ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជា​អធិបតីក្នុង​ពិធីបើក​សិក្ខាសាលា​ពិ​គ្រោះយោបល់​ស្តីពី របក​គំហើញលើ​លទ្ធភាព​បញ្ជ្រាប​ការឆ្លើយតបនឹង​មេរោគអេដស៍និង​ជំងឺ​អេដស៍​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់

នៅព្រឹកថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ អញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​ របកគំហើញ​លើលទ្ធភាព​​​បញ្ជ្រាបការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និងជំងឺ​អេដស៍​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់ នៅសណ្ឋាគារ​សាន់វ៉េ។

សិក្ខាសាលានេះរៀបចំដោយ អាជ្ញាធរជាតិប្រយុទ្ធនឹង​ជំងឺអេដស៍ ក្រសួងមហាផ្ទៃ និងទទួលការ​ឧបត្ថម្ភពី ទីភ្នាក់ងារ​សហរដ្ឋ​អាម៉េរិក​សម្រាប់ការ​អភិវឌ្ឍ​អន្តរជាតិ (USAID) PEPFAR និង HP+/Palladium។ សមាជិកចូលរួម​នៅក្នុងសិក្ខា​សាលា​រួមមាន ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ តំណាង​ក្រសួង​មហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ ក្រសួង     សុខាភិបាល ក្រសួងផែនការ ក្រសួងកិច្ចការនារី តំណាងដៃគូអភិវឌ្ឍន៍ (USAID, PEPFAR, UNAIDS, WHO, UNDP & HP+) តំណាង​រដ្ឋបាល​ខេត្តកំពង់ចាម ព្រៃវែង បាត់ដំបង កណ្តាល តំណាង​អង្គការ​សង្គម​ស៊ីវិល (CPN+, HACC, KHANA, FHI, CHEC, CRS, RHAC, BfH, PC, MHC & AUA) ប្រមាណ​១០០នាក់។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានគូស​បញ្ជាក់ថា បន្ទាប់ពី​ការប្រយុទ្ធ​ដ៏ស្វិតស្វាញ​ប្រឆាំងនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍​ក្នុងរយៈ​ពេល​៣​ទសវត្សរ៍​កន្លង​ទៅ ​​​​ប្រទេសកម្ពុជា​ត្រូវ​បាន​អង្គ​ការសហ​ប្រជាជាតិ​​​ប្រគល់ជូន​ពានរង្វាន់​ស្តីពីការ​សម្រេច​បានគោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍ ទី៦ ក្នុងការ​បង្ការ​និងថែទាំ​មេរោគ​អេដស៍ និងជំងឺអេដស៍​នៅព្រះរាជា​ណាចក្រកម្ពុជា ជាលើក​ដំបូងកាល​ពីឆ្នាំ២០១១ និងការសម្រេច​បាន​គោលដៅ​៩០-៩០-៩០ ក្នុងចំណោម​ប្រទេស៧​នៅលើ​ពិភពលោក (បុតស្វាណា កម្ពុជា ដាណឺម៉ាក អ៊ីស្លង់ ស៊ុយអ៊ែត   សិង្ហបុរី និងចក្រភព​អង់គ្លេស) ជាលើកទី២ កាលពីឆ្នាំ​២០១៧។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្ននេះ​យើងនៅមាន​បញ្ហាប្រឈម​ជាច្រើនដែល​មានជាអាទិ៍៖ ១) កំណើននៃ​ការចម្លង​​មេរោគ​អេដស៍​លើក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​​ ក្រុមបំប្លែងភេទ និងក្រុម យុវវ័យ ២) ការស្វែងរកឱ្យ​ឃើញអ្នក​ផ្ទុក​មេ​រោគ​អេដស៍​ប្រមាណ​មួយម៉ឺននាក់​ដែលបាត់ខ្លួន ឬមិនមក​ទទួលសេវា និង៣) កង្វះ​របាយការណ៍​ពីមន្ទីរពេទ្យ​ឯកជន ​អំពីការ​   អនុវត្ត​កម្មវិធីកាត់​បន្ថយ​​ការ​ចម្លង​មេរោគ​​​អេដស៍​ពីម្តាយទៅកូន។ ក្រោយពេល​រាជរដ្ឋាភិបាល​ដាក់ចេញនូវ​ គោលនយោបាយ​៧ចំណុច​ក្នុងការ​ប្រយុទ្ធ​នឹង​មេរោគអេដស៍ និងជំងឺអេដស៍ និងវិធានការ​ទាក់ទងនឹង​ការឆ្លើយតប​ទៅ​នឹង​មេរោគអេដស៍​ និងជំងឺអេដស៍ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានដាក់​ចេញវិធាន​ការ​មួយ​ចំនួន​ដូចខាងក្រោមនេះ ៖

១) រៀបចំនិយាម​ប្រតិបត្តិស្តីពី​ការដាក់​បញ្ចូលការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍​ទៅក្នុង​ផែនការ​អភិវឌ្ឍន៍​ឃុំ និងផែនការ​វិនិយោគ​ឃុំនៅ​ឆ្នាំ​២០១៧

២) រៀបចំ​សៀវភៅ​បណ្ដុះបណ្ដាល​ស្តីពីបរិយាកាស​គាំទ្រ ច្បាប់ និងគោល​នយោបាយ​ក្នុងការ គាំទ្រ​ការឆ្លើយតប​នឹង​មេរោគអេដស៍ និង​ជំងឺអេដស៍​នៅថ្នាក់​ក្រោមជាតិ នៅដើម​ឆ្នាំ២០១៩

៣) ដឹកនាំ និងសម្រប​សម្រួល​ការងារ​បញ្ជ្រាប​ការឆ្លើយតប​នឹង​​មេរោគអេដស៍ ​និងជំងឺ   អេដស៍ទៅ​ក្នុងផែនការ​អភិវឌ្ឍន៍ឃុំ សង្កាត់ និងវិនិយោគ ឃុំ សង្កាត់ និងការ​ផ្តល់ប័ណ្ណ​​សមធម៌​ដល់អ្នក​​ផ្ទុកមេរោគ​​អេដស៍ និងក្រុម​ប្រជាជន​ងាយរងគ្រោះ។

ជាមួយគ្នានេះ ឯកឧត្តម​ទេសរដ្ឋមន្រ្តីបាន​សង្គត់ធ្ងន់​ថា ក្នុងបរិបទ​ដែលយើង“មិនត្រូវទុក​អ្នកណា​នរណា​ម្នាក់ចោល”នោះ សម្តេចតេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋមន្រ្តី បានអំពាវ​នាវ​ឱ្យ​មាន “ចរន្តជាតិ” ដើម្បីបញ្ចប់ការ​ឆ្លងរាលដាល​មេរោគអេដស៍ និងជំងឺអេដស៍​ដែលជាការ​គំរាមកំហែង​ចំពោះ​សុខភាព​សាធារណៈ នៅឆ្នាំ​២០២៥។ ក្រោមការ​​ចង្អុល​បង្ហាញ​ដ៏ខ្ពង់ខ្ពស់​នេះ អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​បានរៀបចំ​នូវផែនការ​យុទ្ធសាស្ត្រ​ជាតិ លើកទី៥ សម្រាប់​ការឆ្លើយតប​ទូលំ​ទូលាយ និងពហុវិស័យ​នឹងមេរោគ​អេដស៍ និងជំងឺអេដស៍​ដែលនឹង​ត្រូវដាក់ ជូនកិច្ចប្រជុំ​ពេញអង្គ​នៅដើម​ខែវិច្ឆកា ឆ្នាំ២០១៩​ខាងមុខ​នេះ។

នៅទីបញ្ចប់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានស្នើឱ្យ​អង្គសិក្ខា​សាលា​ពិភាក្សា​ឱ្យបាន​សកម្ម ដើម្បីរកធាតុ​ចូល​សំដៅ​បិទគម្លាត​នៃការ​បង្ការ​ការ​ព្យាបាល និងការគាំទ្រ ជា​ពិសេស ការ​គាំពារ​សង្គមនៅ​ថ្នាក់​មូលដ្ឋាន ហើយ​មណ្ឌល​សុខភាព និងក្រុម​ប្រឹក្សាឃុំ សង្កាត់​​អាច​ធ្វើការ​ជាមួយ​អ្នកស្ម័គ្រចិត្ត​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បីឱ្យ​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និងក្រុម​ប្រជាជន​គន្លឹះទាំងអស់​អាច​ចូលរួម និងទទួល​បាន​សេវា​សាធារណៈ​ប្រកបដោយ​​គុណភាព ​ដោយគ្មាន​ការភ័យ​ខ្លាច គ្មានការ​រើសអើង​អ្វីទាំងអស់ ដើម្បីជួយ​លើក​កម្ពស់​គុណភាព​ជីវិតរបស់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និងក្រុម​ប្រជាជន​គន្លឹះ ព្រមទាំង​អនុញ្ញាត​ឱ្យពួកគេ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស ដែលជា​ការវិនិយោគ​ក្នុងការ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និងជំងឺ​អេដស៍។

 

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ អប្សរា www.youtu.be/ESVZznCMxig

ព័ត៌មានផ្សព្វផ្សាយនៅទូរទស្សន៍ ទទក www.youtu.be/16yQW4qY44I