ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ទេសរដ្ឋមន្រ្តី អៀង មូលី : កម្ពុជាយើងបានទទួល ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ដោយសារការប្តេជ្ញាចិត្តធ្វើការរួមគ្នា

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានអញ្ជើញ​ជាអធិបតី​ក្នុងពិធីបើក​សិក្ខា​សាលា​​ស្តីពីការពិគ្រោះ​យោបល់​​លើការងារ​ដែលបាន​​អនុវត្ត​ក្នុងឆ្នាំ​២០១៨ និងពិនិត្យសកម្មភាព​ការងារ​ឆ្នាំ២០១៩​ ដើម្បី​អនុវត្តបន្ត នៅសណ្ឋាគារ Memoria Palace and Resort ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ និងមន្រ្តី​អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍ តំណាងរដ្ឋបាល​ខេត្តប៉ៃលិន គណៈកម្មាធិការ​ប្រយុទ្ធ​នឹងជំងឺអេដស៍​ខេត្តប៉ៃលិន មន្ទីរសុខាភិបាលខេត្តប៉ៃលិន និងទីប្រឹក្សាបច្ចេកទេសចំនួន១០២នាក់។

បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក យក់ សុវណ្ណ អនុប្រធានមន្ទីរ​សុខាភិបាលខេត្តប៉ៃលិន ចំណាប់អារម្មណ៍​របស់ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និងការ​ជម្រាប​ជូន​អំពីគោលបំណង និងវិធីសាស្ត្រនៃអង្គសិក្ខាសាលា​ដោយឯកឧត្តម តែង គន្ធី អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍មក ឯកឧត្តមទេសរដ្ឋមន្ត្រី​បានថ្លែង​​ទៅកាន់អ្នកចូលរួម​ទាំងអស់ថា យើងតែងតែរៀបចំ​​សិក្ខាសាលា​ជារៀងរាល់ឆ្នាំ ដោយគិតគូរ​ពីការ​ផ្លាស់ប្តូរភូមិ​សាស្ត្រផងដែរ។ ឆ្នាំនេះយើងមករៀបចំនៅខេត្តប៉ៃលិន​ដែលមានពាក់ព័ន្ធ​នឹងរឿងកុលាបប៉ៃលិន។ យើងរៀបចំសិក្ខាសាលា​នេះឡើងដើម្បីពិនិត្យលទ្ធផល​ការងារកន្លងមកថា​ធ្វើបានអ្វីខ្លះ នៅមានកង្វះ​ខាតអ្វីខ្លះ ត្រូវធ្វើអ្វីបន្ត​ទៅទៀត និងបង្កើនការយល់ដឹង​ដល់មន្រ្តីរាជការផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា សម្រាប់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ យើងបានកំណត់គោលដៅ២ ដែលត្រូវធ្វើគឺ ឈានទៅសម្រេច​ឱ្យបានគោលដៅ ៩០-៩០-៩០ នៅឆ្នាំ២០២០ និងគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ប៉ុន្តែអង្គការ UNAIDS បានប្រកាសថាយើង​បានសម្រេច​ដល់គោលដៅ ៩០-៩០-៩០ ហើយតាំងពីឆ្នាំ២០១៧ (មានន័យថា ៩០%នៃអ្នកផ្ទុកមេរោគអេដស៍​​បានដឹងពីស្ថានភាព​ជំងឺអេដស៍របស់ខ្លួន ៩០%នៃអ្នកដឹងពីស្ថានភាព​ជំងឺ​បាន​​ទទួល​ការព្យាបាល​ដោយ​ឱសថប្រឆាំង​មេរោគអេដស៍ និង៩០% នៃអ្នកបានទទួល​ការព្យាបាល​មានបន្ទុក​មេរោគអេដស៍​ទាបបំផុតនៅក្នុងឈាម)។ ក្នុង ពិភពលោក​នេះគឺមានតែ៧​ប្រទេស​ប៉ុណ្ណោះ​សម្រេច​បានគោលដៅ៩០-៩០-៩០ ដែលក្នុងនោះមាន បុតស្វាណា ចក្រភពអង់គ្លេស អីុស្លង់ ដាណឺម៉ាក ស៊ុយអ៊ែត សិង្ហបុរី និងកម្ពុជាយើង។ ក្នុងនោះរបាយការណ៍ បានបង្ហាញថា​កម្ពុជាយើងឈាន​ទៅដល់គោលដៅ៩០-៩០-៩០ ជា លំដាប់លំដោយដូចតទៅ : គោលដៅ៩០ទី១ យើងសម្រេចបាន៨៦% គោលដៅ៩០ទី២ យើងសម្រេចបាន៩៨% និងគោលដៅ៩០ទី៣ យើងសម្រេចបាន ៨០%។ ដូច្នេះយើងត្រូវនិយាយថា យើងទាំងអស់គ្នាឈាន​ទៅសម្រេចបាន​គោលដៅ ៩០-៩០-៩០ទាំង ស្រុងនៅឆ្នាំ២០២០ និងគោលដៅ៩៥-៩៥-៩៥នៅឆ្នាំ២០២៥។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ពិភពលោកបាទទួល ស្គាល់ថា កម្ពុជាយើងបានទទួល​ជោគជ័យ​ក្នុងការប្រយុទ្ធ​នឹងជំងឺអេដស៍។ នោះដោយសារ​យើងមាន​ស្ថាប័ន ដូចជាអាជ្ញាធរជាតិ​ប្រយុទ្ធនឹងអេដស៍។ ប្រទេសមួយចំនួនកំពុង​រៀនសូត្រពីយើង។ យើងបានជោគជ័យ​ដោយសារយើងបាន​ប្តជ្ញាចិត្តធ្វើការរួមគ្នាគឺ ទាំងរាជ រដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធ។ បើតាមប្រសាសន៍សម្តេចតេជោគឺ ការប្រយុទ្ធនឹងជំងឺអេដស៍ គឺយើងធ្វើការរង្គើតាំងពីក្បាលដល់ចុង ជើង។ អាជ្ញាធរបានជោគជ័យ​ដោយសារមានក្រសួង ស្ថាប័ន និងខេត្តជាសមាជិក។

មុននឹងបញ្ចប់ សុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ការឯកភាពរបស់រាជរដ្ឋា ភិបាលដូចមានចែង​ក្នុងលិខិតជូនដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលដាក់ចេញនូវវិធានការ​ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ចំនួន៦ចំណុចនោះ ជាជោគជ័យ​ដ៏ធំរបស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍យើង។ ដូច្នេះ យើងមានការងារ​ច្រើនណាស់ដែល​ត្រូវធ្វើក្នុងឆ្នាំ២០១៩នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរពិភាក្សា និងសិក្សារួមគ្នានៅក្នុង​កម្មវិធីរយៈពេល​២ថ្ងៃនេះ ដាក់ចេញនូវផែនការ​សម្រាប់ការអនុ វត្តការងារឆ្នាំ២០១៩ និង២០២០ មុននឹងកោះប្រជុំអន្តរក្រសួង ដើម្បីឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍​បានដឹងពីការងារ​ដែលត្រូវធ្វើ។

នៅទីបញ្ចប់ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកោត សរសើរ និងលើកទឹកចិត្តក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ជាសមាជិករបស់អាជ្ញាធរ ជាពិសេសខេត្តប៉ៃលិន ដែលមានគំនិតឆ្នៃប្រឌិត​ក្នុងការភ្ជាប់ការងារ​ប្រយុទ្ធនឹងជំងឺអេដស៍ ជាមួយគ្រឿងញៀន។ នេះជាការល្អ គឺមន្រ្តីយើងដែល​ចុះទៅធ្វើការ និយាយពីច្បាប់ គ្រឿងញៀន អាចថែមរឿងអេដស៍ គ្រោះថ្នាក់ចរាចរផងដែរ។ ជាមួយគ្នានេះ យើងបង្កើនការរៀបចំសិក្ខាសាលាបណ្តុះបណ្តាល ការប្រជុំ និងជំរុញលើកទឹកចិត្តយុវជន។ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជូនពរ​ឱ្យអង្គសិក្ខាសាលា​បានសម្រេចជោគជ័យ​ទៅតាមការគ្រោងទុក និងប្រកាសបើក​សិក្ខាសាលា។