នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម លោកជំទាវ ជាថ្នាក់នាំអាជ្ញាធរជាតិ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នថ្នាក់ជាតិ និង រដ្ឋបាលថ្នាក់ក្រោមជាតិ អស់លោក លោកស្រី ពីដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ បណ្តាញប្រជាជនគន្លឹះ និងអស់លោក លោកស្រីអតីតសកម្មជន បានប្រារព្វ ពិធីអបអរសាទរសមិទ្ធផល២៥ឆ្នាំនៃការឆ្លើយតបនឹងការរាលដាលមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាស រំលឹកថា នៅកម្ពុជាក្នុងឆ្នាំ១៩៩១ ករណីផ្ទុកមេរោគ អេដស៍ទី១ត្រូវបានរកឃើញ ២ឆ្នាំបន្ទាប់មកទៀត នៅឆ្នាំ១៩៩៣ ជាឆ្នាំដែលករណីជំងឺអេដស៍ដំបូង ត្រូវបានកំណត់រោគវិនិច្ឆ័យ។ ឆ្នាំបន្តបន្ទាប់ នៃទសវត្ស៩០ អត្រាផ្ទុកក្នុងចំណោមស្ត្រីរកស៊ីផ្លូវភេទ មានកំរិតខ្ពស់ ហើយអត្រាឆ្លង មេរោគអេដស៍ក្នុងចំណោមប្រជាជនទូទៅបានកើនឡើងជាគំហុក និង រាលដាលយ៉ាងឆាប់រហ័ស។ ប្រជាជនកម្ពុជាអ្នកដែលបានឆ្លង និងផ្ទុកមេរោគអេដស៍ បានធ្លាក់ខ្លួនឈឺ និង ស្លាប់ជាបន្តបន្ទាប់ វាជារយៈកាលមួយ ដែលកម្ពុជាបានជួប ឆ្លងកាត់ ជាមួយសេចក្តីភ័យខ្លាច តក់ស្លុត និង រើសអើងប្រឆាំងនឹងអ្នកជំងឺអេដស៍យ៉ាងខ្លាំងបំផុត។ ភាពសាហាវនៃការរាលដាល កង្វះចំណេះដឹងនិងមធ្យោបាយក្នុងការបង្ការ និងកង្វះខាតលទ្ធភាពក្នុងការព្យាបាលនាពេលនោះ បានធ្វើអោយប្រទេសកម្ពុជាយើងបាត់បង់នូវប្រជាជនក្នុងវ័យពលកម្មជាបន្តបន្ទាប់ បន្សល់ទុកនូវវិបត្តិសង្គម ការបែកបាក់គ្រួសារ កុមារកំព្រា និងភាពក្រីក្រ គួរអោយព្រួយបារម្មណ៍។ ភាពភ័យខ្លាច ការរអាលមិនហ៊ានទៅក្បែរអ្នកជំងឺ ការរើសអើង ការមាក់ងាយ និងបុរេវិនិច្ឆ័យខុសឆ្គងទៅលើឥរិយាបទផ្លូវភេទរបស់ជនរងគ្រោះ កើតមានឡើងគ្រប់ទិសទី បង្ករនូវឧបសគ្គយ៉ាងខ្លាំងក្រៃលែងក្នុងយុទ្ធនាការប្រយុទ្ធទប់ទល់នឹងជំងឺនេះ។ យើងនឹកឃើញអ្នកជំងឺអេដស៍ដែលអកុសលបានបាត់បង់ជីវិតរៀងរាល់ថ្ងៃ នៅស្ទើរគ្រប់មន្ទីរពេទ្យដែលយើងទៅដល់។ យើង ស្រមៃឃើញការបូជាសពអ្នកជំងឺអេដស៍ជារៀងរាល់ថ្ងៃជាមួយនឹងទំនួញសោកស្តាយរបស់សាច់ញាតិ និងកូនកំព្រាដែលមិនបានដឹងរឿងអ្វីនៅឡើយ។
អស់រយៈកាល២៦ឆ្នាំកន្លងទៅនេះ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសមួយពោពេញទៅដោយសោកនាដកម្ម ស្លាប់ និរាសព្រាត់ប្រាស់សាជាថ្មី បន្ទាប់ពីរបបខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ និង សង្គ្រាមស៊ីវិល។
ការរីកចម្រើននៃមធ្យោបាយបង្ការការឆ្លង ការរកឃើញថ្នាំព្យាបាលនិងលទ្ធភាពពង្រីកវិសាលភាពនៃការព្យាបាលក្នុងល្បឿនលឿន ព្រមទាំង ការគាំទ្រខាងនយោបាយយ៉ាងមុតមាំនៃថ្នាក់ដឹកនាំកំពូលរាជរដ្ឋាភិបាលក្នុងការទទួលយកបច្ចេកវិទ្យាថ្មីៗ ធ្វើអោយប្រទេសកម្ពុជាយើងអាចកាត់បន្ថយការឆ្លងថ្មីពីរាប់សិបនាក់ក្នុងមួយថ្ងៃ មកនៅត្រឹមប្រហែល២ទៅ៣នាក់ក្នុង១ថ្ងៃនាពេលបច្ចុប្បន្ន។
មគ្គុទេសភាព ការដឹកនាំ ការគាំទ្រខាងនយោបាយ និង យុទ្ធសាស្រ្តសព្វជ្រុងជ្រោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា បានពង្រឹងនូវកិច្ចសហការអន្តរវិស័យក្នុងការឆ្លើយតបនឹងការរីករាលដាលមេរោគអេដស៍។ ការសិក្សាមួយរបស់អង្គការ UNAIDS បង្ហាញថា ប្រទេសកម្ពុជាបានឈរក្នុងលំដាប់ជួរមុខគេបង្អស់ ក្នុងការបញ្ចៀសមនុស្សមិនឱ្យឆ្លងមេរោគអេដស៍ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយក្នុងរយ:កាល២៦ឆ្នាំកន្លងទៅ យើងបានបញ្ចៀសមនុស្ស៩សែននាក់មិនឱ្យឆ្លងមេរោគអេដស៍ និងបញ្ចៀសមនុស្ស៦សែននាក់មិនឱ្យស្លាប់ដោយសារជំងឺអេដស៍។
បើទោះបីជាមានការថយចុះយ៉ាងច្រើនក្តី អត្រាមរណៈភាពក្នុងចំណោមអ្នកជំងឺអេដស៍នៅមានកម្រិតខ្ពស់គួរអោយកត់សម្គាល់ ដែលទាមទារនូវការយកចិត្តទុកដាក់មន្ថែមទៀតក្នុងការកែលម្អរប្រសិទ្ធិភាពនៃការព្យាបាល។ ក៏យើងនៅមានបញ្ហាប្រឈមរាប់មិនអស់ បញ្ហាធនធានចំណាយ ប្រយុទ្ធនឹង ជំងឺអេដស៍បានបន្តធ្លាក់ចុះជាលំដាប់។ ការឆ្លើយតបជាពហុវិស័យ និងសមាហរណកម្ម នៃកម្មវិធី ប្រយុទ្ធ និងឆ្លើយតបទៅនឹងមេរោគអេដស៍និងជំងឺអេដស៍ ត្រូវតែធ្វើជាបន្ត ស្របតាមផែនការ យុទ្ធសាស្រ្តជាតិ លើកទីប្រាំ ២០១៩ ដល់២០២៥ និងស្របតាមផែនទីបង្ហាញផ្លូវ សំរាប់និរន្តរភាព និងកិច្ចខិតខំសម្រេចជោគជ័យ ស្វែងរកករណីថ្មីៗថែមទៀត រួចបញ្ជូនទៅទទួលការព្យាបាលដោយ ឱសថប្រឆាំងមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណសារជាថ្មី និងបានផ្តលជូននូវប័ណ្ណសសើរ ជូនដល់សមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កម្មវិធីរួមអង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ អង្គការUNAIDS ដៃគូអភិវឌ្ឍទាំងអស់ មូលនិធិសកល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ផ្នែកឯកជន សិល្បៈករសិល្បៈការិនី បណ្តាញអ្នកផ្ទុកមេរោគអេដស៍ បណ្តាញប្រជាជនគន្លឹះទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការសម្រេចបាននូវសមិទ្ធផលជាទីមោទនៈជូនប្រទេសកម្ពុជានាពេល កន្លងមកនេះ។