ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២៣
​កិច្ចប្រជុំ​លើក​ទី៥៣នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​កម្មវិធី​យូ​អិន​អេដស៍(UNAIDS)
ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣
​ថ្វាយ​កម្រងផ្កា​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា “ព្រះ​បរម​រតន​កោដ្ឋ”
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

បុរស​ម្នាក់​នៅ​ទីក្រុងឡុងដ៏​បាន​ជា​សះស្បើយ​ពី​មេរោគ HIV បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​តាមរយៈ​ការ​ផ្សាំ​កោសិកា​បាន​មក​ពី​អ្នក​ផ្តល់​ឲ្យ​ដែល​មាន​ប្រភេទ​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ដ៏​កម្រ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​នោះ​មាន​ភាពស៊ាំ​នឹង​មេរោគ​អេដស៍

វ៉ាស៊ីនតោន
បុរសផ្ទុកមេរោគ HIV ម្នាក់នៅចក្រភព​អង់គ្លេសបាន​ក្លាយជាមនុស្សទីពីរ​នៅក្នុងពិភពលោក​ដែលបានជា​សះស្បើយពី​ជំងឺអេដស៍។
នៅក្នុង​សន្និសីទ​កាសែត​មួយ​នៅទីក្រុង Seattle សហរដ្ឋអាមេរិក ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​សកលលោក​ដើម្បី​បញ្ចប់​ជំងឺ​អេដស៍​បាន​ប្រកាស​ថា ទីភ្នាក់ងារ​សារទរ​យ៉ាងខ្លាំង​ចំពោះ​ការរក​ឃើញ​វិធីព្យាបាល​ជំងឺអេដស៍​លើបុរស​ម្នាក់នេះ ប៉ុន្តែគេ​នៅត្រូវការពេល​វេលាយូរទៀត។
ក្រុមអ្នក​វិទ្យាសាស្ត្រ​ខិតខំ​ស្វែងរក​វិធីព្យាបាល​ជំងឺអេដស៍​រយៈពេល៤០ឆ្នាំ​មកហើយ។ នាយក ទីភ្នាក់ងារប្រយុទ្ធ​ប្រឆាំងជំងឺ​អេដស៍នៃ​អង្គការ​សហប្រជាជាតិ​ហៅកាត់ថា UNAIDS បានចាត់ទុក​ព័ត៌មាន​អំពីបុរសម្នាក់​នៅ​ទីក្រុងឡុង​ដ៏ដែល​បានជាសះស្បើយ​ពីជំងឺអេដស៍ថា ជាការរកឃើញ​យ៉ាងសំខាន់​មួយ។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាអិការ​អង្គការសហ​ប្រជាជាតិបាន​ប្រកាសថា៖ «ការរកឃើញនេះ​ផ្តល់ឲ្យយើង​នូវក្តីសង្ឃឹម​សម្រាប់អនាគត ប៉ុន្តែ​វាក៏ធ្វើឲ្យ​យើង​ដឹងផង​ដែរថា យើងនៅឆ្ងាយកម្រិតណា​ពីការឆ្ពោះទៅរកការ​បញ្ចប់ជំងឺអេដស៍​តាមរយៈ​វិទ្យាសាស្ត្រ ព្រម​ទាំង​សារៈ​សំខាន់​នៃការ​បន្តផ្តោត​លើ​ការ​ទប់​ស្កាត់​ការ​រីករាល​ដាល​មេរោគ HIV និងការព្យាបាល»។
បុរស​ម្នាក់នៅទីក្រុងឡុង​ដ៏បានជា​សះស្បើយ​ពីមេរោគ HIV បន្ទាប់​ពីទទួល​បាន​ការ​ព្យាបាល​តាមរយៈ​ការ​ផ្សាំកោសិកា​បាន​មក​ពី​អ្នក​ផ្តល់​ឲ្យ​ដែល​មាន​ប្រភេទ​ហ្សែន​បង្ក​ឲ្យ​កើត​ជំងឺ​មហារីក​ដ៏កម្រមួយ​ដែល​ធ្វើឲ្យ​អ្នកជំងឺនោះ​មានភាព​ស៊ាំនឹងមេរោគ​អេដស៍។ ហើយមេរោគ​មហារីក​របស់អ្នក​ជំងឺនោះ​ក៏បាន​ជាសះស្បើយ​ផងដែរ។
សាស្ត្រាចារ្យ Ravindra Gupta នៅឯសាកលវិទ្យាល័យ London បានថ្លែងថា អ្នកជំងឺអេដស៍ម្នាក់​នោះឥឡូវនេះ​បានឈប់ប្រើប្រាស់​ថ្នាំប្រឆាំង​នឹងជំងឺ​អេដស៍​ហើយ។
លោកសាស្ត្រាចារ្យ Ravindra Gupta បានថ្លែងថា៖ «យើងបានរង់ចាំ​រយៈពេល១៦ខែ មុននឹងឲ្យអ្នកជំងឺនោះ​ឈប់ប្រើថ្នាំ​នៅអំឡុងពេល​ក្រោយការ​ផ្សាំកោសិកា​នេះ ដើម្បី​ធ្វើ​ឲ្យប្រាកដថា មេរោគមហារីក​បានជា​សះស្បើយ ហើយអ្នកជំងឺ​មានសុខ​ភាពល្អ ហើយ​វិធី​ព្យាបាល​នេះ​មាន​ប្រសិទ្ធភាព​ដោយ​បង្ហាញ​ឲ្យ​ឃើញ​ថា​អ្នក​ជំងឺអេដស៍​គ្មាន​ផ្ទុកមេរោគ HIV តទៅ»។
លោកសាស្ត្រាចារ្យ​នៅមិនគិតថា​ការព្យាបាល​នេះធ្វើឲ្យអ្នក​ជំងឺជាសះ​ស្បើយ​នៅឡើយទេ ប៉ុន្តែនេះគឺជាអ្នក​ជំងឺអេដស៍ទីពីរ​ហើយ ដែល​បាន​ទទួល​ការ​ព្យាបាល​ដោយ​ការ​ផ្សាំ​កោសិកា​នេះ និងបង្ហាញលទ្ធផល​ថាគ្មាន​សញ្ញាផ្ទុកមេរោគ HIV តទៅទៀត។ អ្នកជំងឺទីមួយគឺជាជនជាតិអាមេរិកាំងម្នាក់​បានទទួល​ការ​ព្យាបាល​នៅទីក្រុង​ប៊ែកឡាំង​ប្រទេស​អាឡឺម៉ង់​កាលពី១២ឆ្នាំមុន។
វេជ្ជបណ្ឌិត Rowena Johnston នាយកការស្រាវជ្រាវ​នៅឯ​មូលនិធិ amfAR ដែល​ជា​មូលនិធិ​សម្រាប់​ការ​ស្រាវជ្រាវ​ជំងឺអេដស៍​បាន​ថ្លែងថា​ជោគជ័យ​ទីពីរ​នេះ​គឺជាជោគជ័យ​ដ៏សំខាន់​មួយ។ វេជ្ជបណ្ឌិតបានថ្លែងថា៖ «ឥឡូវនេះយើងមាន​ហេតុផល​ដែល​ត្រូវជឿថា អ្នកជំងឺនៅទីក្រុងប៊ែរឡាំង​មិនមែន​ជាអ្នក​ជំងឺដែល​ជាសះស្បើយ​ពីមេរោគ​តែម្នាក់​នោះទេ។ លទ្ធផលនេះ​គឺជាការបង្ហាញថា​យើងជិត​ឈាន​ដល់​ការ​លុប​បំបាត់​មេរោគ HIV បានទាំងស្រុង​ពីអ្នក​ជំងឺអេដស៍​ហើយ»។
លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា ដូចទៅនឹង​អ្នកជំងឺ​នៅទីក្រុង​ប៊ែរឡាំងដែរ អ្នកជំងឺជនជាតិ​អង់គ្លេស​ដែលត្រូវ​បានគេហៅ​ថា​អ្នកជំងឺ​នៅ​ទីក្រុងឡុងដ៍ ក៏​បាន​ទទួល​កោសិកា​ផ្សាំពី​អ្នកផ្តល់​ឲ្យដែលមាន​ហ្សែនមហារីកដ៏​កម្រ​ឈ្មោះថា CCR5 ផងដែរ។
លោកសាស្ត្រាចារ្យ Gupta បានថ្លែងថា៖ «ប្រសិនបើអ្នកដាក់​កោសិកា​ទាំងនេះ​ចូល​ក្នុងខ្លួន​អ្នកណា​ម្នាក់​ដែលមានផ្ទុកមេរោគ HIV នោះអ្នក​ប្រហែល​ជាអាច​ការពារ​កោសិកា​ថ្មីទាំងនោះពីការឆ្លងបាន»។
មានអ្នកផ្ទុកមេរោគ HIV ប្រមាណ៣៧លាននាក់​នៅទូទាំងសកលលោក។ ប៉ុន្តែការព្យាបាល​ដោយការផ្សាំ​កោសិកា​មិនមែន​ជា​ការព្យាបាល​ដែល​អាច​អនុវត្ត​បាន​ងាយៗ​ទេ។ ជាដំបូងគេ​ត្រូវ​រកអ្នក​ដែល​មាន​កោសិកា​ត្រូវគ្នា ហើយ​បន្ថែម​លើនេះ អ្នកផ្តល់​ឲ្យនោះ​ត្រូវមានហ្សែន​មហារីក​ដែលកម្រ។ ហើយបន្ទាប់​​មក​ទៀត​​អ្នក​ជំងឺ​​ត្រូវ​ឆ្លង​កាត់ដំណាក់​កាលព្យាបាល ដែលមានការ​ឈឺចាប់​និងប្រថុយ​ប្រថានខ្លាំង។
វេជ្ជបណ្ឌិត Sarah Fidler គឺសាស្ត្រាចារ្យផ្នែកឱសថសាស្ត្រមេរោគ HIV នៅឯមហាវិទ្យាល័យ Imperial College London។ លោកស្រី​បាន​ថ្លែងថា​ការ​ប្តូរ​ខួរឆ្អឹងខ្នង​អាចមានគ្រោះថ្នាក់ខ្លាំងសម្រាប់​អ្នកជំងឺដែល​មានសុខភាពល្អ និងត្រូវលេប​ថ្នាំព្យាបាល​មេរោគអេដស៍​រៀងរាល់ថ្ងៃ។
លោកស្រីសាស្ត្រាចារ្យ​បានថ្លែងថា៖ «ដំណើរការដូរខួរ​ឆ្អឹងខ្នង​មានលក្ខណៈ​ស្មុគស្មាញ។ វាតម្រូវ​ឲ្យ​គេយក​កោសិកា​ថ្មីទាំងអស់​ដាក់ចូល​ទៅក្នុងខ្លួន​អ្នកជំងឺ​ដែលកំពុង​ទទួល​ការ​ព្យាបាល ហើយដំណើរការនេះ​តម្រូវឲ្យ​ដាក់​បង្កប់​កោសិកា​ទាំងនោះ​ទៅក្នុងខ្លួន​អ្នកជំងឺ។ អ្នកជំងឺមាន​ហានិភ័យ​ខ្ពស់ក្នុងការ​ឆ្លងមេរោគ និង​អាច​បណ្តាល​ឲ្យ​បាត់បង់​ជីវិត»។
អ្នកជំងឺទាំង​ពីរនាក់​ត្រូវបាន​ព្យាបាល​ជំងឺមហារីក និងគ្មាន​ជម្រើសអ្វីទេ ប៉ុន្តែត្រូវ​សាកល្បងព្យាបាល​តាមវិធីសាស្ត្រថ្មី​ដែល​មានហានិភ័យនេះ។ ក្រុមអ្នក​វិទ្យាសាស្ត្រ​នឹង​បន្ត​ស្រាវជ្រាវ​រកវិធីព្យាបាល​ផ្សេងៗ​ទៀត​ដើម្បីព្យាបាល​មេរោគ HIV ប៉ុន្តែ​ឥឡូវនេះ​ពួក​គេដឹងថា មេរោគអេដស៍​អាចព្យាបាលបាន៕

ប្រភព : khmer.voanews.com/a/a-cure-for-hiv-is-possible/4825073.html