ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការ​ឆ្លើយតបពហុវិស័យ​ទៅនឹង​មេរោគអេដស៍ និងជំងឺអេដស៍​ខេត្តស្វាយរៀង

នៅរសៀល ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម​ទេសរដ្ឋ​មន្ដ្រី អៀង មូលី ប្រធាន​​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​​ជំងឺអេដស៍ អញ្ជើញ​​ជា​អធិបតី​​ក្នុង​សិក្ខា​​សាលា​​ស្តីពី​ការ​​ឆ្លើយតប​​នឹង​​មេរោគអេដស៍ និងជំងឺ​អេដស៍​​ជា​ពហុវិស័យ​​របស់​​គណៈ​កម្មាធិការ​​ប្រយុទ្ធនឹង​​ជំងឺអេដស៍​ខេត្តស្វាយរៀង​ឆមាសទី២ ឆ្នាំ២០១៩ ដែលប្រារព្ធ​ធ្វើឡើង​នៅមន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង។ សមាជិក​ចូលរួម​នៅក្នុង​សិក្ខាសាលា​រួមមាន ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាល​រងខេត្ត ជាប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត តំណាង​លេខា​ធិការ​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ខេត្ត តំណាង​មន្ទីរ​ពាក់ព័ន្ធ​ក្នុងខេត្ត តំណាង​អង្គការ​សង្គម​ស៊ីវិល (AHF និងCPN+) អាជ្ញាធរ​ដែនដី និងកង​កម្លាំង​ប្រដាប់​អាវុធ ប្រមាណ​ជាង ៥០នាក់។

សិក្ខាសាលានេះធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព និងសិក្សា​ស្វែងយល់​អំពី​ស្ថានភាព​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាពហុវិស័យ នៅថ្នាក់​ក្រោមជាតិ តាមរយៈ​ការ​ដាក់​បញ្ចូល​ការងារ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ក្នុង​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព ឈាន​ឆ្ពោះ​ទៅ​​សម្រេច​​គោល​ដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។

បន្ទាប់ពីសុន្ទរកថា​ស្វាគមន៍​របស់ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្តមក ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ទៅកាន់​អង្គសិក្ខា​សាលា​ថា កម្ពុជា​យើងជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស៧ នៅលើ​ពិភពលោក ដែលបាន​សម្រេច​គោលដៅ​៩០-៩០-៩០ នៅឆ្នាំ​២០១៧។ ប៉ុន្តែ​ក្នុងរយៈពេល​ចុងក្រោយនេះ យើងមានការ​បារម្ភដោយសារ​និន្នាការ​កម្រើក​ឡើងវិញ​នៃមេរោគ​អេដស៍។
ក្នុងនោះ គេសង្កេតឃើញថា​មានការកើន​ឡើងនៅក្នុង ចំណោមក្រុម​បុរសស្រឡាញ់បុរស (MSM)។ សម្តេចតេជោ បានប្រកាស​ឱ្យប្រយ័ត្ន​ចំពោះការ​កម្រើកឡើង វិញនៃ​មេរោគអេដស៍។ ហើយនៅពេល​ជួបកម្មករ សម្តេចតេជោ​តែងតែ​ប្រកាស​ឱ្យមានការ​ប្រយ័ត្ន និងសូមឱ្យធ្វើការ​ប្រយុទ្ធនឹងជំងឺអេដស៍​ទៅជាចរន្តជាតិ។ យើងអាចធ្វើការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ជាពហុវិស័យ​ដោយមន្ទីរ​ជំនាញពេល​ចុះធ្វើការងារ ចុះជួបកម្មករ ការងារពលកម្ម អនាម័យ សុខភាព ដាក់​បញ្ចូលការ​បង្ការ​មេរោគអេដស៍​ជាមួយផង។ ឯមន្ទីរទេសចរណ៍ ពេលចុះទៅតាម​ហាងខារ៉ាអូខេ ជួយណែនាំ​នារីបម្រើ​សេវាឱ្យ​ប្រយ័ត្ន ទៅធ្វើ តេស្តឈាម ប្រើស្រោមអនាម័យ និងឱ្យប្រយ័ត្ន ធ្វើយ៉ាងណា​ឱ្យមានសុវត្ថិភាព​ក្នុងការរួមភេទ។ ក្រៅពីការងារថែទាំ និងព្យាបាល ការងារបង្ការឆ្លងថ្មី ការមាក់ងាយ​រើសអើង​ជាការងារ​ពហុវិស័យ។ ការងារ​ដែលអាជ្ញាធរ​ចង់ឱ្យធ្វើគឺ ការបញ្រ្ជាប​ការងារអេដស៍​ទៅដល់ឃុំ សង្កាត់ ដោយយក​គោលនយោបាយ​ភូមិឃុំ​មានសុវត្ថិភាព។ យើងកំពុង​គិតគូរក្នុង​ការកែ​សៀវភៅ​ក្រហម ដើម្បីឱ្យយក​ថវិកាប្រើប្រាស់​ក្នុងការ​ប្រយុទ្ធ​នឹងជំងឺអេដស៍​បាន។

បន្ទាប់ពីលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល​ខេត្ត​ធ្វើបទបង្ហាញ​អំពីវឌ្ឍនភាព​ក្នុងការឆ្លើយតបនឹង​មេរោគអេដស៍ និងជំងឺអេដស៍មក អង្គសិក្ខាសាលា​ក៏បានដឹង​អំពីបទពិសោធន៍​ជោគជ័យ​ក្នុងការប្រយុទ្ធនឹង​មេរោគអេដស៍​នៅខេត្តស្វាយរៀង។ ក្នុងនោះ មានការជៀសវាង​នូវការរើសអើង និងការចេញ​វេជ្ជបញ្ជា​មិនបាច់​បញ្ជាក់ថា​មានជំងឺអេដស៍។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បានលើក​ពីបទពិសោធន៍​នៅស្រុកសូទ្រនិគម ដែល​មន្ទីរពេទ្យ​បង្អែក​ឱ្យអ្នក​ជំងឺអេដស៍​មកទទួល​សេវាព្យាបាល​ជាមួយអ្នក​ជំងឺទូទៅ។

ជាមួយគ្នានោះ ឯកឧត្ដមវេជ្ជបណ្ឌិត ទា ផលា ឯកឧត្តមវេជ្ជបណ្ឌិត តែង គន្ធី និងឯកឧត្តម​វេជ្ជបណ្ឌិត រស់ សីលវ៉ាត់ បានសួរបញ្ជាក់ និងស្នើសុំ​ឱ្យបង្កើន​សកម្មភាព​អប់រំ​ផ្សព្វផ្សាយ សេវា​តេស្តឈាម ការសម្រប​សម្រួល និងការធានា​និរន្តរភាព​ក្នុងការប្រយុទ្ធនឹង​មេរោគអេដស៍​ក្នុងខេត្ត។ មុននឹងបញ្ចប់​សិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្ត្រី
បានបញ្ជាក់ថា ហេតុដែលយើង​ចង់ឱ្យអ្នក​ផ្ទុកមេរោគអេដស៍​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​ក្រីក្រ ដោយសារតាមការ​ស្រាវជ្រាវ​របស់UNDP រកឃើញថា អ្នកជំងឺអេដស៍​ភាគច្រើន​ក្រជាង​អ្នកក្រធម្មតា។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី​បានសរសើរ​គណៈកម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ខេត្តស្វាយរៀង ដោយមាន​ប្រសាសន៍ថា យើងមាន​ការកក់ក្តៅ​ចំពោះការ​ខិតខំ​របស់ខេត្ត។ ក្នុងនោះ​ឯកឧត្ដមក៏បាន​ផ្តាំឱ្យពិនិត្យ មើលចំពោះ​អ្នកឆ្លងថ្មី បើឃើញសូម​ធ្វើការថែមទៀត ដូចជាការសិក្សា​អំពីប្រវត្តិរបស់គាត់ ថាតើជាអ្នក​ជំងឺចាស់ ឬថ្មី។ ហើយពេលចុះ​ទៅធ្វើការ អាចនិយាយអប់រំ​បង្ការការប្រើ​អំពើហិង្សា ការប្រើ​គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ ដោយដាក់បញ្ហា​អេដស៍​ចូលផង និងសិក្សា​កែសម្រួល​ខ្ទង់ណា​ដើម្បីឱ្យការងារ​អេដស៍ប្រើ​ថវិកាបាន។