ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ព្រះរាជាណាចក្រកម្ពុជារំលឹកទិវានៃការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃមេរោគអេដស៍

នាថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅសាលសន្និសិទចតុមុខ ព្រះរាជាណាចក្រកម្ពុជា បានចូលរួមរំលឹក ទិវា​នៃ​ការ​ប្រយុទ្ធ​ទៅនឹង​ការឆ្លង​រាតត្បាត​នៃមេរោគអេដស៍ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នជាតិទាំងអស់ តំណាងក្រុមប្រជាពលរដ្ឋអ្នករស់នៅជាមួយ មេរោគអេដស៍ អង្គការ​ជាដៃគូ​អភិវឌ្ឍ និង តំណាងសង្គមស៊ីវិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី តំណាងដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្នមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។
ក្នុងខួបទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំទី៣០នេះ អង្គពិធីបានស្តាប់មតិចំណាប់អារម្មណ៍ របស់​តំណាង​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគអេដស៍ តំណាងស្ថាប័ន អង្គការជាដៃគូ អំពី​ស្ថានភាព​នៃ​ការ​ឆ្លងរាល​ដាលមេរោគអេដស៍ ចាប់តាំងពីមេរោគអេដស៍បានចូលមកយាយីសុខភាព និង អាយុ​ជីវិត​របស់​បងប្អូន​ប្រជាពលរដ្ឋ នៅគ្រាដែលព្រះរាជាណាចក្រកម្ពុជា បានដឹងឮអំពីមេរោគអេដស៍ ជាលើកដំបូងៗ ក៏ដូចជា​គ្រោះ​មហន្តរាយ ផលប៉ះពាល់ដោយសារមេរោគអេដស៍ និងជំងឺអេដស៍មកលើ អាយុជីវិត ប្រជាពលរដ្ឋ សង្គម និង​សេដ្ឋកិច្ច​កម្ពុជាទាំងមូល។ 
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានរាយការណ៍ជូន គណៈអធិបតី និងអង្គពីធីទាំងមូល អំពីសមិទ្ធិផល វឌ្ឍភាព នៃការប្រយុទ្ធទៅនឹងការឆ្លងរាលដាលនៃមេរោគ អេដស៍  ការ​ដោះស្រាយ​ផលប៉ះពាល់ បញ្ហាប្រឈមនានា និងទិសដៅដែលក្រសួងសុខាភិបាល  អាជ្ញាធរ ជាតិប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​បានកំណត់ ផែនការ​យុទ្ធសាស្រ្តជាតិ ជំហ៊ានការងារ និងកិច្ចខិតខំ ប្រយុទ្ធ នឹង ជំងឺអេដស៍​សំរាប់​ឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ ប្រកបដោយឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល និង ការចូលរួម ពីសំណាក់​ស្ថាប័ន​ជាតិ​ទាំងអស់ ពីគ្រប់ផ្នែកពាក់ព័ន្ធ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានថ្លែងកោតសរសើរអំពីលទ្ធផលនៃព្រះរាជាណាចក្រ កម្ពុជា​បាន​សម្រេច​បាន និងបានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋ​ទាំងអស់​ដែល​បាន​ចូលរួម​ចំណែករៀងខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការឆ្លងរាលដាល នៃមេរោគអេដស៍ និង ថែ​រក្សា​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋដែលកំពុងរស់នៅជាមួយមេរោគអេដស៍។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអបអរសាទ និងសរសើរដែលកម្ពុជាយើង បានធ្វើ អោយអត្រាឆ្លងថ្មី នៃចម្លង​មេរោគអេដស៍ បានថយចុះ ពាក់កណ្តាលចាប់តាំងពីឆ្នាំ២០១១។ ព្រះរាជា ណាចក្រកម្ពុជា ក៏បាន​ផ្តល់​ការ​ព្យាបាល​ដោយ​ឥតបង់ថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានឆ្លងមេរោគ អេដស៍។   អត្រានៃការ​គ្រប​ដណ្តប់​​នៃការ​ព្យាបាល​ដោយឱសថប្រឆាំងគឺមានកំរិតខ្ពស់ ហើយក្នុងចំណោម អ្នកជំងឺទទួល ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគអេដស៍ លទ្ធផលនៃការព្យាបាលទទួលបានលទ្ធផល ប្រសើរណាស់ ដែល​អង្គការ​សហ​ប្រជា​ជាតិ បានកោតសសើរ និងផ្តល់ពាន្តរង្វាន់ផងលើទឹកចិត្តទៀតផង។  
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានថ្លែងគាំទ្រ និងជំរុញអោយមានការគាំទ្រ និងចូលរួម ចំណែក សម្រេចទិសដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥ និងឈានទៅសម្រេចគោលដៅសូន្យបី សូន្យទី១ គ្មានការឆ្លងថ្មី សូន្យទី២ គ្មាន​ការ​ស្លាប់​ដោយ​ជំងឺអេដស៍ និង សូន្យទី៣ គ្មានការរើសអើងប្រឆាំងនឹង អ្នករស់នៅជាមួយមេរោគអេដស៍។
ក្នុង​បំណង​ឈាន​ទៅ​សម្រេច​គោលដៅទាំងអស់​ខាងលើ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី  បាន អំពាវនាវ សុំ​អោយ​មាន​ការ​ចូលរួម​បន្តទៀត ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋទូទាំង​ប្រទេស ចូល​រួម​ផ្សព្វផ្សាយ​គោលការណ៍ និង អនុវត្តទាំងអោយបានសម្រេចជោគជ័យ នូវ គោលការណ៍ បង្ការ​ខ្លួន​កុំ​អោយ​​ឆ្លង​មេរោគអេដស៍ ហើយបើសង្ស័យ​ប្រឈមនឹងការឆ្លងមេរោគអេដស៍ សូម ឆាប់ធ្វើតេស្តឈាម ឆាប់ដឹង និង ឆាប់ព្យាបាល !