ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតី និងដឹកនាំ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩

នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសង្គហមិត្តគយ ខេត្តកែប ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​ជា អធិបតី និងដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩ ដោយមាន​វត្តមាន​ចូលរួម ពីសំណាក់
-    ឯកឧត្តម លោកជំទាវ​ថ្នាក់ដឹកនាំ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍
-    ឯកឧត្តម លោកជំទាវ​ប្រធានគណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ក្រសួង រដ្ឋលេខាធិការដ្ឋាន រាជធានី ខេត្ត និងកាកបាទ​ក្រហមកម្ពុជា
-    ឯកឧត្តម អឺង ឆាយ អភិបាលរង​ខេត្តកែប តំណាង​ឯកឧត្តមអភិបាល​នៃគណៈអភិបាល​ខេត្តកែប
-    ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា
-    ភ្ញៀវជាតិ និងអន្តរជាតិ​ជាដៃគូរអភិវឌ្ឍ

កិច្ចប្រជុំពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​ត្រូវប្រារព្ធឡើង​ជាទៀងទាត់​រៀងរាល់៦ខែម្តង ដើម្បីពិនិត្យមើល​រួមគ្នា​នូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាព​នៃការ​ឆ្លើយតប​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយពិភាក្សា​រួមគ្នាទៅលើ​ចំណុចខ្វះខាត​មួយចំនួន និងដាក់​ចេញនូវសេចក្តី​សម្រេច​ជាគោលការណ៍​មួយចំនួន​សម្រាប់ជូន​ក្រុមការងារ​បច្ចេកទេស​រៀបចំ និងអនុវត្ត​ផែនការ​សកម្មភាព​គន្លឹះ   រយៈពេល​៦ខែចុង​ឆ្នាំ២០១៩ ជាបន្តទៀត ។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែង នូវការកោត​សរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានខិតខំ​យកអស់​កម្លាំង​កាយចិត្ត និង​ប្រាជ្ញាស្មារតី​ចូលរួម​ចំណែក​ដឹកនាំ គ្រប់គ្រង និងសម្រប​សម្រួលការ​ឆ្លើយតបជាតិ​ទូលំទូលាយ និងពហុវិស័យ​ប្រយុទ្ធនឹង​ជំងឺអេដស៍​នៅគ្រប់លំដាប់​ថ្នាក់ ​រហូត​ទទួល​បានជោគជ័យ​ជាបន្តបន្ទាប់​គួរជា​ទីមោទនៈ ។

ក្នុងនាម ឯកឧត្តម លោកជំទាវ តំណាងស្ថាប័ន ជាសមាជិក​សមាជិការ នៃអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍  ឯកឧត្តម​ទេសរដ្ឋមន្រ្តី សូម​គោរព​ថ្លែងនូវ​អំណរគុណ​ប្រកប​ដោយ​កតញ្ញុតាធម៌​ដ៏ជ្រាលជ្រៅ​បំផុតជូនចំពោះ  សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​ណាចក្រកម្ពុជា ​ដែលបាន​សម្រេច​ប្រកប​ដោយ​គតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់ ដាក់ចេញ​នូវវិធាន​ការទាក់ទង​នឹងការឆ្លើយតប​ទៅនឹងមេរោគ​អេដស៍និង​ជំងឺអេដស៍ តាមរយៈសេចក្តី​ជូនដំណឹងលេខ ២១៣ សជណ.សស​ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល​កម្ពុជា​ដែលបាន​ផ្តល់នូវការ​ជំរុញ​លើក​ទឹកចិត្ត​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ដល់អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ស្ថាប័ន ​និងផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​បំពេញ​ការងារ​ឆ្លើយតប​នឹង​មេរោគ​អេដស៍​និងជំ​ងឺ​អេដស៍​ឱ្យកាន់​តែមានប្រសិទ្ធ​ភាពខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បាន រំលឹកថ្លែងអំណគុណ​ជូនចំពោះ​សមាជិក សមាជិកានៃ​កិច្ចប្រជុំពេញ​អង្គអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៨ ដែល​បាន​លើកគំនិត​ប្រកប​ដោយការ​ទទួលខុស​ត្រូវខ្ពស់​ក្នុងបង្កើត​ឱ្យមានសេចក្តី​សម្រេចចិត្ត​ដ៏ល្អមួយ នាំដល់​ការស្នើសុំ​រាជរដ្ឋាភិបាល​សម្រេច​ចេញនូវ​វិធានការ​ខាងលើ​ប្រកប​ដោយ​មោទនភាព។ សមិទ្ធផល​ចំបងរបស់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍​សម្រេចបាន​នៅក្នុង​ឆ្នាំ២០១៨​ គឺទទួល​បាន​នូវការ​គាំទ្រជា​នយោបាយ​ដ៏មោះមុត​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់រាជ​រដ្ឋាភិបាល ​ក្រោមការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជា​ណាចក្រ​កម្ពុជា​តាមរយៈ​ការដាក់ចេញនូវ “សេចក្តីជូនដំណឹង លេខ២១៣សជណ.សស”  ដែលជា​មគ្គុទេស​ក៍ជាតិ​មួយ​សម្រាប់យើង​ទាំងអស់​អាចអនុវត្ត និងសម្រេច​គោលដៅ​ដោយជោគជ័យ សូន្យបី ក្នុងការលុប​បំបាត់ជំងឺ​អេដស៍ គឺ
១ គ្មានការឆ្លងមេរោគអេដស៍ថ្មី
២ គ្មានការរើសអើងទៅលើអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ និង
៣ គ្មានការស្លាប់ដោយសារជំងឺអេដស៍” និង

ឆ្ពោះទៅសម្រេចអោយបានគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ ត្រឹមឆ្នាំ ២០២៥៖
-    ៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍​ទាំងអស់បានដឹងពីស្ថានភាព​ផ្ទុកមេរោគអេដស៍ពួកគេ
-    ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែល​បានធ្វើរោគវិនិច្ឆ័យហើយ បានទទួល​ការព្យាបាល​ដោយឱសថប្រឆាំង​នឹងមេរោគអេដស៍​ជាប់ជាប្រចាំ និង
-    ៩៥% នៃអ្នកទាំងអស់​ដែលទទួលការព្យាបាល​ដោយឱសថ​ប្រឆាំងនឹង​មេរោគអេដស៍​ទទួលបាន​ប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់​បន្ថយចំនួន​មេរោគអេដស៍​នៅក្នុងខ្លួន ។

ឯកឧត្តមទេសរដ្ឋមន្រ្តី រំលឹកជម្រាប​ជូនកិច្ចប្រជុំពេញអង្គថា កម្ពុជាយើង​បាននិងកំពុង​ប្រឈមជាមួយ​កង្វះខាតធនធាន​ហិរញ្ញវត្ថុ ​ធនធាន​សម្ភារ​បរិក្ខារ​ក្នុងការ​ប្រើប្រាស់​បច្ចេក​វិជ្ជាព័ត៌មាន និងមនុស្ស​ដែលទាមទារ​នូវការកសាង​សមត្ថភាព​ពេញលេញ​សំរាប់អនុវត្ត​យុទ្ធសាស្រ្ត និង វិទ្យាសាស្រ្តថ្មីៗ ​ក្នុងការ​ឆ្លើយតប​ទៅនឹង​មេរោគអេដស៍​និងជំងឺអេដស៍។ ឯកឧត្តមទេសរដ្ឋ​មន្រ្តីប្រធាន សូមសំនូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រើប្រាស់​គ្រប់លទ្ធភាព​ទាំងអស់​ ក្នុងការ​ចលនា​ធនធាន​ពីគ្រប់ប្រភព​ទាំងអស់ រួមជាមួយនឹង​ការធានា​ដល់ការចំណាយ​ធនធាន​ដែលមាន​ស្រាប់ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ដោយចៀសវាង​ឱ្យបាននូវការ​ចំណាយច្រើន ​ទទួល​បាន​ផលតិច ឬការចំណាយ​ជាន់គ្នា ។ល។



ឯកសារសម្រាប់ទាញយក

 ចំណងជើងទំហំការទាញយកឯកសារ
   សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្លែងក្នុងឱកាសបិទ​កិច្ចប្រជុំពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩ សណ្ឋាគារ​សង្គហមិត្តគយ ខេត្តកែប ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩0.15 MB 
   សុន្ទរកថា ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ថ្លែងក្នុងឱកាសបើក​កិច្ចប្រជុំ​ពេញអង្គ​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ លើកទី១ ឆ្នាំ២០១៩ សណ្ឋាគារសង្គហមិត្តគយ ខេត្តកែប ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩0.16 MB