១) យុទ្ធសាស្រ្តជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទី២) ស.ជ.ណ ជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣) កម្មវិធីមូលនិធិសកល។ ដូច្នេះឯកឧត្តមអគ្គលេខាធិការត្រូវរៀបចំពង្រាង ឱ្យបានជាគម្រោងសិក្សាសិន ជាមួយឯកឧត្តមអនុប្រធាន ក្នុងអំឡុងពេលដែលយើងមិនទាន់ចុះបេសកកម្មបាន។
•    សូមឯកឧត្តម ទា ផលា ឯកឧត្តម រស់ សីលវ៉ាត់ និងឯកឧត្តមអគ្គលេខាធិការផ្តល់មតិ (comment)លើការងារចំនួន៣ ទី១) ការអនុវត្តកម្មវិធីអេដស៍របស់យើងក្នុងរយៈពេលកូវីដ១៩រាតត្បាត តើមានផលប៉ះពាល់អ្វីខ្លះដល់កម្មវិធីអេដស៍? ទី២) តើមានការប្រឈមអ្វីខ្លះ?ទី៣) តើមានអ្វីខ្លះដែលត្រូវការជ្រើសរើសជាអាទិភាព?
•    ឯកឧត្តម ទា ផលា ទាក់ទងទៅ CCC ទៅកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ និងពង្រឹងប្រព័ន្ធសុខាភិបាល។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា ឯកឧត្តមនឹងចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកលសម្រាប់តំបន់ប៉ាស៊ីហ្វិកខាងលិច នៅដំណាច់ខែមិថុនាខាងមុខនេះ។ មុនចប់អាណត្តិ ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងផ្តល់មតិពីបញ្ហាជំងឺកូវីដ១៩នេះទៅមូលនិធិសកល ដែលគេនឹងប្រជុំនៅថ្ងៃទី១៤-១៥ខាងមុខនេះ ដូច្នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី នឹងមានឱកាសច្រើនជាងមុនក្នុងការងារអេដស៍របស់យើង។ ចំពោះរបាយការណ៍ឯកឧត្តមទេសរដ្ឋមន្រ្តីនឹងឱ្យទៅខុទ្ទកាល័យដើម្បីលម្អិតពីកម្មវិធីរបស់ឯកឧត្តម ក្នុងខែមេសាកន្លងទៅនេះ យ៉ាងហោចណាស់មួយសប្តាហ៍   ឯកឧត្តមទេសរដ្ឋមន្រ្តីប្រជុំ២ដងដែរ។

ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   កិច្ចប្រជុំវីដេអូខនហ្វឺរេន តាមកម្មវិធី BlueJeans ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី1.93 MB