ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ពិធីផ្ទេរភារកិច្ចប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរសេដ្ឋ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃសៅរ៍ ៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ មានពិធីផ្ទេរ​ភារកិច្ច​ប្រធានក្រុម​ការងារថ្នាក់​កណ្តាលចុះជួយ​ស្រុកបរសេដ្ឋ ក្រោមអធិបតីភាព​ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី សមាជិក​​អចិន្ត្រៃយ៍​​គណៈកម្មា​ធិការ​​កណ្តាល​គណបក្ស ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាលចុះជួយ​ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការ​ចូលរួម​ពីឯកឧត្តម អៀង មូលី ទេសរដ្ឋមន្ដ្រី និង ឯកឧត្តម យឹម សុខុម ប្រធានក្រុម​ប្រឹក្សាខេត្ត ដែលត្រូវទទួល និងផ្ទេរភារកិច្ច​ជាប្រធានក្រុម​ការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុកបរសេដ្ឋ ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​ចុះជួយស្រុក ឃុំក្នុងស្រុក​បរសេដ្ឋ ថ្នាក់ដឹកនាំ​គណបក្សឃុំ ភូមិ ថ្នាក់ដឹកនាំ​វិទ្យាល័យ មណ្ឌលសុខភាព កងកម្លាំង​ប្រដាប់​អាវុធ និងតំណាង​ប៉ុស្តិ៍រដ្ឋបាល ប្រមាណ​ជាង២០០នាក់។

បន្ទាប់ពីលោក ឈឺន សុធន ប្រធានស្ដីទី​គណបក្សស្រុក​បានធ្វើ​របាយការណ៍​ស្វាគមន៍ និងអាន​សេចក្តី​សម្រេច​ស្ដីពីការ​ផ្ទេរភារកិច្ច​ប្រធានក្រុម​ការងារចុះជួយ​ស្រុកពី​ឯកឧត្តម យឹម សុខុម មកឯកឧត្តម អៀង មូលី មក ក៏មានពិធីប្រគល់​សេចក្ដីសម្រេច។ បន្ទាប់មកឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី បានមាន​ប្រសាសន៍​ចំណាប់​អារម្មណ៍​ដោយថ្លែង​អំណរគុណ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​គណបក្សប្រជាកម្ពុជា ដែលបានផ្ដល់​នូវសេចក្​តីទុកចិត្ត​ឱ្យទទួល​ភារកិច្ចជា​ប្រធានក្រុម​ការងារថ្នាក់​កណ្ដាល​ចុះជួយ​ស្រុក​បរសេដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏​បានថ្លែង​អំណរគុណ និងកោតសរសើរ​ចំពោះឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ឆាយ ថន ដែលបាន​ខិតខំរិះរក​គ្រប់​មធ្យោបាយ​​ដើម្បីជួយជ្រោមជ្រែង​គណបក្សខេត្ត និងជាពិសេស ជួយស្រុកបរសេដ្ឋឱ្យទទួល​បានជោគជ័យ​ជាបន្តបន្ទាប់ក្នុងការ​បោះឆ្នោតឆ្នាំ​២០១៨ និង ២០១៩។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន​ថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម យឹម សុខុម ដែលបានចុះជួយជាប្រចាំ​ពង្រឹងគណបក្សនៅ​គ្រប់លំដាប់ថ្នាក់ ទាំងស្រុក ឃុំ និងក្តាប់​បាន​នូវរាល់សភាពការណ៍ និងស្ថានភាព​នយោបាយ​សេដ្ឋកិច្ច និងសង្គម ពង្រឹងសាមគ្គីភាព ឯកភាព​ផ្ទៃក្នុងដែល​ធ្វើឱ្យ​គណបក្ស​មានសម្លេងគាំទ្រ​កាន់តែ​ច្រើនឡើង។

មុននឹងបញ្ចប់មតិចំណាប់អារម្មណ៍ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បាន​បញ្ជាក់ជូន​គណបក្សស្រុក ឃុំ និងសាខាបក្សភូមិថា ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយស្រុក​មាន​ភារកិច្ចត្រឹម​តែ​ចុះជួយ​បំពេញ បន្ថែមនូវ​ការណែនាំ ជំរុញការអនុវត្ត​កម្មវិធីនយោបាយ និងសេចក្តីណែនាំ​ផ្សេងៗរបស់​គណបក្ស​ប៉ុណ្ណោះ ឯការងារ​ស្នូលស្ថិត​នៅលើ​គណបក្សស្រុក ឃុំ ភូមិ ដែលនៅ​ជាប់ជាមួយ​សមាជិកគណបក្ស និងប្រជាជន។ ប្រសិនបើ​មន្ត្រីគណបក្សស្រុក ឃុំ ភូមិ មិនសកម្ម​ក្នុងការឆ្លើយតប​នឹងតម្រូវការ​របស់​សមាជិកបក្ស និងប្រជាជន នោះយើងពិតជា​មិនអាចធានាបាន​នូវការរកសម្លេងគាំទ្រ​គណបក្សបាន​យូរអង្វែងទេ។

នៅក្នុងមតិសំណេះសំណាល និងផ្តាំផ្ញើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា​ដោយឯកឧត្តម អៀង មូលី ជាប្រធានក្រុម ការងាររាជរដ្ឋា ភិបាល​ចុះជួយ​ស្រុកបរសេដ្ឋស្រាប់ ដូច្នេះឱ្យបន្តការងារ​គណបក្សស្រុក​តែម្តង។ ការងារគណបក្សមិនអាច​មើលរំលងការងារ​រាជរដ្ឋាភិបាល​បានទេ ព្រោះ​គណបក្ស​យើងជាបក្ស​កាន់អំណាច។ ក្រុមការងារ​យុទ្ធសាស្ត្រ​គណបក្សខេត្ត បានពិចារណា​សម្រួលភារកិច្ច ដើម្បីរំលែក​ការងារ ពង្រឹងរចនា​សម្ព័ន្ធ​គណបក្ស។ ការងារ​របស់ឯកឧត្តម យឹម សុខុម បានផ្តល់ជាទុន​សម្រាប់អ្នក​បន្តវេនគឺ ឯកឧត្តម អៀង មូលី ដើម្បីឱ្យបក្សយើង​កាន់តែរឹងមាំ​បន្ថែមទៀត។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​បានបន្តថា​គណបក្សយើង​ត្រូវតែរឹងមាំ បើគ្មានភាព​រឹងមាំទេ ការរក្សាសុខសន្តិភាព​ក៏មិនអាច​សម្រេចបានទេ។ បើនិយាយ​ពីអាយុកាល គណបក្សប្រជាជន​មានអាយុ ៦៨ឆ្នាំ គឺមានភាព​ចាស់ទុំហើយ។ គណបក្សយើងដែល​កំពុងដឹកនាំ​រាជរដ្ឋាភិបាលបាន​ផ្តល់នូវ​សុខុមាលភាព និងបំពេញតាម​សំណូមពរ​ប្រជាពលរដ្ឋ ផ្តល់ការងារ ភាពមានបាន និងសេចក្តីសុខ​ក្សេមក្សាន្ត​របស់ប្រជាជាតិ។ សម្តេចតេជោ​បានខិតខំធ្វើការ​ទាក់ទាញ​អ្នកវិនិយោគ ផ្តល់នូវគោលនយោបាយ​សន្តិសុខសង្គម លក្ខខណ្ឌការងារ​ដល់កម្មករ និងអត្ថ​ប្រយោជន៍​ដល់កម្មការិនី​មានផ្ទៃពោះ​ផងដែរ។ គណបក្ស​ផ្សេងគ្មាន​ស្នាដៃ និងគុណ​បំណាច់ទេ។ បក្សប្រឆាំង​ធ្វើយ៉ាងណា​បញ្ឆេះកំហឹង ដើម្បីផ្តួល​រំលំ​រាជរដ្ឋាភិបាល ដោយយក​ប្រជាធិបតេយ្យ​មកធ្វើជាលេស ប្រើនយោបាយ​អុជអាល​បំបែកបំបាក់។ ពួកប្រឆាំង​បំផ្លាញសតិអារម្មណ៍​ប្រជាជន តាម Facebook វីដេអូគ្លីប និងតាម​អាស៊ីសេរី។ កាលណា​យើងចុះខ្សោយ​សតិអារម្មណ៍គឺ​ចាញ់បោកពួក​ប្រឆាំងហើយ។

ក្នុងប្រសាសន៍​បញ្ចប់ពិធី ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត​បានផ្តាំផ្ញើថា ការងារ​ទាំងមូលដ្ឋាន ទាំងថ្នាក់​កណ្ដាលត្រូវធ្វើការ​ឱ្យស្មើដៃគ្នា ដើម្បីបក្សរឹងមាំ និងត្រូវយក​ចិត្តទុកដាក់ ការងារ​កសាងបក្ស ការងារសតិ​អារម្មណ៍ដែល​ជាការងារ​សំខាន់ និងស្នើឱ្យ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា​អនុប្រធាន សមាជិកក្រុម​ការងារ រួម​សាមគ្គីគ្នា ដើម្បីឱ្យ​គណបក្សកាន់​តែរឹងមាំ​នៅស្រុក​បរសេដ្ឋ​បន្តទៀត។