ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ៖ កម្ពុជាកំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

នៅព្រឹកថ្ងៃអង្គារ ១២រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បាន​រៀបចំ​កិច្ចប្រជុំ​ពេញអង្គ លើកទី២ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍។ជារៀងរាល់ឆ្នាំ អាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​បានរៀបចំ​កិច្ចប្រជុំពេញ​អង្គជាទៀងទាត់រាល់​៦ខែម្តង។ កិច្ចប្រជុំនៅថ្ងៃនេះ គឺ​ជា​កិច្ច​ប្រជុំ​បញ្ចប់​ឆ្នាំ២០១៨ ដែល​រៀបចំ​ឡើង​ដើម្បី​ពិនិត្យ​មើល​រួមគ្នា​នូវ​វឌ្ឍនភាព សមិទ្ធផល និង​ប្រសិទ្ធ​ភាព​នៃ​ការ​ឆ្លើយ​តប​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​៦ខែ​ចុង​ឆ្នាំ​២០១៨ និង​ធ្វើ​ការ​ពិភាក្សា​ទៅ​លើ​ចំណុចខ្វះខាត​មួយចំនួន​ដែល​ត្រូវការ​នូវ​ដំណោះស្រាយ ដោយមានវត្តមាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធានគណៈ​កម្មាធិការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងជា​ប្រធាន​លេខាធិការ​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាតំណាង​អង្គការ​សហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និង​អន្តរជាតិ សរុបប្រមាណ១៧០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ និងគោលបំណងនៃកិច្ចប្រជុំដែលថ្លែងដោយឯកឧត្តមវេជ្ជ. តែង គន្ធី អគ្គលេខា​ធិការ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​មក​ ​ឯក​ឧត្តម​ទេសរដ្ឋមន្រ្តីបាន​មានប្រសាសន៍​បើកកិច្ច​ប្រជុំ ដោយ​បញ្ជាក់​ថា ប្រទេសកម្ពុជា​យើងកំពុងតែឈរនៅលើផ្លូវត្រូវ យើងមាន​ក្តីសង្ឃឹម​ពិតប្រាកដ​ថានឹងឆ្ពោះ​ទៅរកការ​លុប​បំបាត់​ជំងឺអេដស៍នៅឆ្នាំ២០២៥។ នោះដោយសារតែប្រទេសកម្ពុជាយើងមាននូវកត្តាចាំបាច់ដ៏មានប្រសិទ្ធភាពខ្ពស់រួចទៅហើយ គឺការប្តេជ្ញាចិត្តគាំទ្រជានយោបាយដ៏ខ្ពង់ខ្ពស់របស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមជាមួយនឹងកត្តាគ្រប់គ្រាន់មួយចំនួនគឺ ៖ មានចីរភាពនៃការចូលរួមឆ្លើយតបទូលំទូលាយ និង​ពហុវិស័យ​ទៅ​នឹង​មេរោគអេដស៍ និងជំងឺអេដស៍ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ សង្គមស៊ីវិល ឯកជន បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍។ល។ មានប្រព័ន្ធ​តាម​ដាន​ការ​រាល​ដាល​មេរោគអេដស៍ និងជំងឺអេដស៍បានជាប្រចាំ មានស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្រប​សម្រួល​តែមួយ​ទាំង​នៅ​ថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ មានផែនការយុទ្ធសាស្រ្តជាតិតែមួយ និងមានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា កម្ពុជាត្រូវបានUNAIDS (កម្មវិធីរួមអង្គការសហប្រជាតិស្តីពី មេរោគអេដស៍ ជំងឺអេដស៍) ទទួល​ស្គាល់​នៅ​ឆ្នាំ​២០១៧​​ថា ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេស៧នៅលើពិភពលោក ដែលបានជោគជ័យជាងគេក្នុងការ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយ​សម្រេច​បាន​នូវ​គោលដៅ ៩០-៩០-៩០ មុនពេលកំណត់។ ជាមួយគ្នានេះ កម្ពុជាយើងក៏កំពុងដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ ដោយធ្វើជាប្រធានកិច្ចប្រជុំ ស្តីពីការពិនិត្យឡើងវិញការអនុវត្តការប្តេជ្ញាចិត្តរបស់អន្តររដ្ឋាភិបាលអាស៊ីប៉ាស៊ីហ្វិកលើបញ្ហាមេរោគអេដស៍ ជំងឺអេដស៍ សម្រាប់រយៈពេល២ឆ្នាំ គឺពីឆ្នាំ២០១៨ ដល់២០២០ និង​ជា​សម្លេង​បោះឆ្នោត​សម្រេច​មួយ​នៅ​ក្នុង​ចំណោម​២០សម្លេង​នៃ​ក្រុម​ប្រឹក្សា​ភិបាល​មូលនិធិ​សកល ដែលផ្តល់​ថវិកា​ប្រយុទ្ធនឹង​ជំងឺអេដស៍ របេង និងគ្រុនចាញ់នៅលើពិភព    លោក។
នៅក្នុងដំណាក់កាលនៃការធ្លាក់ចុះថវិកាជំនួយពីដៃគូអភិវឌ្ឍន៍នៅពាសពេញពិភពលោក និងការបង្កើនតួនាទីក្នុងភាពជាម្ចាស់ កិច្ច​ប្រជុំ​ក៏​បាន​ស្តាប់​បទ​បង្ហាញ​ពី ១) ករណីវិនិយោគសម្រាប់សង្គមស៊ីវិល (CSO Investment Case) និង​ការ​សិក្សា​ការ​គ្រប​ដណ្តប់​នៃ​មូល​និធិ​សមធម៌​លើ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ប្រជាជន​គន្លឹះ (PLHIV and KP) ដែលថ្លែងដោយវេជ្ជ. ស្រី មុនី តំណាងអង្គការ HP+ ២)  ផែនទី​បង្ហាញ​ផ្លូវ​ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​ឆ្លើយ​តបនឹង​មេរោគ​អេដស៍ និងជំងឺអេដស៍នៅកម្ពុជា ដែលថ្លែងដោយ លោកស្រី Vladanka Andreeva នាយិកាUNAIDSប្រចាំកម្ពុជា និង និង ៣) លទ្ធផលនៃការពិនិត្យឡើងវិញផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៤ (NSP IV reviewed) ដែលថ្លែងដោយឯកឧត្តមវេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
ដើម្បីធានានិរន្តរភាពក្នុងការឆ្លើយតបនឹងមេរោគអេដស៍នៅកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំខាងមុខកិច្ចប្រជុំក៏បានធ្វើការពិភាក្សា ពិគ្រោះយោបល់ និង​បាន​ដាក់​ចេញ​នូវសេចក្តី​សម្រេចចិត្ត ជាទិសដៅសកម្មភាពការងារដូចខាងក្រោម ៖
១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និង​ដាក់​ឱ្យ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំ​ទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់​ឆ្លើយ​តប​ការ​ងារ​ប្រយុទ្ធ​នឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ចូល​សកម្មភាព​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ផែនទី​ចង្អុល​ផ្លូវ​នៃ​ការ​ឆ្លើយតប​ដោយ​ចីរភាព​ទៅ​ក្នុង​ផែន​ការ​យុទ្ធ​សាស្រ្ត​ជាតិ​ទូលំ​ទូលាយ និង     ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣។
៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី​ផ្តល់​ថវិកា​អនុវត្ត​ការ​បញ្រ្ជាប​ការងារ​ប្រយុទ្ធ​នឹង​មេរោគអេដស៍ ជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍរយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ។
៤.  ក្រសួងសុខាភិបាល និងក្រសួងផែនការត្រូវកំណត់ថាអ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និង​មូល​និធិ​សមធម៌​ដែល​ធានា​ដល់​ការ​ទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។
៥. ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរ​ពេទ្យ​បង្អែក និង​មណ្ឌល​សុខភាព​មានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។
៦. ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវ​ទទួល​ស្គាល់​តួនាទី​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និង​បន្ត​គាំទ្រ​ឱ្យ​មាន​ការ​ចូល​រួម​បន្ត​ទៀត​តាម​រយ:​ការ​ផ្តល់​មូល​និធិ​ពី​រាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។
៧. ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បី​ធានា​ការ​អនុវត្ត​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​បញ្ចប់​បញ្ហា​អេដស៍​នៅ​ក្នុង​ឆ្នាំ​២០២៥។
៨. ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បី​បញ្ជ្រាប​ការ​ឆ្លើយ​តប​ការ​រាល​ដាល​មេរោគ​អេដស៍ និងជំងឺ​អេដស៍​ឱ្យ​កាន់​តែមានប្រសិទ្ធភាព និងធានាចីរភាព។



ទាញយកឯកសារពាក់ព័ន្ធ 

naaa.gov.kh/userfiles/image/download/1545902533703.rar