ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី :​ យើងមានសំណាងដោយមានសម្តេចតេជោនៅពីក្រោយ​ក្នុងការជួយយើងផ្តល់សារ​អំពីជំងឺអេដស៍រាល់ពេលជួបកម្មករ

រាជធានីភ្នំពេញ : នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ មានរៀបចំកិច្ចប្រជុំប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ ទីប្រឹក្សា និងមន្ត្រីរាជការចំនួន ៨៩នាក់។

បន្ទាប់ពីប្រកាសបើកកិច្ចប្រជុំ និងប្រកាសរបៀបវារៈនៃកិច្ចប្រជុំមក ឯកឧត្តមទេសរដ្ឋមន្ត្រីបាន​អនុញ្ញាតជូនឯកឧត្តម តែង គន្ធី អគ្គលេខាធិការ​អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺ​អេដស៍ធ្វើរបាយការណ៍​ប្រចាំខែកុម្ភៈ ឆ្នាំ២០១៩ និងឯកឧត្តម ទា ផលា អនុប្រធាន​អាជ្ញាធរ​ជាតិប្រយុទ្ធ​នឹងជំងឺអេដស៍​ធ្វើបទបង្ហាញ​អំពីការរៀបចំ​សិក្ខាសាលា​ស្តីពីការពិនិត្យ​ការអនុវត្តការងា​រឆ្នាំ២០១៨ និងលើកទិសដៅ​សកម្មភាពការងារឆ្នាំ ២០១៩ ដែលគ្រោងនឹងធ្វើនៅ​ពីថ្ងៃទី៥ ដល់៦ ខែមីនា ឆ្នាំ២០១៩ ខេត្តប៉ៃលិន។

ក្រោយពីស្តាប់របាយការណ៍ និងបទបង្ហាញរួច ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការជួបជុំគ្នានៅថ្ងៃនេះគឺដើម្បីផ្លាស់ប្តូរមតិ និងស្វែងរក​វិធីសាស្ត្រ​ដើម្បីបន្ត​កិច្ចការងារ​ទៅមុខទៀត។ កម្ពុជាយើងដឹកនាំការប្រយុទ្ធ​នឹងជំងឺអេដស៍​បានជោគជ័យ។ ការឆ្លើយតប​ជំងឺអេដស៍​ជាពហុវិស័យ​របស់យើងជាកត្តា​ដែលនាំឱ្យ​យើងបាន​ទទួល​ជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឥឡូវនេះយើងមាន សំណាងដោយ​មានសម្តេចតេជោ​នៅពីក្រោយ​ក្នុងការជួយយើង​ផ្តល់សារអប់រំ​អំពីជំងឺអេដស៍រាល់ពេលជួបកម្មករ​ដែលចូលរួមរាប់​ម៉ឺននាក់ម្តងៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា កាលពីចុងខែមករា និងដើមខែកុម្ភៈឆ្នាំ២០១៩កន្លងទៅនេះ យើងត្រូវបានអញ្ជើញទៅ​ធ្វើជាវាគ្មិនក្នុងសន្និសីទ​ពានរង្វាន់ព្រះអង្គម្ចាស់ ម៉ាហ៊ីដុល ស្តីពីការឆ្លើយតបនឹងជំងឺមិនឆ្លង ដោយយកបទពិសោធន៍ពីការទប់ទល់​នឹងជំងឺអេដស៍ជាមេរៀន។ ការបញ្រ្ជាបកម្មវិធីអេដស៍ទៅតាមក្រសួង និងស្ថាប័នរបស់យើង នៅប្រទេសឯទៀតមិនអាចធ្វើបានទេ។ ពិភពលោកចង់ដឹងថា ហេតុអ្វីយើងធ្វើបានជោគជ័យ។ ការបញ្ចូលជំងឺអេដស៍​ទៅក្នុងគោល នយោបាយភូមិឃុំមានសុវត្ថិភាព និងការផ្តល់បណ្ណក្រីក្រដលើអ្នកផ្ទុកមេរោគអេដស៍ជាកិច្ចការដែលយើងបានខំប្រឹងប្រែងផងដែរ។ រដ្ឋាភិបាលកម្ពុជា​យើងបានគិតគូរ​ពីកុមារតូច និងស្ត្រីមានផ្ទៃពោះ។ តែយើងមិនទាន់មាន​កម្មវិធីសម្រាប់​មនុស្សធំនៅឡើយ។ អ្នកធាត់ដុះក្បាលពោះ​គឺមានបញ្ហា​ប្រឈមចំពោះ​សុខភាព។ យើងក្នុងនាមអាជ្ញាធរ ត្រូវបានគេយកជាគំរូ និងគេលើកទឹក ចិត្តយើងដោយសារយើងចាប់​ផ្តើមយកថវិកា​ជាតិមកប្រើ។ យើងត្រូវបន្តការងារពង្រឹង​សមត្ថភាព​មន្រ្តីដោយ ធ្វើការ​បណ្តុះបណ្តាល​ឱ្យបានរាល់ខែ។ មន្ត្រីទាំងអស់ត្រូវចូលរួម​ក្នុងការបណ្តុះបណ្តាល។

មុននឹងបញ្ចប់កិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំ ឱ្យថ្នាក់ដឹកនាំអាជ្ញាធរពិភាក្សា និងសិក្សារួមគ្នាដើម្បីដាក់​ចេញនូវផែនការសម្រាប់​ការអនុវត្ត តាមលិខិតជូន ដំណឹងលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០១៩ ដែលដាក់ចេញនូវវិធានការ​ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ចំនួន៦ចំណុច មុននឹងកោះ​ប្រជុំអន្តរ​ក្រសួង ដើម្បីឱ្យក្រសួង​ពាក់ព័ន្ធ និងគណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍​បានដឹងពីការងារ​ដែលត្រូវធ្វើ។ ការឯកភាព​របស់រាជរដ្ឋាភិបាល​ដូចមាន​ចែងក្នុងលិខិត​ខាងលើជា​ជោគជ័យដ៏ធំរបស់​អាជ្ញាធរជាតិ​ប្រយុទ្ធនឹងជំងឺ​អេដស៍យើង ហើយមានការងារច្រើនណាស់​ដែលត្រូវធ្វើក្នុងឆ្នាំ២០១៩នេះ។

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានណែនាំឱ្យថ្នាក់ ដឹកនាំ និងមន្រ្តីទាំងអស់មាន​ចំណែកចូលរួមក្នុងសិក្ខា សាលាស្តីពីការពិនិត្យការ​អនុវត្តការងារឆ្នាំ២០១៨ និងលើកទិសដៅ​សកម្មភាពការងារ​ឆ្នាំ ២០១៩ ឱ្យបាន ទូលំទូលាយ និងមានភាពជិតស្និទ្ធ​ជាសហការី​ដែលធ្វើការជាមួយគ្នា និងផ្លាស់ប្ដូរមតិដោយសុទ្ធិចិត្ត។