ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសកល ដឹកនាំគណៈប្រតិភូមណ្ឌលតំណាងតំបន់ ប៉ាស៊ីហ្វិកខាងលិចចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិសកលនៅទីក្រុងហ្សឺណែវ

នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃពុធ ១២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាល​មូលនិធិសកល បាន​ចាប់ផ្តើម​កិច្ចប្រជុំ​លើកទី៤១ ថ្ងៃទីមួយ​ជាផ្លូវការ​របស់ខ្លួន បន្ទាប់ពី​កិច្ចប្រជុំ​របស់មណ្ឌល​តំណាង​តំបន់ និង​កិច្ចប្រជុំ​ផ្តល់​ព័ត៌មាន​សង្ខេប​ត្រូវ​បាន​ធ្វើឡើង​រយៈពេល​២ថ្ងៃ​កន្លង​មកនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ និងជា​សមាជិក​ក្រុមប្រឹក្សា​ភិបាល​មូលនិធិសកល ដឹកនាំ​គណៈ​ប្រតិភូ​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ចូលរួម​ក្នុង​កិច្ចប្រជុំនេះ។ គណៈប្រតិភូ​ដែលចូលរួម​ជាមួយ​ឯកឧត្តម​ទេសរដ្ឋមន្រ្តី​មាន​តំណាង​មកពី កម្ពុជា  ប៉ាពូ​អាស៊ីណូវែល​​គីណេ វ៉ានូទូ ម៉ុងហ្គោលី ចិន និងតំណាង​​អង្គការ​​សុខភាព​​ពិភព​លោក​មកពី ហ្វីលីពីន។
កិច្ចប្រជុំក្រុម​ប្រឹក្សាភិបាល​មូលនិធិសកល​ធ្វើឡើង​ពីរដង​ក្នុងមួយឆ្នាំ ដើម្បី​ពិភាក្សា​អំពីកិច្ចការ​ដែលបាន​ធ្វើ​កន្លងមក និង​អនុម័ត​សេចក្តី​សម្រេច​នានា​ក្នុងការ​អនុវត្ត​ការងារ​បន្ត​ទៅពេល​ខាងមុខ។ អង្គប្រជុំ​បានលើកឡើង​ពីវឌ្ឍនភាព​ក្នុង​ការ​ប្រយុទ្ធ​នឹងជំងឺអេដស៍ របេង និងគ្រុនចាញ់ និងការប្តេជ្ញា​បង្កើនល្បឿន​ក្នុងឆ្លើយតប​នឹង​ជំងឺ​ទាំង៣នេះ ដោយ​ត្រូវការ​នូវការ​វិនិយោគ​ជាមួយ​នឹងថវិកា​បន្ថែម និងកាន់​តែមាន​លក្ខណៈ​ឆ្នៃប្រឌិត។ ជាមួយគ្នានេះ ប្រធាន និង​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​ថ្មី​នឹង​ចូល​មក​កាន់​តំណែង​គឺ ឯកឧត្តម Donald Keberuka និង​លោកស្រី Roslyn Morauta។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ ១) ថ្លែងការ​អបអរសាទរ​ចំពោះឯកឧត្តម Donald Keberuka ដែលត្រូវបាន​ជាប់ឆ្នោត​ជាប្រធាន និងជាពិសេស​លោកស្រី Roslyn Morauta ជាសមាជិក​ឆ្លាស់​វេនមក​ពីមណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជាអនុប្រធាន​ក្រុមប្រឹក្សាភិបាល ២) ថ្លែង​ការ​អបអរសាទរ​ចំពោះ​របាយការណ៍​របស់លោក Peter Sands អគ្គនាយក​មូលនិធិសកល ៣) អំពីសារៈ សំខាន់​ក្នុងការ​គិតគូរ​អំពី​វិធី​សាស្ត្រ​ឆ្នៃ​ប្រឌិត​ក្នុង​ការ​សម្រេច​គោលដៅ​បញ្ចប់ការ​ចម្លង​ជំងឺ​ទាំងបី និង៤) អះអាង​ឡើងវិញ​អំពី​ការ​ប្តេជ្ញាចិត្ត​របស់​មណ្ឌល​តំណាង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​ក្នុង​ការ​បញ្ចប់​នូវការ​ចម្លង​នៅតាម​ប្រទេស​នីមួយៗ​នៅក្នុងតំបន់។