ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកល លើកទី៤៣ តាមវីដេអូខុនហ្វឺរេន (43rd Global Fund Virtual Board Meeting)

នៅម៉ោង៧យប់ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជាសមាជិក​ក្រុមប្រឹក្សាភិបាល​មូលនិធិសកល​បានចូលរួម និងថ្លែងក្នុងនាម​មណ្ឌលតំណាង​តំបន់ប៉ាស៊ីហ្វិក​ខាងលិច ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​មូលនិធិសកល លើកទី៤៣ តាមវីដេអូ​ខុនហ្វឺរេន (43rd Global Fund Virtual Board Meeting)។ បទអន្តរាគមន៍​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​មានខ្លឹមសារ​ដូចខាងក្រោម ៖

សូមអរគុណលោកជំទាវរ៉ូសាលីន (Lady Roslyn) ដែលអនុញ្ញាត​ឱ្យខ្ញុំថ្លែងនៅពេលនេះ។

តាងនាមមណ្ឌលតំណាង​តំបន់ប៉ាស៊ីហ្វិកខាងលិច​របស់ខ្ញុំ ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះ លោកអគ្គនាយក ភីធឺ សេនដ៍ (Peter Sands) ដែលបានធ្វើ​របាយការណ៍​ផ្ទាល់មាត់​ដោយគ្រប់​ជ្រុងជ្រោយ។ ខ្ញុំសូមថ្លែងអំណរគុណ​ចំពោះលោក​អគ្គនាយក​ដែលបាន​សង្ខេប​នូវព្រឹត្តិការណ៍ និងវឌ្ឍនភាព​ដែលកើតមានឡើង​តាំងពីក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​លើកមុន។ យើងឯកភាព​ជាមួយអនុសាសន៍​របស់លោក​អំពីបញ្ហាប្រឈម និងអាទិភាព​ដែលយើង​ប្រឈមមុខ​នៅក្នុងកាលៈទេសៈ​នៃការគំរាម​កំហែង​ពីជំងឺកូវីដ ១៩។ យើងសូមថ្លែងអំណរគុណ​ចំពោះការ​ត្រិះរិះ​របស់លោក​អគ្គនាយកចំពោះ បេសកកម្ម​របស់មូលនិធិសកលទាំង មូល និងតួនាទី​នៅក្នុង​សហគមន៍​សុខាភិបាលសកល។ ការធ្វើបច្ចុប្បន្ន ភាពប្រចាំសប្តាហ៍​របស់លោក​ក្នុងរយៈពេល ២-៣សប្តាហ៍​ចុងក្រោយ​នេះមានសារៈ​សំខាន់យ៉ាងខ្លាំង។

យើងសូមកោតសរសើរថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាល លោកអគ្គនាយក និងលេខាធិការដ្ឋាន​ដែលបានរៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ភិបាល​តាមបណ្តាញ​អ៊ីនធឺណេត (វីដេអូខនហ្វឺរេន) ទៅតាមផែនការ។ មណ្ឌល តំណាងរបស់យើង​សូមសាទរ​ចំពោះការ​ចាត់ចែង​ទាំងអស់​ក្នុងការឆ្លើយតបនឹង​ជំងឺកូវីដ១៩។ ក្នុងនោះរួមបញ្ចូល​ទាំងភាព​ទន់ភ្លន់​ក្នុងការអនុវត្ត​គម្រោង​ជំនួយបច្ចុប្បន្ន ការបង្កើត​ឱ្យមាន​យន្តការឆ្លើយតប​នឹងជំងឺកូវីដ១៩ ​និងការណែនាំ​ក្នុងការ​ប្រើប្រាស់​ថវិកាជំនួយដល់​ប្រទេសនានា​ក្នុងការឆ្លើយតប​នឹងជំងឺកូវីដ១៩។

ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងមានការ​ព្រួយបារម្ភ​ចំពោះការ​រាំងស្ទះ​ដល់កម្មវិធីជំងឺទាំងបី ដោយជំងឺរាតត្បាត​សកល​ដែលបង្កដោយ​មេរោគកូរូណា ដែលអាច​ធ្វើឱ្យបាត់បង់​លទ្ធផល​ដែលយើង​បានសម្រេច​ជាច្រើនឆ្នាំ​កន្លងទៅ​ក្នុងការ​ប្រយុទ្ធនឹង​មេរោគអេដស៍/ជំងឺអេដស៍ របេង និងគ្រុនចាញ់។ ទោះបីជា​មានការគំរាម​កំហែង​ពីជំងឺកូវីដ១៩ យើងត្រូវ​បន្តបំពេញ​បេសកកម្មស្នូល​របស់យើង និងមិនត្រូវបង្វែរ​ការវិនិយោគ​ពីកម្មវិធី​ជំងឺទាំងបីឡើយ។

យើងមានការព្រួយបារម្ភ​អំពីវិបត្តិហិរញ្ញវត្ថុ​ក្នុងពេលខាងមុខ ដែលនឹងដាក់សម្ពាធ​ដល់ថវិការ​បស់ម្ចាស់ជំនួយ​នៅពេលបំពេញ​ការសន្យា​របស់ពួកគេ​ក្នុងការផ្តល់ថវិកា និងចំពោះ​ប្រទេសនានា​ក្នុងការចលនា​ប្រភពធនធាន​ក្នុងស្រុក​ដើម្បីផ្តល់​សហហិរញ្ញប្បទាន​ជាមួយ​កម្មវិធី​មូលនិធិសកល។

យើងទទួលស្គាល់នូវសារៈសំខាន់​នៃការចូលរួម​របស់សហគមន៍​នៅគ្រប់​កម្រិតនៃវដ្ដជំនួយ។ យើងជឿថា សេវា​សុខាភិបាល​សហគមន៍​នឹងបន្តជា​សមាសធាតុ​មូលដ្ឋាន​នៃប្រព័ន្ធ​សុខាភិបាល​ដែលមាំទាំមួយ។

ដោយអាណត្តិជាសមាជិក​ក្រុមប្រឹក្សា​ភិបាលរយៈពេល២ឆ្នាំ​របស់ខ្ញុំនឹង​ត្រូវបញ្ចប់ នេះជាកិច្ចប្រជុំក្រុមប្រឹក្សា​លើកចុងក្រោយ​របស់ខ្ញុំ។ សប្តាហ៍មុន ក្នុងកិច្ចប្រជុំ​ជាមួយ​សមាជិកមណ្ឌល​តំណាង​របស់ខ្ញុំ ខ្ញុំបានជម្រាបជូន​ពួកគាត់​អំពីស្ថានភាព​របស់ខ្ញុំ។ យើងនឹងគាំទ្រ​សមាជិក​បម្រុង​បច្ចុប្បន្ន​ជាសមាជិក​ក្រុមប្រឹក្សា​ភិបាល​បន្ទាប់ពីខ្ញុំ ហើយយើងនឹង​បោះឆ្នោត​រើស​សមាជិក​បម្រុងថ្មី​នៅពេលណា​ដែលវៀតណាម ដែលជា​ប្រទេស​ដែលត្រូវបានជ្រើសរើស​ឱ្យរៀបចំ​កិច្ចប្រជុំ រួចរាល់​ក្នុងការរៀបចំ​កិច្ចប្រជុំ​លើកក្រោយ។ ក្នុងករណី​ដែលយើងមិនអាច​ជួបប្រជុំផ្ទាល់​មុខគ្នាក្នុង​អនាគត​ដ៏ខ្លីខាងមុខ យើងអាចប្តូរ​ទៅរៀបចំកិច្ច​ប្រជុំ​តាមអ៊ីនធឺណេត។ ក្នុងករណីនេះ យើងនឹង​ស្នើសុំ​ជំនួយ​ពីក្រុម​អភិបាលកិច្ច។

ជាទីបញ្ចប់នេះ ខ្ញុំសូមឆ្លៀត​ឱកាសនេះ​ថ្លែងអំណរគុណ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សាភិបាល លោកអគ្គនាយក លេខាធិការដ្ឋាន ​និងសមាជិក​ក្រុមប្រឹក្សា​ភិបាលទាំងអស់​ដែលផ្តល់​ដល់រូបខ្ញុំ​នូវមិត្តភាព និងសហប្រតិបត្តិការ។ ខ្ញុំនឹងរក្សាទុក​ក្នុងបេះដូង​នូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អរបស់យើង​ទាំងអស់គ្នា។ លើសពីនេះ ខ្ញុំជឿជាក់ថា​មូលនិធិសកល​នឹងបន្ត​សម្រេច​បាននូវជោគជ័យ​ក្នុងបេសកកម្មស្នូល​របស់ខ្លួន​ក្នុងការសង្រ្គោះ​ជីវិតមនុស្ស​របស់លាននាក់។

សូមអរគុណ។