ព្រះរាជាណាចក្រកម្ពុជា
Kingdom of Cambodia

ជាតិ​ សាសនា ព្រះមហាក្សត្រ
Nation Religion King

សិក្ខាសាលាពិគ្រោះយោបល់លើគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធសមិទ្ធផលនានា នៅវត្តធម្មមង្គល
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី លើកទី១០៧
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ត្រូវបានបោះឆ្នោតជ្រើសជាសមាជិកក្រុមប្រឹក្សាភិបាលមូលនិធិសាកល សំរាប់មណ្ឌលតំបន់អាស៊ីប៉ាស៊ីហ្វិក
កិច្ចប្រជុំមណ្ឌលតំណាងអាសុី ប៉ាស៊ីហ្វិក ខាងលិច នៃ ក្រុមប្រឹក្សាភិបាលមូលនិធិសាកល
Contact us now:
info@naaa.gov.kh
+855 (0)23 885 129
+855 (0)23 885 279

ភាសាខ្មែរ   English
Visitors Counter:

NAA Vistor Counter

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ៖ ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍គឺដោយសារការចូលរួមពីយើងទាំងអស់គ្នា

នៅព្រឹកថ្ងៃពុធ ១៣រោច ខែកត្ដិក ឆ្នាំច សំរឹទ្ធិសក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធ​នឹងជំងឺអេដស៍​បាន​រៀបចំ​សន្និបាត​បូកសរុបការងារឆ្នាំ២០១៨ និងលើក​ទិសដៅ​សកម្មភាព​ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ ដោយមានវត្តមានអញ្ជើញ​ចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋ​លេខាធិការ អភិបាលរងរាជធានី ខេត្ត ជាប្រធាន​គណៈកម្មា​ធិការប្រយុទ្ធ​នឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត ជាតំណាង​អង្គការ​សហប្រជាជាតិ អង្គការសង្គមស៊ីវិល ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ១៧០នាក់។
បន្ទាប់ពីស្តាប់របាយការណ៍ និងគោលបំណងនៃសន្និបាតដែលថ្លែងដោយឯកឧត្តមវេជ្ជ. តែង គន្ធី អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍មក ឯកឧត្តម​ទេសរដ្ឋមន្រ្តី​បានមានប្រសាសន៍បើក     សន្និបាត​ដោយ​បញ្ជាក់ថា ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺអេដស៍គឺកើតឡើងដោយសារការចូលរួមពីគ្រប់ ក្រសួងស្ថាប័ន​ថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល អ្នក ពាក់ព័ន្ធ និងការ​ឆ្លើយតប​ជាលក្ខណៈពហុវិស័យ។ ឯកឧត្តមបានបន្តថា កាលពីម្សិលមិញ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០១៨ បានពិភាក្សា និងអនុម័តរួចទៅហើយនូវសេចក្តីសម្រេចចំនួន៨ចំណុច ដែល​អាច​​ប្រើប្រាស់ជាទស្សនទានក្នុងការរៀបចំផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងឆ្នាំ​២០១៩​ខាងមុខ។ សេចក្តីសម្រេចចំនួន៨ចំណុចរួមមាន ៖
១.    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុ​វិស័យ​ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២.    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បញ្ចូលសកម្មភាព​ដែលបានលើកឡើង​នៅក្នុងផែនទីចង្អុលផ្លូវ​នៃការឆ្លើយតប​ដោយចីរភាព​ទៅក្នុងផែនការ​យុទ្ធសាស្រ្តជាតិ​ទូលំទូលាយ និង ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣។
៣.    អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកា​អនុវត្តការ​បញ្រ្ជាបការងារ​ប្រយុទ្ធនឹង​មេរោគអេដស៍ ជំងឺអេដស៍​ទៅក្នុងផែនការ​អភិវឌ្ឍ​រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ សង្កាត់ ។
៤.    ក្រសួងសុខាភិបាល និងក្រសួងផែនការត្រូវកំណត់ថាអ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និងមូល​និធិសមធម៌​ដែលធានា​ដល់ការទទួល​បានសេវា​ថែទាំ​សុខភាព និងការគាំពារសង្គម។
៥.    ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​មានថវិកា​ផ្ទាល់​សម្រាប់​ការងារ​ឆ្លើយតប​មេរោគអេដស៍ និងជំងឺអេដស៍។
៦.     ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួល​ស្គាល់តួនាទី​សំខាន់​របស់​អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយ:ការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាម​លទ្ធភាព​ថវិកាជាតិ។
៧.    ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥។
៨.    ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាប​ការឆ្លើយតប​ការរាលដាល​មេរោគ​អេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព។

នៅថ្ងៃនេះ យើងស្តាប់បទបង្ហាញអំពី ៖ ១) របាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តគម្រោងផែនការសកម្មភាពទូលំទូលាយ និងពហុវិស័យ​ឆ្លើយតប​ទៅនឹង​ការរាលដាល​មេរោគអេដស៍ និងជំងឺអេដស៍ប្រចាំឆ្នាំ២០១៨ ២) ទិសដៅជាគោលការណ៍ក្នុងការរៀបចំ គម្រោងផែនការយុទ្ធសាស្រ្ត៥ឆ្នាំ (២០១៩-២០២៣) និង៣) ការចូលរួមបង្ហាញនូវមេរៀនជាបទពិសោធន៍ដោយឡែក និងជាក់ស្តែង​ដែលបាន​ចងក្រង​ដោយ​សមាជិក​សមាជិកា​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះមានបទបង្ហាញពី ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងបទបង្ហាញ​ពីខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ រួមជាមួយនឹងបទបង្ហាញពីអង្គការមិនមែនរដ្ឋាភិបាលតំណាងដោយអង្គការ AHF ផងដែរ។
ក្រោយពីអង្គសន្និបាតស្តាប់នូវបទបង្ហាញរួចមក ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្នើឱ្យតំណាងគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន លើកជាសំណួរ ឬមាន​យោបល់។ ក្នុងនោះមានការលើក ឡើងអំពី​ការឆ្នៃប្រឌិត​ក្នុងការ​បញ្រ្ជាប​ការយល់ដឹង​នៅក្នុងការងារ​ប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈ ការជួប​ប្រជុំដោយ​មិនបាច់​ចំណាយ​ថវិកាច្រើន ការផ្សព្វផ្សាយតាមទំព័រអ៊ីនធឺណេត តាមបណ្តាញទំនាក់ទំនងសង្គម ផ្ទាំងផ្សព្វផ្សាយ​នៅតាមដងផ្លូវ ជាពិសេសច្រកចេញតាមផ្លូវជាតិជាដើម។
មុននឹងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានជំរុញឱ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី ខេត្ត លើកសំណើថវិកា​ទៅក្រសួងស្ថាប័ន​ផ្ទាល់ក្នុងការ​ឆ្លើយតប​នឹងមេរោគអេដស៍ ជំងឺអេដស៍ ដើម្បី​ធានា​និរន្តរភាព​ក្នុងការឆ្លើយតប​នឹងមេរោគអេដស៍នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តីបាន     សម្តែងនូវការអបអរសាទរ និងកោតសរសើរ​ចំពោះគណៈកម្មាធិការ​ប្រយុទ្ធនឹងជំងឺអេដស៍​នៅតាមក្រសួង​ដែលបាន​ទទួល​ថវិកា​យក​មកអនុវត្តកម្មវិធីរួចហើយ និងស្នើ​ឱ្យគណៈកម្មាធិការ​ដែល​មិន​ទាន់​​បានទទួលថវិកា ឬមិនទាន់បានលើកសំណើ បន្ត និងចាប់ផ្តើមលើកសំណើ។